COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ជាង​១០​ម៉ឺន​នាក់ ខណៈ​អ្នកស្លាប់​ឡើងដល់​២១៣២​នាក់​
08, Dec 2020 , 12:02 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
​មី​យ៉ាន់​ម៉ា ក្លាយជា​ប្រទេស​ទី​៣ នៅ​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩ លើស​១០​ម៉ឺន​ករណី ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែធ្នូ​នេះ​។

 
​កាលពី​ម្សិលមិញ មី​យ៉ាន់​ម៉ា​១២៧៦​ករណី​បន្ថែម ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ជាង​១០​ម៉ឺន​ករណី រីឯ​អ្នកស្លាប់​ឡើងដល់​២១៣២​នាក់ និង​ជិត​៨​ម៉ឺន​នាក់​បានជា​សះស្បើយ​។ នៅ​ឥណ្ឌូណេស៊ី ករណី​ឡើង​ជាង​៥៨​ម៉ឺន (​ស្លាប់​ជិត​១៨០០០​នាក់​) និង​ហ្វីលីពីន មាន​ជាង​៤៤​ម៉ឺន​ករណី (​ស្លាប់​ជាង​៨៥០០​នាក់​)​។​
 
​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើន​បន្ទាប់ពី​មី​យ៉ាន់​ម៉ា គឺ​ម៉ាឡេស៊ី (​ជាង​៧៤០០០​ករណី​), សិង្ហ​បុរី (​ជាង​៥៨០០០​ករណី​)​។ ថៃ​មាន​៤១០៧​ករណី វៀតណាម ១៣៦៧​ករណី កម្ពុជា​៣៥០​ករណី ព្រុយ​ណេ​១៥១​ករណី ឡាវ ៤១​ករណី និង​ទី​ម័​រ​ខាងកើត​៣១​ករណី​។ 
 
​ករណី​ជាច្រើន​បានជា​សះស្បើយ ខណៈ កម្ពុជា ឡាវ និង​ទី​ម័​រ​ខាងកើត មិនមាន​ករណី​ស្លាប់​នោះឡើយ​។​
 
​នៅលើ​ពិភពលោក​ទាំងមូល ករណី​ឆ្លង​ឡើង​ជិត​៦៨​លាន ក្នុងនោះ​ស្លាប់​ជាង​១.៥៥​លាន​នាក់ និង​សះស្បើយ​ជាង​៤៧​លាន​នាក់​។ សហរដ្ឋអាមេរិក ឥណ្ឌា និង​ប្រេ​ស៊ី​ល មាន​ករណី​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បំផុត​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com