អន្តរជាតិ
បក្ស​លោកស្រី ស៊ូ​ជី សន្យា​តែងតាំង​មន្ត្រី​ឲ្យ​ត្រូវ​តំណែង​នៅ​អាណត្តិ​ក្រោយ​
20, Nov 2020 , 8:29 am        
រូបភាព
អ្នកគាំទ្របក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ កាន់រូបលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
អ្នកគាំទ្របក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ កាន់រូបលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) នឹង​រើស​មន្ត្រី​ឲ្យ​ត្រូវ​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​សហភាព និង​រដ្ឋាភិបាល​រដ្ឋ និង​តំបន់​សម្រាប់​អាណត្តិ​ខាងមុខ​។ អនុប្រធាន​បក្ស NLD លោក Zaw Myint Maung បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​។ ការសន្យា​ធ្វើកំណែទម្រង់ លើ​បេក្ខជន​រដ្ឋមន្ត្រី​បែបនេះ កើតឡើង បន្ទាប់ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​អាណត្តិ​នេះ ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង ជុំវិញ​ការតែងតាំង​បុគ្គល មិន​ឲ្យ​ត្រូវ​នឹង​តំណែង និង​មាន​បញ្ហា​អំពើពុករលួយ​ជាដើម​។

 
​បន្ទាប់ពី​ចូលកាន់​តំណែង​នៅក្នុង​ឆ្នាំ​២០១៥ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​រង​ការរិះគន់​យ៉ាងខ្លាំង ជុំវិញ​ការតែងតាំង​មនុស្ស​មិនត្រូវ​នឹង​តំណែង​។ រដ្ឋមន្ត្រី​នៅ​កម្រិត​សហព័ន្ធ ថ្នាក់​តំបន់ និង​រដ្ឋ​ខ្លះ បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​ប្រព្រឹត្ត​កំហុស​មួយចំនួន ខណៈ​រដ្ឋមន្ត្រី​ខ្លះទៀត បាន​បំពេញ​កិច្ច​ការមិន​ដូចនឹង​ការរំពឹងទុក​របស់​ប្រជាជន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Irrawaddy​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ បក្ស NLD ដែល​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី បាន​សន្យាថា នឹងធ្វើ​កំណែទម្រង់​ជុំវិញ​បញ្ហា​ខាងលើ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ក្រោយ អាចដឹកនាំ​កាន់តែ​មាន​ប្រសិទ្ធិភាព​ជាង​មុន​។ «​វា​ប្រាកដ​ណាស់​ថា អ្នកមាន​សមត្ថភាព​នឹង​ត្រូវបាន​ជ្រើសតាំង​ជា​តំណែង​រដ្ឋមន្ត្រី [​នៅ​អាណត្តិ​ក្រោយ​]»​។ លោក Zaw Myint Maung អនុប្រធាន​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ បានលើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​។ 
 
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថ្មី នឹង​ចូលកាន់​តំណែង​នៅក្នុង​ខែមីនា ឆ្នាំ​២០២១​។​
 
​ជាមួយគ្នានេះ លោក Zaw Myint Maung បាន​បន្ថែមទៀតថា លោកស្រី ស៊ូ​ជី បានដឹង​ពី​បញ្ហា​របស់​រដ្ឋមន្ត្រី​មួយចំនួន​រួចហើយ ចំណែក​ពាក្យ​ត្អូញត្អែរ​របស់​ប្រជាជន​លើ​រដ្ឋមន្ត្រី​ទាំងនោះ ក៏បាន​បញ្ចូល​ទៅ​គណៈកម្មាធិការ​ប្រតិបត្តិ​កណ្តាល​របស់​បក្ស ដើម្បី​ពិនិត្យ​រួចហើយ​ដែរ​។ 
 
​កន្លងមក ប្រជាជន​មី​យ៉ាន់​ម៉ា​ជាច្រើន ក៏បាន​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​សហព័ន្ធ ថ្នាក់​តំបន់ និង​រដ្ឋ ត្រូវមាន​បទ​ពិ​សោ​នយោបាយ​ខ្លះ​ដែរ​។ ជា​អ្នក​ឆ្លើយតប អនុប្រធាន​បក្ស NLD បាន​បញ្ជាក់ថា រដ្ឋមន្ត្រី​មួយចំនួន​ចាំបាច់ ត្រូវ​បទពិសោធ​លើ​ជំនាញ​បច្ចេកទេស​ខ្លះ​ដើម្បី​កសាង​ប្រទេស​។ 
 
​សូមបញ្ជាក់ថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ បានឈ្នះ​ឆ្នោត និង​កាន់កាប់​អាសន្ន​យ៉ាងច្រើន​នៅក្នុង​សភា​សភាព​។ ចំនួន​ឆ្នោត​គាំទ្រ​ក្នុង​ឆ្នាំ​២០២០​នេះ គឺមាន​រហូតដល់ ៣៩៦​កៅអី ពោល​គឺមាន​ចំនួន​ច្រើនជាង​លទ្ធផល​កាលពី​ឆ្នាំ​២០១៥ ដែលមាន​ចំនួន ៣៩០​។ ចំណែក​បក្សប្រឆាំង ទទួលបាន​សំឡេង​តិចតួច​ប៉ុណ្ណោះ នៅក្នុង​សភា​សហភាព​៕ 

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com