អន្តរជាតិ
ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ការសម្លាប់​រង្គាល​នៅ​តំបន់ Tigray ប្រទេស​អេ​ត្យូ​ពី​
19, Nov 2020 , 7:59 pm        
រូបភាព
​ជនភៀសខ្លួន​អេ​ត្យូ​ពី​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់ Qadarif ភាគ​ខាងកើត​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ជនជាតិ​អេ​ត្យូ​ពី​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ដោយសារតែ​សង្គ្រាម​កើតឡើង​ក្នុង​តំបន់ Tigray​។​
​ជនភៀសខ្លួន​អេ​ត្យូ​ពី​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់ Qadarif ភាគ​ខាងកើត​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ជនជាតិ​អេ​ត្យូ​ពី​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ដោយសារតែ​សង្គ្រាម​កើតឡើង​ក្នុង​តំបន់ Tigray​។​
ដោយ: VOA
​ការប្រយុទ្ធ​គ្នា​ចាប់ផ្តើម​តាំងពីដើម​ខែវិច្ឆិកា​រវាង​កងទ័ព​ប្រទេស​អេ​ត្យូ​ពី និង​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​តំបន់ Tigray បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់ និង​បង្ក​ការខូចខាត​ផ្ទះសម្បែង​និង​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ច្រើនឡើង​។ សេចក្តីរាយការណ៍​អំពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​ទ្រង់ទ្រាយ​ធំ​បានធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​រត់​ភៀសខ្លួន​ដើម្បី​សុវត្ថិភាព​។​

 
​ជនជាតិ​អេ​ត្យូ​ពី​ជិត ៣ ម៉ឺន​នាក់ បាន​រត់គេច​ទៅ​ប្រទេស​ស៊ូដង់ ហើយ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​និយាយថា មនុស្ស​កាន់តែច្រើន​កំពុងធ្វើដំណើរ​។ ការប្រយុទ្ធ​គ្នា​នេះ​កំពុង​កើតឡើង​នៅ​ភាគ​ខាងកើត​នៃ​ទ្វីបអាហ្វ្រិក​ក្នុង​តំបន់​មួយ ដែល​ត្រូវបាន​ស្គាល់​ថា «​តំបន់​ជ្រោយ​ខាងកើត​ទ្វីបអាហ្វ្រិក ឬ horn of Africa»​។​
 
​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​អ្នកស្រី Michelle Bachelet រៀបរាប់​ពី​ស្ថានភាព​ដែល​កាន់តែ​យ៉ាប់យឺន​ខ្លាំង​ក្នុង​តំបន់ Tigray​។ អ្នកនាំពាក្យ​របស់​អ្នកស្រី គឺ​លោក Rupert Colville និយាយថា អ្នកស្រី​មានការ​រំខាន​ចិត្ត​ដោយ​របាយការណ៍​មួយ​របស់​អង្គការ Amnesty International ដែល​រាយការណ៍​ពី​ការសម្លាប់​រង្គាល​ក្នុង​ទីក្រុង Mai-Kadra ភាគ​និរតី​នៃ​តំបន់ Tigray​។​
 
​លោក​និយាយថា របាយការណ៍​នេះ​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​នៅឡើយ​ទេ ហើយ​អ្នកស្រី​ឧ​ត្ត​ម​ស្នងការ​កំពុង​ស្នើ​ឲ្យ​មានការ​សាកសួរ​ឲ្យ​បាន​ពេញលេញ ដើម្បី​បញ្ជាក់​ពីអ្វី​ដែល​បាន​កើតឡើង​។​
 
​លោក Colville ថ្លែងថា​៖ «​បើសិនជា​ត្រូវបាន​បញ្ជាក់ថា ការសម្លាប់​រង្គាល​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ចេតនា​ដោយ​ក្រុម​មួយ​ក្នុងការ​ប្រយុទ្ធ​បច្ចុប្បន្ន ការសម្លាប់​ជន​ស៊ីវិល​ទាំងនេះ​ពិតណាស់​នឹងត្រូវ​បានចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​និង​ការទទួលខុសត្រូវ​ពេញទំហឹង​នឹងត្រូវ​ធ្វើឡើង​។ ទោះ​យ៉ាងនេះ​ក្តី អាទិភាព​ដំបូង​ពេលនេះ គឺ​ត្រូវ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​និង​ទប់ស្កាត់​អំពើ​ឃោរឃៅ​ណាមួយ មិន​ឲ្យ​កើតឡើង​ទៀត​»​។


​ផែនទី​បង្ហាញ​តំបន់​ប្រយុទ្ធ​គ្នា​រវាង​រដ្ឋាភិបាល​អេ​ត្យូ​ពី​និង​កង​យោធា​ក្នុង​តំបន់ Tigray
 
​អង្គការ Amnesty បាន​និយាយថា រូបថត​និង​វីដេអូ​នៅ​ទីតាំង​នោះ​បង្ហាញ​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ចាក់ ឬ​កាប់​ដល់​ស្លាប់​។ អង្គការ​នោះ​និយាយថា ជនរងគ្រោះ​ហាក់ដូចជា​កម្មករ​ធ្វើការ​ពេល​ថ្ងៃ ហើយ​មិនមាន​ទំនាក់ទំនង​ជាមួយនឹង​ប្រតិបត្តិការ​របស់​យោធា​ទេ​។​
 
​លោក Colville និយាយថា អ្នកស្រី​ឧ​ត្ត​ម​ស្នងការ​ក៏​ទទួលបាន​របាយការណ៍​ពី​ការកើនឡើង​នៃ​ការវាយប្រហារ​តាម​អាកាស ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​ប្រទេស​អេ​ត្យូ​ពី និង​ការប្រយុទ្ធ​យ៉ាង​សាហាវ​រវាង​កងកម្លាំង​យោធា​។ លោក​និយាយថា អ្នកស្រី Bachelet ក៏​ភ្ញាក់ផ្អើល​នឹង​របាយការណ៍​ស្តីពី​កាត់ផ្តាច់​ទឹក អគ្គិសនី ក៏ដូចជា​មធ្យោបាយ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្សេងៗ​ទៀតផង​ដែរ​។​
 
​លោក​និយាយថា អ្នកស្រី Bachelet កំពុង​ស្នើសុំ​ជាថ្មី​ឲ្យ​ភាគី​ទាំងសងខាង​បញ្ឈប់​ការប្រយុទ្ធ​គ្នា​និង​ចាប់ផ្តើម​ធ្វើការ​ចរចា​។​
 
​លោក Colville ថ្លែងថា​៖ «​អ្នកស្រី​ឧ​ត្ត​ម​ស្នងការ​កំពុង​អំពាវនាវ​យ៉ាងខ្លាំង​ក្លា ទៅកាន់​ភាគី​ទាំងសងខាង ដើម្បី​ឲ្យ​ពួកគេ​ដឹងថា វា​នឹង​មិនមាន​អ្នកឈ្នះ​ទេ​ក្នុងស្ថានភាព​បែបនេះ ហើយ​អ្នកស្រី​ស្នើ​ឲ្យ​ពួកគេ​ចាប់ផ្តើម​ការសន្ទនា​ឲ្យ​បានច្បាស់លាស់​មួយ ដោយ​គ្មាន​ការអូសបន្លាយ​ពេលវេលា​។ អ្នកស្រី​ឧ​ត្ត​ម​ស្នងការ​ក៏បាន​ព្រមាន​ថា ជម្លោះផ្ទៃក្នុង​ដែល​អូសបន្លាយ​នឹង​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភាគី​ទាំងពីរ ទាំង​រដ្ឋាភិបាល​នៅ​តំបន់ Tigray និង​រដ្ឋាភិបាល​អេ​ត្យូ​ពី​ទាំងមូល ហើយ​ថែមទាំង​បំផ្លាញ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដ៏​សំខាន់​ជាច្រើន​ឆ្នាំ​មកនេះ​»​។​
 
​លោក Colville និយាយថា អ្នកស្រី​ឧ​ត្ត​ម​ស្នងការ​ភ័យខ្លាច​ពី​ផលប៉ះពាល់ ប្រសិនបើ​រដ្ឋាភិបាល​តំបន់ Tigray និង​រដ្ឋាភិបាល​អេ​ត្យូ​ពី​មិន​យកចិត្តទុកដាក់​ទៅលើ​ការព្រមាន​របស់​អ្នកស្រី​។ បើសិនជា​ការប្រយុទ្ធ​នៅតែ​បន្ត លោក​និយាយថា អ្នកស្រី​ឧ​ត្ត​ម​ស្នងការ​ខ្លាច​ថា ជម្លោះ​នោះ​រីក​រាលដាល​ចេញ​ហួស​ព្រំដែន​ប្រទេស និង​អាច​បង្ក​អស្ថិរភាព​នៅ​តំបន់​អាហ្វ្រិក​ខាងកើត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com