COVID-19
អន្តរជាតិ
កូរ៉េខាងជើង តួ​កមេ​នី​ស្ថាន និង​កោះ​ប៉ាស៊ីហ្វិក​មួយចំនួន​នៅតែ​គ្មាន​ករណី COVID-19
08, Dec 2020 , 8:29 am        
រូបភាព
លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោក លោក Gourbangouly Berdmoukhamedov  ប្រធានាធិបតីតួកមេនីស្ថាន
លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោក លោក Gourbangouly Berdmoukhamedov ប្រធានាធិបតីតួកមេនីស្ថាន
ដោយ: ធីតា
​ប្រទេស និង​ដែនដី ជាង​២០០​ហើយ​ដែលមាន​ករណី​ឆ្លង COVID-19 បើ​គិត​ចាប់តាំងពី​ការ​រាលដាល​ចេញពី​ក្រុង​វូ​ហាន ប្រទេស​ចិន នៅ​ខែធ្នូ ឆ្នាំ​២០១៩​មក​។ នៅ​អាស៊ី មានតែ​២​ប្រទេស​ប៉ុណ្ណោះ  ដែល​មិនមាន​ការប្រកាស​ពី​ករណី​ឆ្លង ពោលគឺ​កូរ៉េខាងជើង និង​តួ​កមេ​នី​ស្ថាន ខណៈ​តំបន់​ផ្សេងទៀត​ដែល​មិនទាន់​ឃើញ​មាន​ករណី​ឆ្លង គឺជា​បណ្តា​កោះ​ប៉ាស៊ីហ្វិក​។​

 
​កូរ៉េខាងជើង​ដែល​ស្ថិតនៅ​ក្បែរ​ខាង​ចិន ត្រូវបាន​វាយតម្លៃថា មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​ដ៏​ឯកោ​មួយ​នេះ បាន​បញ្ជាក់ថា ប្រទេស​ខ្លួន​មិនមាន​ករណី​ឆ្លង COVID-19 នោះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ បណ្តាសារ​ព័ត៌មាន​បរ​ទេស ជាពិសេស​កាសែត​ដែលមាន​ទីស្នាក់ការ​នៅ​កូរ៉េខាងត្បូង អះអាង​ពី​ករណី​ឆ្លង និង​ស្លាប់​នៅក្បែរ​ព្រំដែន​ចិន ប៉ុន្តែ​មេដឹកនាំ​កូរ៉េខាងជើង គឹម ជុង​អ៊ុន បាន​បិទបាំង​ព័ត៌មាន​។​
 
​តួ​កមេ​នី​ស្ថាន ដែល​ស្ថិតនៅ​តំបន់​អាស៊ី​កណ្តាល តាំងពី​ចុងខែ​កុម្ភៈ មក ហាមឃាត់ និង​រឹតត្បិត​យ៉ាងខ្លាំង​ចំពោះ​អ្នក​ដែលមាន​ប្រវត្តិ​ពី​ប្រទេស​ដែល​ឆ្លង COVID-19 ខ្លាំង​។ ទាក់ទង​នឹង​ជនបរទេស រដ្ឋាភិបាល​នៃ​ប្រទេសមួយ​នេះ បាន​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់ថា គ្មាន COVID-19​។ 
 
​របាយការណ៍​ដែល​អះអាងថា តួ​កមេ​នី​ស្ថាន គ្មាន​ករណី​កូ​វីដ​-១៩ របស់ ក៏​រង​ការរិះគន់​ពី​អន្តរជាតិ​ផងដែរ ដោយ​ពួកគេ​ថា រដ្ឋាភិបាល​លោក Gourbangouly Berdmoukhamedov លាក់បាំង និង​រឹតត្បិត​សេរីភាព​សារព័ត៌មាន​។​
 
​ក្រៅពី​ប្រទេស​ទាំងពីរ​នៅ​អាស៊ី ដែន​កោះ​ប៉ាស៊ីហ្វិក​មួយចំនួន​ក៏​មិនទាន់មាន​សេចក្តីរាយការណ៍​ទាក់ទង​នឹង​ករណី​ឆ្លង​កូ​វីដ​-១៩​នោះដែរ ដែល​ក្នុងនោះ​រួមមាន គី​រី​បាទី​, ម៉ា​យ​ក្រូ​ណេ​ស៊ី​, ណូ​រុ​, ប៉ា​ឡាវ​, តុង​ហ្គា​, ទូ​វា​លូ និង​ប្រជុំ​កោះ Pitcaim៕
 

© រក្សាសិទ្ធិដោយ thmeythmey.com