អន្តរជាតិ
លោក មូន ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ស​ម្ព័​ន្ធ​មិត្ត​កូរ៉េខាងត្បូង​-​អាមេរិក ក្រោម​រដ្ឋបាល​លោក បៃ​ឌិន​
09, Nov 2020 , 10:19 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា បាន​សន្យាថា នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​ជាមួយ​ប្រធានាធិបតី​អាមេរិក​ថ្មី ដែល​គ្រោង​នឹង​ចូលកាន់​តំណែង​ចាប់ពី​ខែមករា ឆ្នាំ​២០២១ តទៅ​។ ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ប្តេ​ជាការ​ពារ​មិន​ឲ្យ​មាន​ចន្លោះប្រហោង​ឡើង​ក្នុង​សម្ព័ន្ធមិត្ត​ទាំងពីរ​។

 
​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ជំនួយការ​ជាន់ខ្ពស់​រប​ស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae ប្រមុខរដ្ឋ​កូរ៉េខាងត្បូង លោក​មូ​ន ចេ​អ៊ី​ន បាន​លើកឡើងថា​៖ « កូរ៉េខាងត្បូង នឹង​ធានាថា នឹង​មិនមាន​ភាពខ្វះ​ចន្លោះ​ណាមួយ​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ម្ព័​ន្ធ​មិត្ត​អាមេរិក​-​កូរ៉េខាងត្បូង និង​ដំណើរការ​សន្តិភាព​លើ​ឧបទ្វីប​ឡើយ​»​។ 
 
​ក្នុងន័យនេះ កូរ៉េខាងត្បូង នឹង​បង្កើន​ទំនាក់ទំនង​ពហុ​វិស័យ​ជាមួយ​អាមេរិក ក្នុង​រដ្ឋបាល​របស់លោក ចូ បៃ​ឌិន ដែល​គ្រោង​ចូលកាន់​តំណែង​នៅ​ខែមករា ឆ្នាំ​២០២១​ខាងមុខនេះ​។ បន្ថែម​ពីលើ​នេះ លោក មូ​ន ក៏បាន​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​កូរ៉េខាងត្បូង​-​អាមេរិក ឲ្យ​មាន​កាន់តែ​រឹងមាំ និង​បន្ត​អភិវឌ្ឍ​ការផ្សារភ្ជាប់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap កូរ៉េខាងត្បូង នឹង​សហការ​ជាមួយ​រដ្ឋបាល​ប្រធានាធិបតី​ទី​៤៦ របស់​អាមេរិក​លើ​គុណ​តម្លៃ​រួមគ្នា ដូចជា​លទ្ធិប្រជាធិបតេយ្យ សន្តិភាព សិទ្ធិមនុស្ស កិច្ចសហប្រតិបត្តិការ​ពហុភាគី ការរួបរួម​ជា​អន្តរជាតិ និង​ជាពិសេស​ការប្រយុទ្ធប្រឆាំង​COVID-19 និង​ការ​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។ 
 
​ចំណែក​ក្នុង​វិស័យសេដ្ឋកិច្ច​វិញ លោក មូ​ន បាន​លើកឡើងថា កូរ៉េខាងត្បូង នឹង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​សេដ្ឋកិច្ច​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន ឲ្យ​កាន់តែ​ធំ​ជាង​មុន នៅក្នុង​អាណត្តិ​របស់លោក បៃ​ឌិន ផងដែរ​។​
 
​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​កន្លងទៅ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ ក៏បាន​ចេញ​សារ​អបអរសាទរ​លោក បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ផងដែរ បន្ទាប់ពី​លោក ត្រូវបាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក​។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ពិធី​ប្រគល់​តំណែង​ប្រធានាធិបតី​អាមេរិក នឹងធ្វើ​ឡើង​នៅ​ចុងខែ​មករា ឆ្នាំ​២០២១ ខាងមុខនេះ​៕ 

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com