COVID-19
អន្តរជាតិ
ថៃ អនុញ្ញាត​ឲ្យ​ទេសចរ​មកពី​គ្រប់​ប្រទេស​ចូល​ទឹកដី​ខ្លួន តែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដាច់ខាត​
09, Dec 2020 , 9:33 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ទេសចរ​ទាំងអស់ នឹងត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ ទោះបីជា​ពួកគេ​មកពី​ប្រទេស​មាន​ហានិភ័យ​ជំងឺ​កូ​វីដ​-១៩ ខ្ពស់​ក៏ដោយ ក្រោម​កម្មវិធី​ទិដ្ឋាការ​ពិសេស​។ នេះ​ជាការ​ផ្លាស់ប្ដូរ​គោលនយោបាយ​របស់​ប្រទេសមួយ​នេះ ដែល​មន្ត្រី​រដ្ឋាភិបាល​អះ​អាង​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​។ ទោះជា​យ៉ាងណា ទេសចរ​ទាំងអស់​ត្រូវ​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​សិន​។​

 
​គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​៨ ខែធ្នូ បាន​យល់ព្រម​លើ​ការកែប្រែ​កម្មវិធី​ទិ​ដ្ឋា​ទេសចរណ៍​ពិសេស ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នកទេសចរ​មកពី​គ្រប់​ប្រទេស​អាច​ចូល​ទឹកដី​ថៃ​បាន ទោះជា​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​របស់​ពួកគេ​អាក្រក់ ឬ​ធូរស្រាល​ក្ដី​។ មុននេះ ក្រោម​កម្ម​វី​ពិសេស​នេះ មានតែ​អ្នកទេសចរ​មកពី​ប្រទេស​មាន​ហានិភ័យ​ទាប​ប៉ុណ្ណោះ​ដែល​អាច​ទៅ​ថៃ​បាន​។​
 
​អ្នកនាំពាក្យ​រង​រដ្ឋាភិបាល​ថៃ លោកស្រី Ratchada Dhnadirek និយាយថា ការសម្រេចចិត្ត​ថ្មី​នេះ ធ្វើឡើង​ក្រោយ​ការសង្កេត​ឃើញ​មាន​អ្នកទេសចរ​តិចតួច​ដែល​ធ្វើដំណើរ​ទៅ​ថៃ​តាមរយៈ​កម្មវិធី​ខាងលើ​។ បើតាម​មន្ត្រី​រូបនេះ តាំងពី​ការចូល​ធរមាន​នៅ​ចុងខែ​តុលា មាន​អ្នកទេសចរ​២៩​សញ្ជាតិ​ស្មើនឹង​៨២៥​នាក់ បាន​ទៅ​ថៃ បូកផ្សំ​នាវា​កម្សាន្ត​ឯកជន​៨​ប៉ុណ្ណោះ​។ ដូចនេះ ការកែប្រែ​កម្មវិធី​ថ្មី នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​កាន់តែច្រើន​ដើម្បី​ជួយ​វិស័យ​ទេសចរ​ក្នុងស្រុក​។​
 
​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​បាងកក ក៏​មិន​បន្ធូរដៃ​ក្នុងការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អ្នកទេសចរ​ទាំងអស់ ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដាច់ខាត​ពេលទៅដល់​ថៃ តែ​ទិដ្ឋាការ​របស់​ពួកគេ នឹងត្រូវ​ពង្រីក​យូរ​ជាង​មុន​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​
 
​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ថៃ ហាក់​មាន​ភាពប្រសើរឡើង​នៅ​រយៈពេល​ចុងក្រោយ ដោយ​ករណី​ឆ្លង​ពី​ខាងក្រៅ​ប្រទេស មិន​ចោទ​ជា​បញ្ហា​ឡើយ​។ ប៉ុន្តែ​ករណី​ឆ្លង​នៅ​ខេត្ត​ភាគ​ខាងជើង ដែល​រកឃើញ​ក្នុងចំណោម​ពលរដ្ឋ​ថៃ​ត្រឡប់​ចូល​ប្រទេស​ដោយ​ខុសច្បាប់​ពី​មី​យ៉ាន់​ម៉ា កំពុង​ក្លាយជា​ក្ដីបារម្ភ​សម្រាប់​វិស័យ​ទេសចរ​ក្នុងស្រុក​។ 
 
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា អះអាង​នៅ​ថ្ងៃទី​៨ ខែធ្នូ ថា ថៃ​មិនទាន់​រង​រលក​ទី​ពីរ​ឡើយ​។ លោក​ប្រាប់​ឲ្យ​ប្រជាជន​ថៃ កុំ​ជ្រួលច្របល់ ព្រោះ​វា​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​។ លោក​ក៏​រិះគន់​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​ករណី​នៅ​ខេត្ត​ឈៀង​រ៉ៃ ដែល​ធ្វើ​ឲ្យ​ការ​កក់​បន្ទប់​សណ្ឋាគារ ត្រូវ​លុបចោល​វិញ​៕
 

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com