COVID-19
អន្តរជាតិ
អ្នកដំណើរ​លើ​នាវា Quantum ដែលមាន​ផ្ទុក​កូ​វីដ​-១៩ ត្រលប់មក​អវិជ្ជមាន​វិញ​ហើយ​
10, Dec 2020 , 9:55 am        
រូបភាព
​ក្រសួងសុខាភិបាល​សិង្ហ​បុរី នៅ​ថ្ងៃទី​៩ ខែធ្នូ បាន​អះអាងថា អ្នកដំណើរ​លើ​នាវា​កម្សាន្ត Quantum of the Seas វ័យ ៨៣​ឆ្នាំ ដែល​រកឃើញថា​មាន​ផ្ទុក​វិជ្ជមាន​នៃ​កូ​វីដ​-១៩ មាន​លទ្ធផល​អវិជ្ជមាន​វិញ បន្ទាប់ពី​ធ្វើតេស្ត​ចំនួន​ពីរលើក​ពេលទៅដល់​សិង្ហ​បុរី​វិញ​។



 
​នាវា Quantum of the Seas របស់​ក្រុមហ៊ុន Royal Caribbean International ត្រូវ​ត្រលប់​បក​ក្រោយ​វិញ បន្ទាប់ពី​រកឃើញថា បុរស​វ័យ ៨៣​ឆ្នាំ​ម្នា​ក់មាន​ផ្ទុក​កូ​វីដ​-១៩ បន្ទាប់ពី​ប្រតិបត្តិការ​លើ​សមុទ្រ​បានជា​ច្រើន​ថ្ងៃ​។ 
 
​បន្ទាប់ពី​ត្រលប់មក​សិង្ហ​បុរី​វិញ បុរស​រូបនេះ ត្រូវ​ធ្វើតេស្ត​សារជាថ្មី​ពីរលើក​ទៀត ដោយ​យក​សំណាក​ចាស់​ដែល​ធ្វើតេស្ត​លើ​នាវា និង​សំណាក​ថ្មី​មួយទៀត​។ លទ្ធផល​ចេញពី​មន្ទីរពិសោធន៍​សុខភាព​សាធារណៈ​សិង្ហ​បុរី (NPHL) បង្ហាញថា អវិជ្ជមាន​ទាំងពីរ​លើក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។ 
 
​យ៉ាងណាក៏ដោយ បុរស​វ័យ ៨៣​ឆ្នាំ​រូបនេះ នឹងត្រូវ​ធ្វើតេស្ត​ម្តងទៀត នៅ​ថ្ងៃទី​១០ ខែធ្នូ ដើម្បី​បញ្ជាក់ ថា​តើ​លោក​មាន​ផ្ទុក​កូ​វីដ​-១៩ ឬក៏​អត់​។ ចំណែក​អ្នកពាក់ព័ន្ធ ដូចជា​អ្នកដំណើរ​លើ​នាវា និង​បុគ្គលិក​បម្រើការ​លើ​នាវា ក៏ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ផងដែរ​។ 
 
​យ៉ាងណាមិញ ក្រុមហ៊ុន Royal Caribbean បាន​អះអាងថា ក្រុមហ៊ុន​ខ្លួន នឹង​អនុញ្ញាត​ឲ្យ​នាវា​ធ្វើ​ប្រតិបត្តិការ​ជាថ្មី នៅ​ថ្ងៃទី​១៤ ខែធ្នូ ខាងមុខ ដោយមាន​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​យ៉ាង​ត្រឹមត្រូវ គោរព​វិធាន​អនាម័យ ការរក្សា​គម្លាត​សុវត្ថិភាព និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​សិង្ហ​បុរី​។ 
 
​គួររំលឹកថា សិង្ហ​បុរី បានអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ចំនួន ពីរ​ខ្សែ​ប្រតិបត្តិ​ឡើងវិញ​នៅក្នុង​ខែវិច្ឆិកា ដោយមាន​ភ្ជាប់​ជាមួយ​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ មួយចំនួន​។ រាល់​នាវា​ទេសចរណ៍ ដែល​ប្រតិបត្តិការ​នៅលើ​ផ្ទៃសមុទ្រ ត្រូវ​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​ចេញចូល​ត្រឹមត្រូវ និង​មាន​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម សម្រាប់​អ្នកជំងឺ​លើ​នាវា​ជាដើម​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​៩ ខែធ្នូ សិង្ហ​បុរី មាន​ករណី​ឆ្លង​សរុប​ចំនួន ៥៨២៩១​ករណី អ្នកស្លាប់​មាន​ចំនួន ២៩​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៥៨១៨២​នាក់​៕ 

Tag:
 ​សិង្ហ​បុរី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com