ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! ភេសជ្ជៈអ្វីខ្លះល្អសម្រាប់ស្ត្រីមានផ្ទៃពោះ?
× អាហារនិងភេសជ្ជៈមួយចំនួន គឺល្អណាស់សម្រាប់ស្ត្រីមានផ្ទៃពោះទទួលទានដើម្បីជាប្រយោជន៍ដល់ទាំងសុខភាពម្ដាយនិងកូនក្នុងផ្ទៃ។ ថាតើភេសជ្ជៈអ្វីខ្លះដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះទទួលទាន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលស្ត្រីមានផ្ទៃពោះគួរទទួលទាន ៖
១. ទឹក
ទឹកជួយរាងកាយក្នុងការផលិតទឹកដោះនិងក្នុងដំណើរការនៃបញ្ចេញទឹកដោះ។ វាក៏ជួយក្នុងការរក្សាសុខភាពកោសិកាឈាមផងដែរ។ ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ។
២. ទឹកដូង
ភេសជ្ជៈធម្មជាតិនេះជួយទប់ស្កាត់អាការៈខ្សោះជាតិទឹកក្នុងរាងកាយបានយ៉ាងប្រសើរ។ វាក៏ជួយបំពេញបន្ថែមនូវជាតិអំបិលខនិកធម្មជាតិរបស់រាងកាយផងដែរ។ ការទទួលទានទឹកដូងក៏ជួយរាងកាយក្នុងការផលិតទឹកដោះថែមទៀត។
៣. ទឹកផ្លែឈើស្រស់
ទឹកផ្លែឈើស្រស់ពីក្រូច ឪឡឹក និងផ្លែម្នាស់ជាដើមមានផ្ទៃជាតិសសៃនិងវីតាមីន C ដែលជួយឱ្យការសម្រាលកាន់តែស្រួល។ សារធាតុចិញ្ចឹមទាំងនោះក៏ល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំនៃគភ៌ផងដែរ ប៉ុន្តែត្រូវប្រាកដថាអ្នកជ្រើសរើសទឹកផ្លែឈើស្រស់និងសុទ្ធធម្មជាតិ។ ទោះជាយ៉ាងណាក្នុងកំឡុងពេល ៣ ខែដំបូងនៃការមានផ្ទៃពោះ ស្ត្រីមិនគួរទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ស្រស់ឡើយដើម្បីចៀសវាងការរលូត។ នេះក៏ព្រោះតែផ្លែម្នាស់មានផ្ទុកសារធាតុ bromelain នាំឱ្យស្បូនទន់និងបង្កការកន្ត្រាក់។
៤. ទឹកបន្លែស្រស់
សម្រាប់អ្នកម្ដាយដែលមិនចូលចិត្តទទួលទានបន្លែ ប៉ុន្តែនៅតែចង់បានអត្ថប្រយោជន៍ពីបន្លែនោះ ចូរសាកល្បងកិនបន្លែឱ្យក្លាយជាទឹកស្រស់ៗដើម្បីទទួលទានជំនួសវិញ។
៥. ទឹកដោះគោស្រស់
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន វីតាមីន b12 និងកាល់ស្យូមដែលជាសារធាតុចិញ្ចឹមចាំបាច់កំឡុងពេលមានផ្ទៃពោះ។
៦. ទឹកក្រូចឆ្មារ
រសជាតិជូរនៃក្រូចឆ្មារអាចជួយបំបាត់អាការៈចង្អោរចង់ក្អួតបានយ៉ាងប្រសើរ។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់បន្តិចជាមួយតែខ្ញីរួចទទួលទានជាការស្រេច។ អ្នកក៏អាចលាយទឹកក្រូចឆ្មារជាមួយទឹកធម្មតាបានដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com