បទយកការណ៍ / បទសម្ភាសន៍
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ៖ បើ​មាន​អ្នក​ជំនួស ខ្ញុំ​នឹង​សម្រាក​ពី​ឆាកនយោបាយ
21, Nov 2013 , 7:58 pm        
រូបភាព
ដោយ:
ចាប់ផ្តើម​ជីវិត​តស៊ូ​នៅក្នុង​ឆាកនយោបាយ​តាំងពី​អាយុ១៩ឆ្នាំ​រហូតមក​ទល់នឹង​អាយុ​ជិត៦០ ឆ្នាំ​ហើយ លោក ញឹក ប៊ុនឆៃ ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​សម្តែង​ការ​ហត់នឿយ​ក្នុង​ជីវិត​ជា​អ្នកនយោបាយ​ជិត​បួន​ទសវត្សរ៍​កន្លងមកនេះ។ លោក បាន​ថ្លែង​នៅក្នុង​បទ​សម្ភាស​ជាមួយ​គេហទំព័រថ្មីៗថា លោក​ចង់​ចូលនិវត្តន៍​ដែរ ប្រសិនបើ​មាន​ក្មេងជំនាន់ក្រោយ​មាន​សមត្ថភាព​អាច​ជំនួស​តំណែង​លោក​បាន។


ខាងក្រោម​នេះ ជា​បទ​សម្ភាស​រវាង​លោក ជា ធី​រិ​ទ្ធ អ្នកយកព័ត៌មាន​គេហទំព័រថ្មីៗ ជាមួយ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ថ្មីៗ ៖ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ដែល​លោក​ឈាន​ប្រឡូក​ក្នុង​ឆាកនយោបាយ។ ឆ្លងកាត់​ស្ថានភាព​នយោបាយ​ពីមួយ​អណ​ត្តិ​ទៅមួយ​អណ​ត្តិ តើ​លោក​មាន​ដែល​គិតថា ធុញទ្រាន់​នឹង​រឿង​នយោបាយ​ទេ?

ញឹក ប៊ុនឆៃ៖ ខ្ញុំ​មានពេលខ្លះ​ធុញទ្រាន់​ម្តងម្កាល​ដែរ​ហ្នឹង តែ​ធ្វើ​ម្តេច​បើ សង្គម ប្រទេសជាតិ គណបក្ស ត្រូវ​ការយក​ខ្ញុំ​ទៅប្រើ ប្រហែលជា​គេ​គិតថា ខ្ញុំ​នៅមាន​ប្រយោជន៍​សម្រាប់​ជាតិ សម្រាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​មើលទៅ ។ ហើយ​ម្យ៉ាងទៀត ខ្ញុំ​ក៏​ពេញចិត្ត​នឹង​ជួយ ជាពិសេស​បណ្តុះបណ្តាល​ក្មេងជំនាន់ក្រោយ​ដែរ។

ថ្មីៗ ៖ ទស្សនៈ​មួយ​គេ​និយាយថា អ្នកធ្វើនយោបាយ​គឺ​ញៀន​នឹងធ្វើ​នយោបាយ ចង់តែ​ប្រឡូក​ក្នុង​ឆាកនយោបាយ​តែម្តង មិន​ចង់ទៅ​ឆ្ញា​យ​ទេ។ សម្រាប់​លោក​យល់​យ៉ាងម៉េច​ដែរ ចំពោះ​ទស្សនៈ​នេះ?

ញឹក ប៊ុនឆៃ៖  សម្រាប់​ខ្ញុំ​មិន​ញៀន​នោះទេ ធាតុពិត​ទៅ​ខ្ញុំ​ចង់​ចូលនិវត្តន៍​ណាស់ ព្រោះ​ខ្ញុំ​ប្រឡូក​ក្នុង​ឆាកនយោបាយ​តាំងពី​អាយុ១៩ ឆ្នាំ ឥឡូវ​ជិត៦០ ហើយ វា​ល្មម​និង​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្ញុំ​ក្នុងការ​សម្រាក​ពី​ជីវិត​នយោបាយ​នោះ។ តែ​ខាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​សមាជិក​គណបក្ស​ហ្វ៊ុន​ស៊ុន​ប៉ិច នៅតែ​ត្រូវការ​ខ្ញុំ​ខ្លាំងណាស់ ព្រោះ​អត់​ខ្ញុំ​វា​លំបាក​ណាស់​សម្រាប់​គណបក្ស​នេះ។

ថ្មីៗ ៖ និយាយ​ដល់​ជីវិត​នយោបាយ​របស់លោក​ជាមួយ​គណបក្ស​ហ្វ៊ុន​ស៊ុន​ប៉ិច មើលទៅ​គ្មានអ្វី​ទៅមុខ​សោះ មានតែ​ថយក្រោយ​វិញ។ ជាក់ស្តែង​ដូចជា​លទ្ធផល​នៃ​ការបោះឆ្នោត​អាណត្តិ​ទី៥ កន្លងទៅ​ជាដើម។ បើ​រីកចម្រើន​គ្មាន មានតែ​ចុះខ្សោយ ហេតុអ្វី​លោក​មិន​ឈប់​តែម្តងទៅ?

ញឹក ប៊ុនឆៃ៖ (សើច) វា​គ្មានអ្វី​ទេ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅតែមាន​ការគាំទ្រ ហើយ​ខ្ញុំ​សង្ឃឹមថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​អណ​ត្តិ​ក្រោយនេះ នឹង​ទទួលបាន​សំឡេងគាំទ្រ​ខ្លាំង​ដូច​មុន។ ម្យ៉ាងទៀត​ខ្ញុំ​បន្តជីវិត​នយោបាយ ដើម្បី​ជួយ​បង្ហាត់បង្រៀន​ក្មេងជំនាន់ក្រោយ​ឲ្យ​មាន​សមត្ថភាព​អាចធ្វើ​ការជំនួស​ខ្ញុំ​បាន។

ថ្មីៗ ៖ ត្រង់នេះ លោក​ចង់​មានន័យថា បើ​មាន​អ្នក​សមត្ថភាព​អាចធ្វើ​ការជំនួស​បាន លោក នឹង​ចូលនិវត្តន៍​ឬ?

ញឹក ប៊ុនឆៃ៖ ជា​ការពិតហើយ បើ​មាន​អ្នកមាន​សមត្ថភាព​អាច​ជំនួស​ខ្ញុំ​បាន ខ្ញុំ​នឹង​សម្រាក​ពី​នយោបាយ ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​គេ​ធ្វើ​ម្តង ខ្ញុំ​ចាស់​ហើយ ចង់​ជួយ​ប្រាប់​គេ​នៅ​ពីក្រោយ​វិញ៕

         

© រក្សាសិទ្ធិដោយ thmeythmey.com