COVID-19
អន្តរជាតិ
កូ​វីដ​-១៩៖ ចិន​ធ្វើតេស្ត​មនុស្ស​២៥​ម៉ឺន​នាក់ ក្រោយ​មាន​ករណី​ឆ្លង​ជា​ចង្កោម​នៅ​ក្រុង​ឆឹង​ទូ​
09, Dec 2020 , 5:29 pm        
រូបភាព
ការធ្វើតេស្តលើប្រជាជនចិន។ រូបភាព Xinhua
ការធ្វើតេស្តលើប្រជាជនចិន។ រូបភាព Xinhua
ដោយ:
​អា​ជ្ងា​ធរ​ចិន​នៅ​ថ្ងៃទី​៩ ធ្នូ បានធ្វើ​តេស្ត​មនុស្ស​ចំនួន​២​សែន​៥​ម៉ឺន​នាក់ ក្រោយពេល​រកឃើញ​ករ​ណី​កូ​វីដ​-១៩ ជាច្រើន​ករណី​នៅ​ភាគខាងត្បូង​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈួន​។ ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្តី​ប្រពន្ធ​ចំណាស់​មួយគូ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។​

 
​ករណី​ដំបូង​ដែល​ឈានទៅដល់​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​នៅ គឺ​នៅក្រោយពេល​ប្តី​ប្រពន្ធ​មួយគូ​ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​រកឃើញថា​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៧ ធ្នូ​កន្លងទៅ​។ ក្រោយមក មន្ត្រី​សុខាភិបាល​បាន​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ជាមួយ​បុគ្គល​ខាងលើ ក៏ដូចជា​យក​ម្ហូបអាហារ​ទៅធ្វើ​តេស្ត​។ មន្ត្រី​សុខាភិបាល​ក្រុង​ឆឹង​ទូ អះអាងថា ខ្លួន​រកឃើញ​វត្តមាន​វីរុស​ជំងឺ​កូ​វីដ​-១៩ នៅ​ម្ហូប​ដែល​ដាក់​ក្នុង​ទូទឹកកក ក៏ដូចជា​លើ​ជ្រុ​ញ​ហាន់​របស់​អ្នក​ទាំ​ពីរ​។​
 
​នៅ​ថ្ងៃទី​៨ ធ្នូ​មន្ត្រី​ទីក្រុង​ឆឹង​ទូ បានធ្វើ​តេស្ត​កូ​វីដ​-១៩​លើ​មនុស្ស​ចំនួន​២៥៥,២០០​នាក់ ដោយ​រកឃើញ​មនុស្ស​ចំនួន​៦​នាក់​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ដែល​ក្នុងនោះ​មាន​មួយ​ករណី​ដែល​មិន​បញ្ចេញ​រោគសញ្ញា​។ ក្រោយ​មាន​ករណី​ថ្មី​នេះ​ភ្លាម សាលារៀន និង​ម​ត្តេ​យ្យ​ក្នុង​សង្កាត់​ដែល​អ្នក​ឆ្លង​ជំងឺ​រស់នៅ​ត្រូវ​បិទទ្វា ខណៈ​សិស្ស និង​គ្រូបង្រៀន​ត្រូវ​នៅ​ដាច់ដោយឡែក​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
 
​កាលពី​ខែ​ដើមខែ​តុលា​កន្លងទៅ អាជ្ញាធរ​សុខាភិបាល​ក្នុង​ក្រុង​ឈី​ង​តៅ ក៏បាន​ធ្វើតេស្ត​មនុស្ស​ចំនួន​ជាង​៩​លាន​នាក់ ក្នុង​រយៈពេល​៥​ថ្ងៃ ក្រោយ​មានការ​ផ្ទុះ​ករណី​ឆ្លង​នៅក្នុង​មន្ទីរពេទ្យ​មួយ​។ ចំណែកឯ​កាលពី​ចុងខែ​តុលា​វិញ ចិន​ក៏បាន​ធ្វើតេស្ត​ប្រជាជន​ចំនួន​៤,៧​លាន​នាក់​ផងដែរ​ក្រោយ​ស្ត្រី​ម្នាក់​ឆ្លង​ជំងឺ​នេះ និង​បានធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ​នៅឯ​ក្រុង Kashgar ខេត្ត​ស៊ីន​ជាំ​ង​។​
 
​ជំងឺ​កូ​វីដ​-១៩ ចាប់ផ្តើម​ផ្ទុះ​ដំបូង​ក្នុង​ក្រុង​វូ​ហាន ប្រទេស​ចិន​។​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ចិន​គ្រប់គ្រង​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​បាន​យ៉ាង​ល្អ ដោយ​មិនមាន​ន​ដល់​២០​ករណី​ផង​ក្នុង​មួយថ្ងៃ​។​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ថ្មីៗ​នះ អាជ្ញា​រធរ ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន តែង​អះអាងថា​ប្រជាជន​ខ្លួន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ពី​អាហារ​វេច​ខ្ចប់​ដែល​នាំចូល​ពី​បរទេស​។​
 
​ជាក់ស្តែង​មន្ត្រី​ក្រុង​ធៀន​ជីន កាលពី​ខែវិច្ឆិកា​បាន​បញ្ជាក់ថា ករណី​ឆ្លង​ក្នុង​ទីក្រុង​មាន​ប្រភព​មកពី​អាហារ​ដែល​នាំចូល​ពី​តំបន់​អាមេរិក​ខាងជើង ដោយ​អះអាងថា ប្រភេទ​ជំងឺ​កូ​វីដ​-១៩​នេះ​ស្រដៀង​ទៅនឹង​ប្រភេទ​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​។ ចំពោះ​រឿងនេះ​អង្គការ​សុខភាព​ពិភពលោក (WHO) អះអាងថា មិនទាន់មាន​ភស្តុតាង​ដែល​មនុស្ស​អាច​ឆ្លង​ជំងឺ​នេះ​ពី​អាហារ ឬ​អាហារ​វេច​ខ្ចប់​ឡើយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៨ ធ្នូ ចិន​មាន​ករណី​ឆ្លង​សរុប​ចំនួន​៨៦,៦៦១​ករណី ជាសះស្បើយ​ចំនួន​៨១,៧៤៣​ករណី និង​ស្លាប់​ចំនួន​៤,៦៣៤​នាក់​៕
 

Tag:
 ចិន​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com