អន្តរជាតិ
និស្សិត​បរទេស​ទន្ទឹង​រង់ចាំ​ទិដ្ឋាការ​ដែលមាន​ស្ថិរភាព​សម្រាប់​ការសិក្សា​របស់គេ​ក្នុង​សហរដ្ឋអាមេរិក​
09, Nov 2020 , 7:59 pm        
រូបភាព
​និស្សិត​បរទេស​នាំគ្នា​ដើរ​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ Brigham Young ក្នុង​ក្រុង Provo រដ្ឋ Utah​។​
​និស្សិត​បរទេស​នាំគ្នា​ដើរ​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ Brigham Young ក្នុង​ក្រុង Provo រដ្ឋ Utah​។​
ដោយ: VOA
​និស្សិត​អន្តរជាតិ ដែល​កំពុង​សិក្សា​ក្នុង​សហរដ្ឋអាមេរិក ដែល​ស្ថានភាព​នៃ​ការសិក្សា និង​អន្តោប្រវេសន៍​របស់ខ្លួន មានការ​ផ្លាស់ប្តូរ​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី Donald Trump នោះ បាន​លើកឡើងថា ពួកគេ​សង្ឃឹមថា ការ​ស្នាក់នៅ​និង​ការសិក្សា​របស់គេ​ក្នុង​សហរដ្ឋអាមេរិក នឹងមាន​ស្ថិរភាព ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​លោក Joe Biden ។​

 
​និស្សិត​មួយរូប​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​ឈ្មោះ Roman Ivasiy (​រ៉ូ​មែន អ៊ី​វ៉ា​ស៊ី​) ដែល​កំពុង​សិក្សា​ក្នុង​សាកលវិទ្យាល័យ Georgia State និយាយថា ខ្ញុំ​ជឿជាក់ថា និស្សិត​អន្តរជាតិ នឹងមាន​ស្ថិរភាព​ច្រើន​ក្នុងការ​សិក្សា​របស់គេ​ក្នុង​សហរដ្ឋអាមេរិក ជាពិសេស​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នៅពេលដែល​កម្មវិធីសិក្សា​របស់គេ​ភាគច្រើន បានធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ​។​
 
​ជំងឺ​រាតត្បាត​កូ​វីដ​១៩ បានធ្វើ​ឲ្យ​សាលារៀន និង​សាកលវិទ្យាល័យ​ជាច្រើន​នៅ​ទូទាំង​សហរដ្ឋអាមេរិក ត្រូវ​បិទទ្វារ ចាប់តាំងពី​ខែមីនា​មក ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​និស្សិត​បរទេស​ដែល​កំពុង​សិក្សា​ក្នុង​សហរដ្ឋអាមេរិក និង​ប្រឈម​ការបាត់បង់​ទិដ្ឋាការ​សិក្សា​របស់គេ​ផងដែរ​។​
 
​និស្សិត​បរទេស កំពុង​ប្រឈម​ការផ្លាស់ប្តូរ​គោលការណ៍​នៃ​ទិដ្ឋាការ​សិក្សា​របស់គេ​ក្នុងឆ្នាំនេះ ក្រោម​រដ្ឋបាល​របស់លោក Trump ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់ និង​បង្កើត​ភាពមិនច្បាស់លាស់​ដល់​និស្សិត​បរទេស​រាប់លាន​នាក់ ដែល​កំពុង​សិក្សា​ក្នុង​សហរដ្ឋអាមេរិក ថា​តើ​គេ​អាច​បន្ត​ការសិក្សា​នៅទីនេះ ដោយ​គ្មាន​ការអាក់ខាន​ឬ​យ៉ាងណា​នោះ​។ 
 
​កាលពី​ខែកញ្ញា ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក បានស្នើ​ឲ្យ​មាន​គោលការណ៍​ថ្មី​មួយ​ដោយ​ដាក់​កម្រិត​រយៈពេល​នៃ​ប្រភេទ​ទិដ្ឋាការ F ឬ J សម្រាប់​និស្សិត​បរទេស ឲ្យ​មាន​រយៈពេល​តែ ៤ ឆ្នាំ​ប៉ុណ្ណោះ ទោះបីជា​កម្មវិធីសិក្សា​ជាច្រើន​មាន​រយៈពេល​វែង​ជាង​នេះ​ក៏ដោយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com