សង្គមអន្តរជាតិ​
អន្តរជាតិ
លោក វ៉ាង យី ថា អនាគត​ទំនាក់ទំនង​ទ្វេភាគី​អាស្រ័យ​លើ​អាមេរិក​សម្រេចចិត្ត​ត្រឹមត្រូវ​
07, Dec 2020 , 11:39 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន លោក វ៉ាង យី នៅ​ថ្ងៃទី​៧ ធ្នូ បាន​លើកឡើងថា អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ចិន អាស្រ័យទៅលើ​អាមេរិក​ក្នុងការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។ ប្រមុខ​ការបរទេស​ចិន រូបនេះ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងពីរ​បន្ត​កិច្ចពិភាក្សា​គ្នា​ឡើងវិញ​នៅ​គ្រប់​កម្រិត​ទាំងអស់​។​

 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច​ចិន​-​អាមេរិក លោក វ៉ាង យី ប្រមុខ​ការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន​បាន​អះអាងថា អាទិភាព​ចម្បង​សម្រាប់​ចិន និង​អាមេរិក គឺ​ការលុបបំបាត់ចោល​ឧបសគ្គ និង​ការរំខាន​ទាំងឡាយ​ក្នុងការ​ឈានទៅដល់​ភាពរលូន​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។​
 
 
​ប្រមុខ​ការបរទេស​ចិន​រូបនេះ​បន្ថែមថា ប្រទេស​ទាំងពីរ គួរតែ​ធ្វើការ​រួមគ្នា​ក្នុង​គោលដៅ​បម្រើ​ប្រយោជន៍​រួម​របស់​ប្រទេស និង​ប្រជាជន ដើម្បី​ឲ្យ​ប្រទេស​ទាំងពីរ​អាច​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាថ្មី កសាង​ជំនឿ​ទុកចិត្ត និង​ស្តារ​ទំនាក់ទំនង​មកកាន់​សភាព​ដើម​វិញ​។ នេះ​បើ​ការផ្សាយ​របស់​ទូរទស្សន៍ CGTN ។​
 
​លោក​អះអាងថា បញ្ហា​ធ្ងន់ធ្ងរ​ដែល​ប្រទេស​ទាំងពីរ​ជួបប្រទះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​អ្វីដែល​ចិន​មិន​ចង់ឃើញ​ឡើយ​។ លោក វ៉ាង បន្តថា រឿង​មិនល្អ​ទាំងអស់នេះ​ក៏​ជា​អ្វីដែល​វិស័យ​នានា​នៅ​អាមេរិក ជាពិសេស​វិស័យ​ធុរកិច្ច មិន​ចង់ឃើញ​ដូចគ្នា ហើយ​ក្នុងនាម​ជា​មហាអំណាច ចិន និង​អាមេរិក​គួរ​ណាស់​តែ​ពង្រឹង​កិច្ចពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ចូលរួមចំណែក​ក្នុង​សន្តិភាព និង​ភាពប្រសើរឡើង​នៃ​មនុស្សជាតិ​។​
 
«​អាមេរិក​គួរ​កែប្រែ​ការយល់ដឹង​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន ដែលជា​ដើមចម​នៃ​បញ្ហា​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​»​។ លោក វ៉ាង និយាយ​បែបនេះ​ទៅកាន់​ធុរជន​អាមេរិក​ក្នុងជំនួប​អន​ឡាញ​នៅ​ថ្ងៃទី​៧ ខែធ្នូ​។ ក្នុងន័យនេះ លោក​វ៉ាង​សំដៅ​ទៅលើ​មនុស្ស​មួយក្រុម​នៅ​អាមេរិក​ដែល​នៅ​បន្ត​ប្រើប្រាស់​មនោគមវិជ្ជា និង​គំនិត​បែប​សង្គ្រាមត្រជាក់ ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ចិន និង​ដែលជា​ហេតុដែល​នាំ​ឲ្យ​ចាត់ទុក​ចិន​ជាស​ត្រូវ​។​
 
​ទៅលើ​ការ​បញ្ហា​សកល​ដូចជា​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីត​-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​វិញ រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ អះអាងថា​ប្រទេស​ទាំងពីរ ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក និង​ទទួលខុសត្រូវ ព្រោះ​ចិន និង​អាមេរិក​ស្ថិតក្នុង​ពិភពលោក​ដែល​ប្រឈម​នឹង​បញ្ហា​ដូចគ្នា​។​
 
​ឆ្លៀត​ក្នុងឱកាស​នោះ​លោក វ៉ាង ក៏​សង្កត់ធ្ងន់​ផងដែរ​ថា ចិន​មិន​លូកលាន់​ក្នុងការ​ប្រឈម​ផ្នែក​មនោគមវិជ្ជា​ឡើយ ហើយ​អាមេរិក​គួរ​គោរព​តាម​បទដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ ដោយ​មិន​ជ្រៀត​ជ្រែ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន​ដូចគ្នា ក៏ដូចជា​រារាំង​សិទ្ធិ​របស់​ប្រជាជន​ចិន​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវិត​រស់នៅ​របស់​ពួកគេ​។​
 
​គួរ​រំលឹក​ផងដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០១៨​មក​ប្រទេស​ទាំង​២​បានធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​គ្នា ដោយ​តម្លើង​ពន្ធ​លើ​ទំនិញ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ ចំពោះ​រឿងនេះ​លោក​វ៉ាង កត់សម្គាល់ថា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជា​ចំណុច​គន្លឹះ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ លោក​ក៏​សង្ឃឹម​ផងដែ​ថា​ក្រុម​ពាណិជ្ជករ​អាមេរិក និង​ចិន នឹង​ដើរតួនាទី​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​ឲ្យ​បាន​ប្រសើរឡើង​៕
 
 
 

Tag:
 ចិន​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com