COVID-19
ជាតិ
នាយករដ្ឋមន្ត្រី បន្ត​ទទូចដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣ វិច្ឆិកាធ្វើ​ចត្តាឡីស័កឲ្យបានត្រឹមត្រូវ
09, Nov 2020 , 10:22 pm        
រូបភាព
ដោយ: ថ្មីៗ
តាមរយៈសារជាសំឡេងជិត២០នាទី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសោកស្តាយចំពោះការតេស្តឃើញអ្នកឆ្លងកូវីដ-១៩ ៣នាក់បន្ថែមទៀត ក្រោយដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រី។ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន សម្តេចហៅថា ព្រឹត្តិការណ៍៣វិច្ឆិកា ដើម្បីបញ្ចៀសការប៉ះពាល់ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី។



សម្តេចបានលើកឡើងថា ករណីនេះ កាន់តែបង្កឲ្យមានការព្រួយបារម្ភជាពិសេសនៅភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល បន្ថែមពីលើនេះ មន្ត្រីមួយចំនួនក្នុងព្រឹត្តិការណ៍៣វិច្ឆិកា បានធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ (ក្នុងសារសំឡេងសម្តេចច្រឡំថា កំពង់ឆ្នាំង) ព្រះសីហនុ តាកែវ កំពត និងកែប។

សម្តេចបានបន្តអង្វរដោយទទូចចំពោះមន្ត្រី និងអ្នកពាក់ព័ន្ធបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងជំរុញឲ្យអាជ្ញាធរឃ្លាំមើលអ្នកអនុវត្តនៅតាមផ្ទះ ហើយក្នុងករណីពួកគេអនុវត្តមិនបានត្រឹមត្រូវ សម្តេចស្នើឲ្យយកអ្នកទាំងនោះទៅទីតាំងដែលរដ្ឋាភិបាលបានរៀបចំ ពោលគឺសណ្ឋាគារសុខា ដែលបច្ចុប្បន្នមានមនុស្សប្រមាណតែ១០នាក់ប៉ុណ្ណោះ សម្រេចទៅកាន់ទីនោះ។

សម្តេចបានស្នើឲ្យអ្នកពាក់ព័ន្ធ និងគ្រួសាររបស់ពួកគាត់ទាំងបន្តអនុវត្តឲ្យបានត្រឹមត្រូវ ហើយសម្តេចក៏បានអំពាវនាវមិនឲ្យមានការដំឡើងថ្លៃទំនិញផងដែរ។

ការអំពាវនាវឲ្យអ្នកពាក់ព័ន្ធអនុវត្តវិធានចត្តាឡីស័កឲ្យបានត្រឹមត្រូវព្រោះសម្តេចនាយករដ្ឋមន្ត្រី មិនចង់​ដល់ដំណាក់កាលប្រកាស​បិទរាជធានីភ្នំពេញ នៅពេលគ្រប់គ្រង​សភាពការណ៍លែងកើត៕



© រក្សាសិទ្ធិដោយ thmeythmey.com