COVID-19
ជាតិ
អគារ​ចំនួន​៦ សម្រាប់​គ្រូពេទ្យ និង​អ្នក​ច​ត្តា​ឡី​ស័ក នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​នេះ​
09, Nov 2020 , 10:39 pm        
រូបភាព
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង រដ្ឋមន្រី្តក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះពិនិត្យការដ្ឋានអគារចត្តាឡីស័ក នៅថ្ងៃទី៥ ខែវិច្ឆិកា ២០២០។ (រូបពីរដ្ឋបាលរាជធានីភ្នំពេញ)
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង រដ្ឋមន្រី្តក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះពិនិត្យការដ្ឋានអគារចត្តាឡីស័ក នៅថ្ងៃទី៥ ខែវិច្ឆិកា ២០២០។ (រូបពីរដ្ឋបាលរាជធានីភ្នំពេញ)
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល បាន​សាងសង់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៦​អគារ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ សម្រាប់​ក្រុមគ្រូពេទ្យ និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​។ នេះ​បើតាម​ការអះអាង របស់លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​ក្រុងភ្នំពេញ ដោយ​បញ្ជាក់​បន្ថែមថា ការដ្ឋាន​សំណង់​នេះ​នឹង​រួចរាល់​នៅ​ចុងឆ្នាំ​នេះ​។


​ដោយសារ កូ​វីដ​-១៩ ជា​បញ្ហា​ចម្បង​ត្រូវយក​ចិត្ត​ទុក​ក្នុង​ដាក់​ទប់ស្កាត់ ក្រុម​ជំនាញ​កំពុង​ដំណើរ​សាងសង់​អគារ​ច​ត្តា​ឡី​ស័ក ធ្វើយ៉ាងណា​ឲ្យ​ហើយ​នៅពេល​ឆាប់ៗ​ខាងមុខ​។ កាលពី​ថ្ងៃទី​៥​វិច្ឆិកា​នេះ អភិបាល​រាជធានី​ភ្នំពេញ​និង​រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល​ក៏បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ដែរ គឺ​សម្រេចបាន​ប្រមាណ​៨០​ភាគរយ​ហើយ​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៩​វិច្ឆិកា ហើយ​បានបញ្ជាក់​បន្ថែមថា​៖ «​អគារ​៤​សម្រាប់​ទទួល​អ្នក​ច​ត្តា​ឡី​ស័ក​, អគារ​១​សម្រាប់​ក្រុមគ្រូពេទ្យ និង​អគារ​មួយ​សម្រាប់​កងកម្លាំង​សុ​ន្តិ​សុខ​។ កន្លែង​នេះ គឺ​សម្រាប់​អ្នក​ច​ត្តា​ឡី​ស័ក ប្រសិនបើ​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ គឺ​យើង​ទៅ​ព្យាបាល​ហើយ​»​។ 
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​សរសេរ​បញ្ជាក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា អគារ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ គឺ​សម្រាប់​ទទួល​អ្នកដំណើរ​ដែល​មក​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ 
 
​សូមបញ្ជាក់ថា លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល ចំនួន​២​សប្តាហ៍ ដើម្បី​បង្ការ​កូ​វីដ​-១៩​។ លើក​ពីនេះ រដ្ឋាភិបាល​ក៏បាន​សម្រេច​បិទ KTV ក្លឹប​កម្សាន្ត រោងភាពយន្ត និង​សារមន្ទីរ នៅ​ទូទាំងប្រទេស​ជាថ្មី​ម្ដងទៀត​ដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៩​វិច្ឆិកា​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៩៧​នាក់​។ ក្នុងនោះ មាន​២៨៨ បានជា​សះស្បើយ និង​៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​៕
 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com