ជាតិ
មេរៀន​ពី​ឆ្នាំ ២០២០៖ ដល់​ពេលដែល​ត្រូវ​ចាប់យក​សេដ្ឋកិច្ច​វិលជុំ​
08, Nov 2020 , 4:07 pm        
រូបភាព
​ក្នុងឆ្នាំនេះ មនុស្សជាតិ​ប្រឈម​នឹង​វិបត្តិ​ធំៗ​ចំនួន ២៖ ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ភ្លើង​ឆេះ​ព្រៃ​ដែល​រាលដាល​នៅ​ទូទាំង​សកលលោក​។

 
​មាន​ភស្តុតាង​ជាក់ច្បាស់​មួយ​ចំ​នួ​ដែល​បាន​បង្ហាញថា ជំងឺ​កូ​វីដ​-១៩ មាន​ប្រភពពី​ពពួកសត្វ​ប្រចៀវ ដែល​ចម្លង​មេរោគ​មកកាន់​មនុស្ស តាមរយៈ​ភ្នាក់ងារចម្លងមេរោគ​។ ដូចគ្នា​នឹង​ភ្លើង​ឆេះ​ព្រៃ​ដែរ ការកើនឡើង​នូវ​កំដៅ​ក្នុង​សកលលោក បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ទូទាំង​ពិភពលោក​។ 
 
​ប្រសិនបើ​យើង​គិត​ឡើងវិញ នោះ​យើង​នឹង​កត់សម្គាល់​ឃើញថា ឫសគល់​ដែលជា​ដើមចម​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ទាំងពីរ​ខាងលើនេះ គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយនឹង​របៀប​ដែល​យើង​ធ្វើ​អន្ត​រកម្ម​ជាមួយ បរិស្ថាន​របស់​យើង​។ ឧប្បត្តិហេតុ​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន​ដែល​ពឹង​ផ្អែកលើ​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​ជីវចម្រុះ គឺ​ពុំមាន​ចីរភាព ហើយក៏​ពុំមាន​សុវត្ថិភាព​នោះដែរ​។ 
 
​ដូច្នេះ ការឆ្លើយតប​ចំពោះ​បញ្ហា​បរិស្ថាន​សំខាន់ៗ​ទាំង ពីរ ខាងលើនេះ គឺជា​រឿង​ដែល​ចាំបាច់​ត្រូវធ្វើ​ជាបន្ទាន់​។  
 
​ទីមួយ ការប្រែប្រួល​អាកាសធាតុ​៖ បើតាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ដោយ​អង្គការ​ឧតុនិយម​ពិភពលោក មាន​ហានិភ័យ​ដ៏​ខ្ពស់​ដែលថា​កំដៅ​ភពផែនដី​អាច​កើន​លើសពី​ចំណុច​ដៅ ១,៥ អង្សា​សេ លើសពី​កម្រិត​មុន​ឧស្សាហកម្ម ក្នុង​រយៈពេល​ប្រាំ ឆ្នាំ​ទៀត​។ សម្រាប់​ភពផែនដី​ទាំងមូល កំណើន​សីតុណ្ហភាព​បន្ថែមទៀត ទោះជា​នៅក្នុង​កម្រិត​ណាក៏ដោយ នឹងធ្វើ​ឲ្យ​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយសារ​អាកាសធាតុ​កាន់​តែមាន​កម្រិត​ធ្ងន់ធ្ង​រ ដូចជា បង្ក​ឲ្យ​មាន​ខ្យល់ព្យុះ​ដែល​បោកបក់​កាន់តែខ្លាំង​ក្លា​ជាង​មុន គ្រោះទឹកជំនន់​កាន់តែ​ធំ​ជាង​មុន ការកើនឡើង​នូវ​កម្ពស់​ទឹកសមុទ្រ គ្រោះរាំងស្ងួត​កាន់តែ​ធ្ងន់ធ្ងរ និង​ការកើនឡើង​នូវ​ករណី​ភ្លើង​ឆេះ​ព្រៃ ដូចដែល​យើងទាំងអស់គ្នា​បាន​សង្កេតឃើញ​កន្លងមក​នេះ​។ 
 
​ទី​ពីរ ការប្រើប្រាស់​ធនធានធម្មជាតិ​ដែល​ពុំមាន​និរន្តរភាព​៖ បើតាម​គណៈកម្មាធិការ​ធនធាន​អន្តរជាតិ មានការ​ទាញយក​ធន​ធាន​ធម្មជាតិ​បឋម​ជាង ៩០ កោដ​លាន​តោន ជា​រៀងរាល់ឆ្នាំ​។ ប្រការនេះ ដាក់​សម្ពាធ​ដ៏​ច្រើន​លើសលុប​លើ​ធនធានធម្មជាតិ និង​លើ​ប្រព័ន្ធ​អេកូឡូស៊ី​។ ការបាត់បង់​ជីវៈចម្រុះ និង​ការដាក់​សម្ពាធ​លើ​ធនធានទឹក ៩០ ភាគរយ មាន​ភាព​ពាក់ព័ន្ធ​ជាមួយនឹង​ការទាញយក​ធនធាន​ទាំងនេះ​។ ឥឡូវនេះ គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា យើង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ផុត​ពូជ​ជា​ទ្រង់ទ្រាយ​ធំ​លើក​ទី ៦ ដោយសារ​កត្តា​មនុស្ស​តែមួយ​មុខ​គត់​។ ក្រៅតែពី​ការបំផ្លិចបំផ្លាញ​អេកូឡូស៊ី ក៏ដូចជា​ពពួកសត្វ រុក្ខជាតិ​ក្នុង​ចំនួន​រាប់មិនអស់ ការទាញយក​ធនធាន និង​ការ​ចោល​សំណល់​ដែល​ពុំមាន​និរន្តរភាព នាំ​ឲ្យ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​បញ្ហា​បំពុលបរិស្ថាន និង​បញ្ហា​សំណល់​។ 
 
​ដើម្បី​ធានា​និរន្តរភាព​បរិស្ថាន​ដ៏​សំខាន់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ដើម្បី​ធានា​នូវ​អនាគត​ដែលមាន​សុវត្ថិភាព យើង​ត្រូវតែ​ធ្វើការ​កែប្រែ​របៀប​ដំណើរការ​សេដ្ឋកិច្ច​របស់​យើង របៀប​ដែល​យើង​ប្រើប្រាស់​វត្ថុធាតុដើម​នានា និង​របៀប​ដែល​យើង​បង្កើត​សំណល់​ចោល​។ 
 
​គំរូ​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ននេះ មាន​លក្ខណៈ​ជា​ខ្សែ​ត្រង់​។ គំរូ​ទាំងនេះ​ចាប់ផ្ដើម​ជាមួយនឹង​ការទាញយក​ធនធាន បំ​លែង​ជា​ផលិតផល​យកមកប្រើ​ប្រាស់ និង​ចុងក្រោយ បង្កើតជា​សំណល់​។ 
 
​សេដ្ឋកិច្ច​វិលជុំ គឺជា​គំរូ​សេដ្ឋកិច្ច​ដែលមាន​លក្ខណៈខុស​ពីនេះ ព្រោះថា​គំរូ​បែបនេះ​ព្យាយាម​ញែក​កំណើនសេដ្ឋកិច្ច​ចេញពី​ផលប៉ះពាល់​អវិជ្ជមាន​លើ​បរិស្ថាន តាមរយៈ​ការភ្ជាប់​វដ្ត​ន៍​នៃ​ច្រវាក់​តម្លៃ​ទាំងមូល​។ គំរូ​សេដ្ឋកិច្ច​បែបនេះ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​វត្ថុធាតុដើម​ប្រកបដោយ​និរន្តរភាព និង​ការប្រើប្រាស់​ថាមពល​ស្អាត ថាមពល​កកើត​ឡើងវិញ ដូចជា ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពលខ្យល់​ជាដើម​។ គំរូ​សេដ្ឋកិច្ច​វិលជុំ ក៏​ជំរុញ​ឲ្យ​មានការ​បង្កើន​ប្រសិទ្ធភាព​សម្រាប់​ផលិតកម្ម និង​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។ វា​ជំរុញ​ឲ្យ​មានការ​កែច្នៃ​វត្ថុធាតុដើម និង​ការទាញយក​ថាមពល​ម​ក​ប្រើប្រាស់​ឡើងវិញ​ប្រកបដោយ​ប្រសិទ្ធភាព​។ 
 
​ការអនុវត្ត​ជាទូទៅ​នូវ​គំរូ​សេដ្ឋកិច្ច​វិលជុំ ធានា​ឲ្យ​មានការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ និរន្តរភាព និង​ការការពារ​ជីវចម្រុះ តាមរយៈ​ការកាត់បន្ថយ​បាន​យ៉ាងច្រើន​នូវ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​ថាមពល​។ គំរូ​សេដ្ឋកិច្ច​បែបនេះ ក៏​កាត់បន្ថយ​បរិមាណ​សំណល់ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការបំពុល​ខ្យល់​ផងដែរ​។ លើសពីនេះ គំរូ​សេដ្ឋកិច្ច​វិលជុំ បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​អាជីវក​ម្ម និង​សេដ្ឋកិច្ច​ទាំងមូល​។ គេ​ក៏​អាចបង្កើត​ការងារ​ថ្មីៗ តាមរយៈ​ការអភិវឌ្ឍ​នូវ​ច្រវាក់​គុណ​តម្លៃ​ថ្មីៗ ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ វិស័យ​កែច្នៃ​សំរាម វិស័យ​ទាញយក​ថាមពល​មកប្រើប្រាស់​ឡើងវិញ និង​វិស័យ​ដទៃទៀត​។ 
 
​សេដ្ឋកិច្ច​វិលជុំ ក៏មាន​សក្ដានុពល​ខ្ពស់ ក្នុងការ​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​បរិស្ថាន និង​សេដ្ឋកិច្ច​ផងដែរ​។ គំរូ​សេដ្ឋកិច្ច​បែបនេះ​អាច​ត្រួស​ត្រាយផ្លូវ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សម្រាប់​បណ្ដា​ប្រទេស​គ្រប់​កម្រិត​នៃ​ប្រាក់ចំណូល​ទាំងអស់ រួមទាំង​ប្រទេស​កំពុង​អភិវឌ្ឍ ដូចជា ព្រះរាជាណាចក្រ​កម្ពុជា​ជាដើម​។ 
 
​បច្ចុប្បន្ននេះ ប្រទេស​ជាច្រើន​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​រៀបចំ ឬ​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​វិលជុំ​។ គោលដៅ​សំខាន់​គឺ​ដើម្បី​ងាក​ចេញពី​អភិក្រម​សេដ្ឋកិច្ច​បែប​បន្ទាត់​ត្រង់ ហើយ​ក្នុងពេល​ជាមួយគ្នា បង្ក​ភាពងាយស្រួល​ឲ្យ​មានការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ដោយមាន​ការគិតគូរ​ពី​បរិស្ថាន (green recovery) ចេញពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បង្ក​ការបំផ្លិចបំផ្លាញ​។ 
 
​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បានប្រកាស​ពី​កិច្ចព្រមព្រៀង​បៃតង (Green Deal) ដែល​នឹងធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយជា​ទ្វីប​ដំបូង​គេ ដែលមាន​កម្រិត​បញ្ចេញ​ឧស្ម័ន​ទៅក្នុង​បរិយាកាស​សូន្យ (climate-neutral) ត្រឹម​ឆ្នាំ​២០៥០​។ ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​ដ៏​សំខាន់ និង​ប្រកបដោយ​មហិច្ឆតា​បែបនេះ មានការ​សន្យាថា​នឹង​ផ្តល់​ថវិកា​ចំនួន ១ ពាន់​លាន​អឺរ៉ូ សម្រាប់​ការស្រាវជ្រាវ និង​នវានុវត្តន៍ ជាការ​ឆ្លើយតប​ចំពោះ​វិបត្តិ​អាកាសធាតុ និង​យកចិត្តទុកដាក់​ចំពោះ​ការការពារ​បរិស្ថាន ហើយ​ក្នុងពេល​ជាមួយគ្នា លើកកម្ពស់​ការបង្កើត​ការងារ និង​គុណភាព​នៃ​ការអភិវឌ្ឍ​។ ស្នូល​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​ការធ្វើ​អន្តរកាល​របស់​អឺរ៉ុប ទៅរក​សេដ្ឋកិច្ច​វិលជុំ​។ 
 
​ដូចគ្នានេះដែរ ព្រះរាជាណាចក្រ​កម្ពុជា ក៏​កំពុង​រៀបចំ​ការឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ចំពោះ​ស្ថានភាព​អាសន្ន​ផ្នែក​អាកាសធាតុ​។ ព្រះរាជាណាចក្រ​នេះ​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​សេដ្ឋកិច្ច​វិលជុំ ដូច​លើកឡើង​ក្នុង​របាយការណ៍​ស្ដីពី​ការរួមចំណែក​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ (NDCs) ដោយមាន​ការគាំទ្រ​ពី​ប្រទេស​ស៊ុយអែត សហភាព​អឺរ៉ុប និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ។ យុទ្ធសាស្ត្រ​នេះ​បានដាក់​ចេញ​នូវ​គោលដៅ​សំខាន់ៗ​ជាច្រើន ដែល​ក្នុងនោះ​មាន​គោលដៅ​មួយ គឺ​នឹង​ជួយ​ព្រះរាជាណាចក្រ​នេះ​ក្នុងការ​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ការរេចរឹល​នៃ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ បញ្ហា​កង្វះ​ថាមពល ការបន្ត​កើនឡើង​នូវ​បរិមាណ​សំណល់ និង​ការកើនឡើង​នូវ​ការបំពុល​ខ្យល់ ហើយ​ក្នុងពេល​ជាមួយគ្នា វា​ក៏​ជួយ​បង្កើត​ការងារ​ឲ្យ​បាន​កាន់តែច្រើន និង​កាន់តែ​ប្រសើរ ក៏ដូចជា ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​របស់ខ្លួន​។ 
 
​ការចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព​ពី​គ្រប់​ប្រទេស និង​អ្នកពាក់ព័ន្ធ​ទាំងអស់​មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​ការស្ដារ​ឡើងវិញ ដោយមាន​ការគិតគូរ​ពី​បរិស្ថាន និង​ការធ្វើ​អន្តរ​កម្ម​ទៅរក​សេដ្ឋកិច្ច​វិលជុំ​។ 
 
​រដ្ឋាភិបាល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការកសាង​នូវ​បរិយាកាស​អំណោយផល ដើម្បី​ជំរុញ​ឲ្យ​មានការ​ងាក​ទៅរក​ការប្រើប្រាស់ និង​ផលិតកម្ម​ប្រកបដោយ​និរន្តរភាព​។ រដ្ឋាភិបាល​អាចបំពេញ​តួនាទី​នេះ តាម រយៈ​ការដាក់ចេញ​នូវ​លិខិតបទដ្ឋាន​គតិ​យុត្ត និង​ការផ្ដល់​ការលើកទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដូចជា ហិរញ្ញប្បទាន និង​លទ្ធកម្ម​បៃតង​ជាដើម​។ 
 
​វិស័យ​ឯកជន​ត្រូវ​ដឹកនាំ​នវានុវត្តន៍ កៀរគរ​ទុន​សម្រាប់​វិនិយោគ និង​ផ្លាស់ប្តូរ​គំរូ​ធុរកិច្ច​របស់ខ្លួន​។ ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍  និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក៏មាន​សារៈសំខាន់​ដែរ ដើម្បី​ជួយ​សម្រួល និង​ព​ន្លឿ​ន​ការវិនិយោគ ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​សេដ្ឋកិច្ច​វិលជុំ​ផងដែរ​។ 
 
​គ្រឹះស្ថានស្រាវជ្រាវ មាន​តួនាទី​សំខាន់​ក្នុងការ​បង្កើត និង​ចែក​ចំណេះដឹង និង​ការកសាង សមត្ថភាព​ដែល​ចាំបាច់ សម្រាប់​អនុវត្ត​អភិក្រម​សេដ្ឋកិច្ច​វិលជុំ​។ 
 
​ដើម្បី​ធានា​ឲ្យ​មានការ​ផ្លាស់ប្តូរ​យូរអង្វែង ជាការ​សំខាន់​ណាស់​ដែល​ប្រជាពលរដ្ឋ​ត្រូវ​យល់​ពី​ទំនាក់ទំនង​រវាង​សកម្មភាព​របស់​ពួកគេ និង​ផលប៉ះពាល់​មកលើ​បរិស្ថាន​។ មានតែ​តាមរយៈ​វិធី​នេះ​តែប៉ុណ្ណោះ​ដែល​ពួកគេ​អាច​ចាប់យក​នូវ​ទម្លាប់​រស់​នៅ​ដែល​ធានាបាន​នូវ​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព និង​រៀបចំ​អនាគត​ប្រកបដោយ​និរន្តរភាព​សម្រាប់​ប្រទេសជាតិ​របស់​ពួកគេ ក៏ដូចជា សម្រាប់​ភពផែនដី​ទាំង  មូល​។ 
 
​ការប្រយុទ្ធប្រឆាំង​ទៅនឹង​បញ្ហា​ប្រឈម​ដ៏​សែន​អាប់អួរ ដែល​បង្កឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ មិនមែនជា​រឿង​ដែល​ងាយស្រួល​នោះឡើយ​។ ប៉ុន្តែ​ប្រសិនបើ​យើងទាំងអស់គ្នា​ប្ដេជ្ញា​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ដោយ​គិតគូរ​ពី​បរិស្ថាន និង​ចាប់យក​គំរូ​សេដ្ឋកិច្ច​វិលជុំ យើង​ពិតជា​អាច​ធានាបាន​នូវ​អនាគត​ប្រកបដោយ​និរន្តរភាព និង​បវរ​រុងរឿង​ជាមិនខាន​។ 
 
​អត្ថបទ​ដោយ​៖
 
•​ ​Nick Beresford អ្នកតំណាង​និវេសនដ្ឋាន​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​
•​ ​បណ្ឌិត Moeko Saito Jensen អ្នកឯកទេស​ផ្នែក​គោលនយោបាយ​បរិស្ថាន UNDP ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​
•​ ​Carmen Moreno ឯកអគ្គរដ្ឋទូត ប្រធាន​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា 
•​ ​លោក ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com