COVID-19
ជាតិ
COVID-19 មាន២ករណីទៀត ១ជាករណីសហគមន៍ និង១ទៀតនាំចូលពីបរទេស
10, Dec 2020 , 7:06 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល នាព្រឹកនេះ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ២ករណីទៀតនៅ​កម្ពុជា ដោយមួយជាករណីសហគមន៍២៨វិច្ឆិកា និង១ទៀតជាករណីនាំចូលពីបរទេស។



ករណីពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា មានអ្នកជំងឺអាយុ៣៧ឆ្នាំ អាសយដ្ឋាននៅ​សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយគាត់បានទៅហាង Zando សាខាបឹងកេងកង ទីតាំងដែលមានមនុស្ស​ចំនួន​៥នាក់ ឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។ ក្រសួងមិនបានបញ្ជាក់កាលបរិច្ឆេទដែលបុរសនោះបានទៅនោះឡើយ។

រីឯករណីនាំចូល អ្នកជំងឺជាបុរសខ្មែរអាយុ២៩​ឆ្នាំ មានអាសយដ្ឋាននៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ គាត់បានមកពីជប៉ុន ឆ្លងកាត់កូរ៉េខាងត្បូង ហើយមកដល់កម្ពុជានៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា។ គាត់តេស្តវិជ្ជមាននាថ្ងៃទី១៣នៃចត្តាឡីស័ក។ កន្លងមក អ្នករួមដំណើរ២នាក់តេស្តវិជ្ជមានកាលពីថ្ងៃទី១ ខែធ្នូ រីឯអ្នកដំណើរ៤៧នាក់ទៀតអវិជ្ជមាន តែ​ក៏កំពុងចត្តាឡីស័កផងដែរ។

សរុបនៅ​កម្ពុជា អ្នកជំងឺកូវីដ-១៩ ឡើង​ដល់​៣៥៦នាក់ ក្នុងនោះ៣៩នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍​២៨​វិច្ឆិកា។ អ្នកជំងឺ​៣០៧នាក់បានជាសះស្បើយ។ អ្នកដែល​កំពុង​សម្រាកព្យាបាល​មាន ៣៦នាក់នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និង​១៣នាក់នៅមណ្ឌល​សុខភាព​ចាក់អង្រែ៕

© រក្សាសិទ្ធិដោយ thmeythmey.com