អន្តរជាតិ
អាមេរិក​ហាមឃាត់​ការនាំ​ចូល​ផលិតផល​កប្បាស​របស់​ក្រុមហ៊ុន​ចិន​ដោយសារ​មានការ​ចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​
06, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ រូបថត​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ​បង្ហាញ​ប៉ម​ឆ្មាំ​យាម និង​របងលួស​បន្លា នៅ​សួន​ឧស្សាហកម្ម Kunshan នៅ​តំបន់ Xinjiang ភាគ​ខាងលិច​ប្រទេស​ចិន​។​
​រូប​ឯកសារ​៖ រូបថត​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ​បង្ហាញ​ប៉ម​ឆ្មាំ​យាម និង​របងលួស​បន្លា នៅ​សួន​ឧស្សាហកម្ម Kunshan នៅ​តំបន់ Xinjiang ភាគ​ខាងលិច​ប្រទេស​ចិន​។​
ដោយ: VOA
​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump បានដាក់​បម្រាម​ដល់​ការ​នាំចូល​ផលិតផល​ធ្វើ​ពី​កប្បាស​របស់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​ដោយសារតែ​ការផលិត​ទាំងនោះ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​នៃ​ក្រុម​ជនជាតិភាគតិច​ដែល​ត្រូវបាន​គេ​ឃុំឃាំង​។​

 
​ទីភ្នាក់ងារ​ការពារ​ព្រំដែន​និង​គយ​សហរដ្ឋអាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ដោយ​បិទ​បញ្ចប់​ការដឹកជញ្ជូន​ផលិតផល​ពី​ក្រុមហ៊ុន Xinjiang Protectionand ConstructionCorps ឬ XPCC ដែលមាន​ការពាក់ព័ន្ធ​នឹង​កងទ័ព​ចិន​។ បទបញ្ជា​នេះ​ក៏​តម្រូវ​ផងដែរ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​នានា​ដែល​ចង់​នាំចូល​ផលិតផល​កប្បាស​ពី​ប្រទេស​ចិន​ត្រូវ​បង្ហាញថា​ខ្លួន​មិនបាន​នាំ​ផលិតផល​មកពី​ក្រុមហ៊ុន​ចិន XPCC ឬក៏​មាន​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​នេះ​ទេ​។​
 
​តំបន់​ស្វ័យភាព Xinjiang គឺជា​ប្រភព​សំខាន់​នៃ​ផលិតផល​កប្បាស​និង​វាយ​ន​ភណ្ឌ​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន​សម្លៀកបំពាក់​ដែលមាន​យីហោ​ល្បី​ធំៗ​ជាច្រើន​នៅលើ​ពិភពលោក​។ ក្រុមហ៊ុន​ចិន XPCC ផលិត​សម្ភារៈ​ដែល​ធ្វើ​ពី​កប្បាស​របស់​ចិន​ប្រមាណ​៣០%​ក្នុង​ឆ្នាំ​២០១៥​។​
 
​លោក Ken Cuccinelli អនុរដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ស​និ្ត​សុខ​មាតុភូមិ​សហរដ្ឋអាមេរិក​ដែលជា​ស្ថាប័ន​មួយ​គ្រប់គ្រង​លើ​ទីភ្នាក់ងារ​ការពារ​ព្រំដែន​និង​គយ​អាមេរិក​នោះបាន​ប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​រាល់​សម្លៀកបំពាក់​ដែលមាន​បិទ​ម៉ា​កថា​«​ផលិត​ក្នុងប្រទេស​ចិន​នោះ​» គួរ​ត្រូវ​ពិចារណា​ថា​ជា​«​ស្លាក​ព្រមាន​»​ដែល​ផលិតផល​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​«​កម្លាំង​ទាសករ​»​។​
 
​លោក Mark Morgan ប្រធានស្តីទី​នៃ​ទីភ្នាក់ងារ​ការពារ​ព្រំដែន​និង​គយ​សហរដ្ឋអាមេរិក​បាន​គូសបញ្ជាក់ថា​ការរំលោភ​ជា​ប្រព័ន្ធ​នៃ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​របស់​ចិន​ក្នុង​តំបន់ Xinjiang​ជាការ​រំខាន​មួយ​ដល់​ក្រុមហ៊ុន​ជំនួញ​អាមេរិក​នានា​និង​អ្នកប្រើប្រាស់​ទាំងអស់​។ ការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ជាការ​រំលោភ​សិទ្ធិមនុស្ស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ដែល​ងាយ​ទទួលរង​គ្រោះ​និង​នាំ​ឲ្យ​មានការ​ប្រកួតប្រជែង​មួយ​មិន​ស្មើភាព​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទំនិញ​ក្នុង​ពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com