COVID-19
ជាតិ
COVID-19៖ ពីរករណីទៀត ដោយម្នាក់ធ្លាប់ទៅ Zando និងម្នាក់ទៀតធ្លាប់ទៅ Pedro
08, Dec 2020 , 7:12 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល បាន​ប្រកាសពីករណីកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីរករណីទៀត ដោយម្នាក់ធ្លាប់ទៅហាង Zando បឹងកេងកង និងម្នាក់ទៀតធ្លាប់ទៅហាង Pedro ផ្លូវព្រះសីហនុ។ ពីរករណីថ្មីនេះ នាំឲ្យអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឡើង​ដល់​៣៤នាក់។



តាម​ការប្រកាសរបស់ក្រសួង បុរសជន​ជាតិខ្មែរអាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាននៅសង្កាត់វត្តភ្នំ និងជានិស្សិត​ច្បាប់​នៅ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ រីឯអ្នកជំងឺម្នាក់ទៀត ជាស្ត្រីអាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងទំពន់ បាន​ទៅហាង Pedro ផ្លូវព្រះសីហនុ នៅថ្ងៃទី​២៧ ខែវិច្ឆិកា ដែលចំថ្ងៃលក់អីវ៉ាន់បញ្ចុះតម្លៃ Black Friday ដូចគ្នា។

សរុបក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អ្នកឆ្លងកូវីដ-១៩ ឡើងដល់៣៤នាក់។ កាលពីថ្ងៃទី៧ ខែធ្នូ វត្ថុសំណាក២៤៨៣ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផល​វិជ្ជមាន២ ហើយនៅថ្ងៃនេះ អ្នកជំនាញបន្តវិភាគវត្ថុសំណាក​១៦០៥បន្ថែមទៀត។

នៅកម្ពុជាទាំងមូល ករណីឆ្លងឡើងដល់​៣៥០នាក់ ក្នុងនោះ សះស្បើយ​៣០៧នាក់។ អ្នកជំងឺដែលកំពុង​សម្រាកព្យាបាល មាន​៣៣នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង​១០​នៅមណ្ឌលសុខភាពចាក់អង្រែ៕

© រក្សាសិទ្ធិដោយ thmeythmey.com