ទឹក ជាភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយ និងទ្រទ្រង់ជីវិត។ អ្នកជំនាញជាច្រើនណែនាំឲ្យទទួលទានប្រមាណជា ២ លីត្រ ឬពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃដើម្បីរក្សាបានសុខភាពល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ។ ប៉ុន្តែថាតើនឹងមានអ្វីកើតឡើងទៅប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលខ្សោះជាតិទឹកក្នុងរាងកាយ ៖
១. អស់កម្លាំង
ទឹក ជាប្រភពថាមពលដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយ។ ការទទួលទឹកមិនបានគ្រប់គ្រាន់ ឬកង្វះជាតិទឹកក្នុងរាងកាយអាចពន្យឺតដំណើរការសកម្មភាពនៃអង់ស៊ីមដែលបណ្ដាលឱ្យអ្នកអស់កម្លាំង។
២. ស្បែកស្ងួត
ស្បែក គឺជាសរីរាង្គដ៏ធំបំផុតនៃរាងកាយ ដូច្នេះវាត្រូវការរក្សាបាននូវជាតិសំណើម ឬជាតិទឹកជាប់ជានិច្ច។ ជាញឹកញយ ស្បែកស្ងួតជាអាការៈដែលលេចឡើងដំបូងបំផុតនៃកង្វះជាតិទឹកក្នុងរាងកាយដែលបង្កបញ្ហាគួរឱ្យព្រួយបារម្ភផ្សេងៗ។
៣. រមួលសាច់ដុំ
នៅពេលជាតិទឹកក្នុងរាងកាយតិចពេកនោះចុងនៃសសៃប្រសាទត្រូវច្របាច់បញ្ចូលគ្នាហើយជាតិទឹក ឬសារធាតុរាវខាងក្រៅកោសិកាសាច់ដុំត្រូវថយចុះជាងហេតុនាំឱ្យអាការៈរមួលសាច់ដុំលេចឡើង។ ភាពប្រែប្រួលនៃកម្រិតសូដ្យូម អេឡិចត្រូលីត្រ និងប៉ូតាស្យូមក៏អាចបណ្ដាលឱ្យរមួលសាច់ដុំផងដែរ។
៤. ឈឺសន្លាក់
ឆ្អឹងខ្ចី និងឆ្អឹងខ្នងបានបង្កើតឡើងពីជាតិទឹកប្រមាណ ៨០ ភាគរយ។ ទឹក គឺចាំបាច់ណាស់ក្នុងការរក្សាឆ្អឹងពីការសង្កៀតគ្នានៅពេលយើងធ្វើចលនា។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេនោះ អ្នកនឹងជួបប្រទះបញ្ហាឈឺសន្លាក់ជាក់ជាមិនខានក្រោយពេលចលនាភ្លាមៗដូចជា រត់ ឬលោត។
៥. ឈឺក្បាល
ប្រសិនបើមិនទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះអ្នកប្រាកដជាងាយនឹងជួយប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិទឹកដល់ទៅ ៧៥ ភាគរយ! ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំងច្រើនជាងមុខបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។
៦. ខ្យល់ដង្ហើមមិនល្អ
កង្វះជាតិទឹកក្នុងរាងកាយអាចបណ្ដាលឱ្យការផលិតទឹកមាត់ត្រូវថយចុះជាហេតុនាំឱ្យបញ្ហាធុំក្លិនមាត់លេចឡើង។ បរិមាណទឹកមាត់តិចពេកក៏មិនអាចកម្ចាត់បាក់តេរីចេញពីក្នុងមាត់បានដែរ ហើយបរិមាណនៃបាក់តេរីក៏កាន់តែកើនឡើង។
៧. វិលមុខ
ពេលខ្លះដំណោះស្រាយដ៏ល្អបំផុតនៃអាការៈវិលមុខ គឺទទួលទានទឹក ១ កែវ។ នោះក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយអាចកាត់បន្ថយបរិមាណឈាមដែលធ្វើឱ្យខួរក្បាលទទួលបានអុកស៊ីសែនតិចជាងធម្មតាបង្កអាការៈវិលមុខ។ ដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ពិសេសនៅពេលឈឺ។ ប្រសិនបើអ្នកឧស្សាហ៍វិលមុខទោះបីជាបានទទួលទានទឹក ២ លីត្រក្នុងមួយថ្ងៃហើយនោះចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យ៕