សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រទេស​បង់​ក្លា​ដែ​ស​ចាប់ផ្តើម​បញ្ជូន​ជនភៀសខ្លួន Rohingya ទៅ​កោះ​មួយ​ដែលមាន​ភាពចម្រូងចម្រាស​
06, Dec 2020 , 9:59 pm        
រូបភាព
​ជនភៀសខ្លួន Rohingya កំពុង​ត្រូវបាន​គេ​ដឹក​តាម​រថយន្តក្រុង​ទៅកាន់​ស្រុក Chittagong ពី​ជំរុំ​ជនភៀសខ្លួន​ក្នុងប្រទេស​បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ។ (Munir Uz Zaman / AFP)
​ជនភៀសខ្លួន Rohingya កំពុង​ត្រូវបាន​គេ​ដឹក​តាម​រថយន្តក្រុង​ទៅកាន់​ស្រុក Chittagong ពី​ជំរុំ​ជនភៀសខ្លួន​ក្នុងប្រទេស​បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ។ (Munir Uz Zaman / AFP)
ដោយ: VOA
​ប្រទេស​បង់​ក្លា​ដែ​ស​បានចាប់ផ្តើម​បញ្ជូន​ជនភៀសខ្លួន Rohingya ជាច្រើន​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅកាន់​តំបន់​កោះ​មួយ​ដែល​ធ្វើ​ឲ្យ​អ​.​ស​.​ប​និង​ក្រុម​សិទ្ធិមនុស្ស​មានការ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ទីកោះ​នោះ​ជា​កន្លែង​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្យល់ព្យុះ​ស៊ីក្លូន​និង​ទឹកជំនន់​កើតមានឡើង​។​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

 
​ជនភៀសខ្លួន Rohingya ប្រហែល​ជិត​១​លាន​នាក់ ដែល​ភាគច្រើន​បាន​រត់គេចខ្លួន​ពី​ការវាយប្រហារ​របស់​ក​ង​ទ័ព​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដែល​នៅជាប់​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​ឆ្នាំ​២០១៧ បានមក​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​មួយចំនួន​ដែល​គ្មាន​អនាម័យ​ក្នុង​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស​។​
 
​ដោយមាន​ជនភៀសខ្លួន​ជាច្រើន​បាន​បដិសេធ​មិន​ព្រម​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​ដើម​របស់ខ្លួន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​វិញ ដោយ​គ្មាន​ការធានា​សុវត្ថិភាព​និង​សិទ្ធិមនុស្ស និង​ដោយមាន​បញ្ហា​ក្រុមក្មេងស្ទាវ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​កើន​មាន​ឡើង​ខ្លាំង​នៅតាម​ជំរំ​នោះ រដ្ឋាភិបាល​ប្រទេស​បង់​ក្លា​ដែ​ស​បានបញ្ចប់​ភាព​អត់ធ្មត់​និង​ចាប់ផ្តើម​គម្រោង​ផែនការ​របស់ខ្លួន​ក្នុង​ការបិទ​ជំរំ​ទាំងនោះ​។​
 
​មន្ត្រីប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​រថយន្តក្រុង​យ៉ាងហោចណាស់​ក៏​ចំនួន​១០​ដែរ​បាន​ដឹកជញ្ជូន​ជនភៀសខ្លួន​ចេញពី​ជំរំ​ជនភៀសខ្លួន​ក្នុង​តំបន់ Cox's Bazar ឆ្ពោះទៅកាន់​ទីក្រុង​កំពង់ផែ Chittagong​។​
 
​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា រថយន្តក្រុង​ទាំង​១០​នោះបាន​ដឹក​ជនភៀសខ្លួន​ប្រមាណ​៤០០​នាក់​ទៅកាន់​តំបន់​កោះ​ដែល​គេ​បានគ្រោង​ទុក​នោះ​។​
 
​ការិយាល័យ​អ​.​ស​.​ប​ក្នុងប្រទេស​បង់​ក្លា​ដែ​ស បានចេញ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​លើកឡើងថា​ខ្លួន «​មិនមាន​ការពាក់ព័ន្ធ​» នៅក្នុង​ដំណើរការ​ផ្លាស់ប្តូរ​ទីតាំង​ជនភៀសខ្លួន​ទាំង​នោះទេ​ហើយ​ខ្លួន​បានទទួល «​ព័ត៌មាន​តិចតួច​» ប៉ុណ្ណោះ​ជុំវិញ​បញ្ហា​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com