ជាតិ
កសិករ​ប្រមូល​ផល​ស្រូវវស្សា​បាន​ជាង​៥.៦​លាន​តោន លើ​ផ្ទៃ​ដីស្រែ​ជាង​១.៧​លាន​ហិកតា​
09, Dec 2020 , 10:59 pm        
រូបភាព
រូបភាពពីហ្វេកប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបភាពពីហ្វេកប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
​ប្រជាកសិករ នៅ​ទូទាំងប្រទេស បាន និង​កំពុង​មមាញឹក ក្នុងការ​ប្រមូល​ផល​ស្រូវវស្សា​របស់​។ តាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គិត​ត្រឹម​ថ្ងៃទី​៧ ខែធ្នូ មាន​ផ្ទៃដី​ស្រែវស្សា​ជាង​១.៧​លាន​ហិកតា ស្មើនឹង​៦៤.១០​ភាគរយ ដែល​ត្រូវបាន​ប្រមូល​ផល​រួច ក្នុងនោះ​ទិ​ដ្ឋ​ផល​ស្រូវ​សរុប​មាន​ចំនួន ៥,៦៥២,២៩៧​តោន​។ ទិន្នផល​ជា​មធ្យម​ក្នុង​មួយ​ហិកតា បាន​ចំនួន ៣.១៦​តោន​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បញ្ជាក់បន្ថែម​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដូច្នេះ​។​

 
​លោក​រដ្ឋមន្ត្រី​កសិកម្ម ក៏បាន​បង្ហាញ​របាយការណ៍​នៃ​ការងារ​ប្រមូល​ផល​ស្រូវវស្សា​នៅតាម​បណ្តា​ខេត្ត​នីមួយៗ ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ដែរ​។ តាម​របាយការណ៍  ខេត្តកោះកុង ក្រចេះ រតនគិរី និង​ស្ទឹងត្រែង ប្រមូល​ផល​ស្រូវវស្សា​បាន​ជាង​៩០​ភាគរយ នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប​។ រីឯ​ខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រមូល​ផល​បាន​ប្រមាណ​៧០ ទៅ​៨០​ភាគរយ នៃ​ផ្ទៃ​ដាំ​ដុះ​សរុប​។ 
 
​របាយការណ៍​ដដែល ឲ្យ​ដឹង​ទៀតថា​ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្ដាល មណ្ឌលគិរី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ ទើប​ប្រមូល​ផល​បាន​ពី​៥០​ទៅ​៦០​ភាគរយ ប៉ុណ្ណោះ ខណៈ​ខេត្តបាត់ដំបង កំពង់ស្ពឺ និង​ខេត្តកំពង់ធំ ប្រមូល​ផល​បាន​ក្រោម​៥០​ភាគរយ​។ ដោយឡែក ខេត្ត​ព្រះសីហនុ​ប្រមូលបាន​តិចជាងគេ គឺ​ទើបតែ​បាន​២០​ភាគរយ​ទេ លើ​ផ្ទៃដី​ដាំ​សរុប​។​
 
​សូម​រំឭកថា ដើម្បី​ស្តារ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្រសួងកសិកម្ម បាន​ចែក​ពូជស្រូវ​ចំនួន ៦,៤៣៤​តោន និង​ពូជ​បន្លែ​ជិត ៥៦​ម៉ឺន​កញ្ចប់ ទៅដល់​កសិករ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក​។ គ្រោះទឹកជំនន់​កន្លងមក បាន​ប៉ះពាល់​នៅ​រាជធានី​-​ខេត្ត​ចំនួន​២០ ក្នុងនោះ​មាន​ពលរដ្ឋ​ប្រមាណ ៦០​ម៉ឺន​នាក់ រង​ផលប៉ះពាល់​, មនុស្ស​៤៤​នាក់ បាន​បាត់​បង់ជីវិត  និង​ដំណាំ​កសិកម្ម​ប្រមាណ ៣៨​ម៉ឺន​ហិកតា​ត្រូវបាន​ជន់​លិច​៕
 
 
 

Tag:
 ប្រមូល​ផល​ស្រូវ​
 ​ផល​ស្រូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com