COVID-19
ជាតិ
ក្រសួងព័ត៌មានស្នើឲ្យមានចាត់ការលើសារព័ត៌មានដែលគ្មានក្រមសីលធម៌ ដោយមិនបាច់ប្រាប់ក្រសួង លោក ផូស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន
× តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួននាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានស្នើទៅអាជ្ញាធរមានសមត្ថកិច្ចចាប់វិធានការច្បាប់លើសារព័ត៌មានដែលមិនបានបំពេញតួនាទីតាមវិជ្ជាជីវៈ ដោយមិនចាំបាច់ជូនដំណឹងទៅក្រសួងព័ត៌មានជាមុននោះឡើយ។
នាអំឡុងនៃការរាលដាលកូវីដ-១៩ ក្រសួងព័ត៌មាន បានសង្កេតឃើញ អ្នកសារព័ត៌មានមួយចំនួនតូច ឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឲ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ច។
«ការផ្សព្វផ្សាយមិនពិត ក្លែងបន្លំ បង្កឲ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរ មានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ»។ នេះជាការលើកឡើងក្នុងសេចក្តីជូនដំណឹង ដោយបន្ថែមថា ការទទួលយកសំណូក ឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន ជាការរំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈ។
ក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន គាំទ្រឲ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនចាំបាច់ជូនដំណឹងទៅក្រសួងព័ត៌មានជាមុនឡើយ។
ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានវាយតម្លៃខ្ពស់ និងសរសើរស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានភាគច្រើន ដែលខិតខំបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com