អន្តរជាតិ
បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ប្រកាស​ពី​ជ័យជម្នះ ខណៈ​លទ្ធផល​ផ្លូវការ​មិនទាន់​ប្រកាស​
09, Nov 2020 , 5:16 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា បាន​អះអាងថា ខ្លួន​បានឈ្នះ​កៅអី​គ្រប់គ្រាន់​នៅក្នុង​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​។ យ៉ាងណាក៏ដោយ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហព័ន្ធ​មី​យ៉ាន់​ម៉ា មិនទាន់​ប្រកាស​លទ្ធផល​ផ្លូវការ​នៅឡើយ​ទេ​។

 
​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters លោក​Myo Myunt អ្នកនាំពាក្យ​បក្ស សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែលជា​បក្ស​កាន់អំណាច​របស់​មី​យ៉ាន់​ម៉ា បាន​អះអាងថា បក្ស​របស់លោក បាន​កាន់កាប់​កៅអី​៣២២ នៅក្នុង​សភា​សហព័ន្ធ​ហើយ​។ លោក​បញ្ជាក់​បែបនេះ​ដោយយោង​តាម​លទ្ធ​ផលប​ថម​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មិនទាន់បាន​ប្រកាស​លទ្ធផល​សរុប​ផ្លូវការ​នៅឡើយ​ទេ​។ 
 
​ប៉ុន្តែ​បើតាម​ទិន្នន័យ​របស់​សារព័ត៌មាន​ក្នុងស្រុក The Irrawaddy គិត​ត្រឹម​ម៉ោង ៥​ល្ងាច បក្ស​កាន់អំណាច​របស់លោក​ស្រី អ៊ុន​សាន ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា បានទទួល​អាសនៈ​សភា​ជាន់​ទាប ៤៨​កៅអី សភា​ជាន់ខ្ពស់ ២​កៅអី​, សភា​រដ្ឋ និង​តំបន់ ទទួលបាន​ចំនួន ៩៣​កៅអី​ហើយ​។ ចំនួន​កៅអី​សភា​នេះ នឹង​កើនឡើង​បន្តទៀត​។ 
 
​លទ្ធផល​សរុប​ផ្លូវការ ត្រូវ​រំពឹងថា អាច​ប្រកាស​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។ នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅ បក្ស​NLD ទទួលបាន​កៅអី​សភា​សហព័ន្ធ​រហូតដល់​៣៩០​ឯណោះ​។ សភា​សហព័ន្ធ រួមមាន​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់​ប​ញ្ជូ​ល​គ្នា និង​អាច​ជ្រើសរើស​ប្រធានាធិបតី​។ ក្នុង​នីតិវិធី​រើស​ប្រធានាធិបតី​នេះ សភា​ជាន់​ទាប ត្រូវដាក់​បេក្ខជន​ឈរឈ្មោះ​ម្នាក់ សភា​ជាន់ខ្ពស់ ត្រូវដាក់​បេក្ខជន​ដូចគ្នា ខណៈ​បេក្ខជន​ប្រធានាធិបតី​មួយរូប​ទៀត គឺ​តំណាង​ដោយ​យោធា​។ 
 
​ប្រសិនបើ​បេក្ខជន​រូប​ណា ទទួលបាន​សំឡេង​ច្រើនជាងគេ​នៅក្នុង​សភា​សហព័ន្ធ អ្នកនោះ នឹង​ក្លាយជា​ប្រធានាធិបតី ចំណែក​អ្នកទទួលបាន​សំឡេង​បន្ទាប់ពីនោះ នឹងធ្វើ​ជា​អនុ​ប្រធានាធិបតី​ទី​១ និង​ទី​២ ទៅតាម​លំដាប់​នៃ​សំឡេង​ទទួលបាន​។ 
 
​បក្ស​សាមគ្គី​និង​អភិវឌ្ឍ​សហភាព ដែលជា​បក្សប្រឆាំង​ធំជាងគេ​របស់​មី​យ៉ាន់​ម៉ា និង​មាន​យោធា​នៅ​ពីក្រោយ មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទេ ជុំវិញ​ការលើកឡើង​របស់​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ 
 
​សូមបញ្ជាក់ថា ក្នុងការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០២០ មាន​ប្រជាជន​ប្រមាណ ៣៨​លាន​នាក់ មាន​សិទ្ធិ​បោះឆ្នោត​។ ចំណែក​បក្សនយោបាយ​មាន​ជិត​៩០ ឈរ​ឈ្នោះ ដើម្បី​ដណ្តើម​កៅអី​សភា​ជាន់ខ្ពស់​ចំនួន ១៦១ កៅអី​ជាន់​ទាប់​ចំនួន ៣១៥ កៅអី​សភា​តំបន់​ចំនួន ៦១២ និង​តំណែង​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ជនជាតិភាគតិច​ចំនួន ២៩​កន្លែង​៕ 

Tag:
 ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com