COVID-19
ជាតិ
លោកស្រី ឱ វណ្ណឌីន ពន្យល់ពីមូលហេតុដែលក្រសួងឈប់ដាក់រូបថតអ្នកកើតកូវីដ-១៩
10, Dec 2020 , 10:15 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
ក្រោយករណីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងសុខាភិបាលបញ្ចេញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំ។ ខុសពីប៉ុន្មានថ្ងៃកន្លងមក សេចក្តីជូនព័ត៌មានរបស់ខ្លួន ក្រសួងមិនបានបង្ហោះរូបថតអ្នកកើតករណីថ្មីទាំងពីរនោះឡើយ ប៉ុន្តែរក្សាឈ្មោះអ្នកទាំងនោះ។



ឆ្លើយតបនឹងចម្ងល់របស់អ្នកសារព័ត៌មានតាមតេឡេក្រាម លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា៖ «យើងដាក់រូបថតតែពេលដែលសកម្មក្នុងការរុករក។  តែពេលនេះ  មិនមានតម្រូវការដាក់ទៀតទេ  ដោយយើងគោរពសិទ្ធិរបស់បុគ្គលដែរណា។ ដាក់ត្រឹមឈ្មោះសិន  នៅពេលយើងគ្រប់គ្រងបានទាំងស្រុងហេីយ  យើងត្រូវត្រឡប់ទៅរកការមិនបញ្ចេញឈ្មោះទៀតផងដែរ។  អរគុណនូវការយោគយល់លើបញ្ហានេះ»។

លោកស្រី ឱ វណ្ណឌីន ដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាល ផងដែរនោះ បានលើកឡើងថា បច្ចុប្បន្ន ករណីឆ្លងហាក់ដូចជាថមថយខ្លះ ដែលតម្រូវឲ្យមានការគិតគូពីសេចក្តីថ្លៃថ្នូ និងសិទ្ធិរបស់បុគ្គលពីពីព្រោះគ្មានអ្នកណាម្នាក់ចង់ឲ្យមានការឆ្លងនោះឡើយ។  

«អ្វីដែលសំខាន់នោះ  គឺយើងត្រូវតែបន្តការប្រុងប្រយ័ត្នថែមទៀត ក្រែងលោ វីរុសកូវីដ-១៩ នេះ វានៅចរាចរកន្លែងផ្សេងទៀតដែលយើងមិនទាន់បានដឹង ព្រោះពេលនេះ គឺជាការចម្លងក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយហានិភ័យនីខ្ពស់នៅឡើយទេណា។   យើងមិនត្រូវធ្វើការសន្និដ្ឋានមុននឹងមានការវាយតម្លៃពីក្រុមការងារឡើយ»។  នេះជាការលើកឡើងរបស់អ្នកនាំពាក្យ។

ចំពោះការបង្ហោះរូបថតអ្នកជំងឺកូវីដ-១៩ កន្លងមក ក្រសួងសុខាភិបាល បានបញ្ជាក់ពីប្រសិទ្ធភាពក្នុងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងមិនផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីឲ្យពួកគេទៅធ្វើចត្តាឡីស័ក។ ប៉ុន្តែជាមួយគ្នានោះ មានបុគ្គលមួយចំនួនបានយករូបទាំងនោះទៅប្រើប្រាស់ក្នុងន័យលេងសើច និងរើសអើង៕


© រក្សាសិទ្ធិដោយ thmeythmey.com