អន្តរជាតិ
ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ បន្ដ​កើនឡើង​នៅ​សហរដ្ឋអាមេរិក​ក្នុងអំឡុងពេល​រដូវ​កាល​ថ្ងៃបុណ្យ​
09, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ បុគ្គលិក​ការិយាល័យ​អ្នកពិគ្រោះ​ជំងឺ​នៃ​សង្កាត់ El Paso រុញ​សាកសព ដែល​ត្រូវបាន​គេ​ច្រក​ថង់ ដោយមាន​ស្លាក​សញ្ញា​សរសេរថា កូ​វីដ ចេញពី​ទូទឹកកក ក្នុងអំឡុងពេល​ដែលមាន​ការផ្ទុះ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក្រុង El Paso រដ្ឋ Texas ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។
​រូប​ឯកសារ​៖ បុគ្គលិក​ការិយាល័យ​អ្នកពិគ្រោះ​ជំងឺ​នៃ​សង្កាត់ El Paso រុញ​សាកសព ដែល​ត្រូវបាន​គេ​ច្រក​ថង់ ដោយមាន​ស្លាក​សញ្ញា​សរសេរថា កូ​វីដ ចេញពី​ទូទឹកកក ក្នុងអំឡុងពេល​ដែលមាន​ការផ្ទុះ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក្រុង El Paso រដ្ឋ Texas ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។
ដោយ: VOA
ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​សហរដ្ឋអាមេរិក​បន្ដ​កើនឡើង ខណៈដែល​រដូវ​កាល​ថ្ងៃបុណ្យ​កាន់តែ​ខិតជិត​មកដល់​។ ការជួបជុំ​ក្រុមគ្រួសារ និង​មិត្តភក្ដិ​កាន់តែ​កើនឡើង​អាចធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាន់តែ​ខ្ពស់ ហើយ​មន្ទីរពេទ្យ​មិនអាច​ទទួល​អ្នកជំងឺ​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលប់​បាន​។​

 
​ភាគច្រើន​នៃ​តំបន់​ប៉ែក​ខាងត្បូង​រដ្ឋ California និង​តំបន់​កណ្ដាល​នៃ​រដ្ឋ​នេះ បានដាក់​កំហិត​ថ្មី​ទៅលើ​អាជីវកម្ម និង​សកម្មភាព​នានា កាលពី​ថ្ងៃ​សៅរ៍ ខណៈ​មន្ទីរពេទ្យ​នៅក្នុង​រដ្ឋ​ដែលមាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក​មួយ​នេះ​ប្រឈម​នឹង​ការខ្វះខាត​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ​។ ភោជនីយដ្ឋាន​នានា​ត្រូវ​ឈប់​ទទួល​ឲ្យ​ភ្ញៀវ​បរិភោគ​ក្នុង​ហាង ហើយ​រោង​មហោស្រព ហាង​ធ្វើ​សក់ និង​អាជីវកម្ម​ជាច្រើន​ទៀត​ត្រូវ​បិទ​ដំណើរការ​នៅក្នុង​ទីក្រុង San Diego ទីក្រុង Los Angeles និង​នៅ​តំបន់​មួយចំនួន​នៃ​តំបន់ Central Valley​។​
 
​ស្រុក​ចំនួន ៥ នៅ​តំបន់ Bay Area ក្នុង​ទីក្រុង San Francisco គ្រោង​នឹងដាក់​កំហិត​នៅ​ថ្ងៃអាទិត្យ​នេះ​។​
 
​កាលពី​ថ្ងៃ​សុក្រ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក​រហូតដល់​ជិត ២២៨.០០០ ករណី នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins​។​
 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សហរដ្ឋអាមេរិក​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ខ្ពស់​មិន​ធា្ល​ប់​មាន​ពីមុនមក​រហូតដល់ ២.៨៧៩ ករណី​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins ដដែល​នេះ​។​
 
​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នេះ​បាន​កើនឡើង​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ក្រោយមក បន្ទាប់ពី​ថ្ងៃបុណ្យ​រំឭក​គុណ Thanksgiving បាន​បញ្ចប់ទៅ នៅពេលដែល​ពលរដ្ឋ​អាមេរិកាំង​រាប់លាន​នាក់​មិន​អើពើ​នឹង​ការ​ដាស់តឿន​ឲ្យ​ស្នាក់​នៅតែ​ក្នុងផ្ទះ និង​ប្រារព្ធ​ពិធីបុណ្យ​នេះ​តែ​ជាមួយនឹង​សមាជិក​ក្រុមគ្រួសារ​របស់ខ្លួន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com