ជាតិ
សង្គមជាតិ
ពលរដ្ឋ​នៅ​ព្រែក​ឯង រក្សា​ទម្លាប់​ត្រងទឹក​ភ្លៀង​ទុក​ប្រើប្រាស់ ទោះបី​មាន​បណ្តាញ​ទឹកស្អាត​ក៏ដោយ​
10, Dec 2020 , 5:35 pm        
រូបភាព
​ទោះ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ពេញបរិបូរណ៍​ពី​រដ្ឋាករទឹក​ក៏ដោយ ក៏​ពលរដ្ឋ​មួយចំនួន​នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅតែ​រក្សា​ទម្លាប់​សន្សំ​ទឹកភ្លៀង​ទុក​សម្រាប់​ប្រើការ​ប្រាស់​រាល់ថ្ងៃ​។ ពួកគាត់​អះអាងថា នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​សន្សំសំចៃ ពោលគឺ​រួមចំណែក​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការប្រើប្រាស់​ទឹក​ដែល​ត​បណ្តាញ​ពី​សហគមន៍ ឬ​រដ្ឋាករទឹក​។​

 
​អ្នកស្រី រាជ សិទ្ធី មាន​ទម្លាប់​រក្សា​ឬ​សន្សំ​ទឹកភ្លៀង​សម្រាប់​ប្រើប្រាស់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ​។ ជុំវិញ​នៃ​បរិវេណ​ផ្ទះ​របស់​ស្ត្រី​វ័យ​៦៧​ឆ្នាំ​រូបនេះ មាន​ពាង​ស្តុក​ទឹក​មាន​ចំនួន​៧ ដោយ​តម្រង់​គ្នា​ជា​ជួរ​នៅក្រោម​បំពង​ទុយោ​បង្ហូរទឹក​ដែល​ត​ភ្ជាប់​ពី​ដំបូលផ្ទះ​មក​។​
 
«​ភ្លៀង​ធ្លាក់ទឹក​ហើយ យើង​តែ​ចេះ​ត្រង​ទុក​ទៅ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ទឹកភ្លៀង​នេះ ក៏​អាចជួយ​កាត់បន្ថយ​ថវិកា​ចំណាយ​លើ​ការប្រើប្រាស់​ទឹកស្អាត​[​ដែល​ត​ពី​បណ្តាញ​សហគមន៍​ឬ រដ្ឋាករទឹក​] បាន​ចំណែក​ផងដែរ​»​។ អ្នកស្រី រាជ សិទ្ធី បានលើកឡើង​ដូច្នេះ ដោយ​បន្តថា ទឹកភ្លៀង​ដែល​ត្រង​បាន​នា​រដូវវស្សា គឺ​ប្រើ​សម្រាប់តែ​ផឹក និង​ដាំ​ស្ល​តែប៉ុណ្ណោះ​។ រីឯ ការ​ងូត  បោកគក់  លាង​សម្អាត​នានា គឺ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ទឹកស្អាត​។ 
 

អ្នកស្រី ចាប សយ ដែលជាពលរដ្ឋរស់នៅក្នុងភូមិតាព្រហ្ម នៃសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​សម្រាប់​អ្នកស្រី ចាប សយ ដែលជា​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​តា​ព្រហ្ម នៃ​សង្កាត់​ព្រែក​ឯង ក៏មាន​ទម្លាប់​សន្សំ​ទឹកភ្លៀង​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃនោះ​អស់​រយៈពេល​៣០​ឆ្នាំ​មកហើយ​ផងដែរ​។ រាល់​ឆ្នាំ​ឱ្យតែ​ភ្លៀង អ្នកស្រី ចាប សយ តែងតែ​ត្រងទឹក​ភ្លៀង​បាន​ពេញៗ​ពាង និង​អាង​ឬ​លូ​ស្តុក​ទឹក​នានា​តែម្តង​។ ពាង និង​លូ​ស្តុក​ទឹកភ្លៀង​របស់​គ្រួសារ​អ្នកស្រី ចាប សយ មាន​ប្រមាណ​១០​។ 
 
​បើតាម​ជីដូន​វ័យ​៨១​ឆ្នាំ​រូបនេះ ទឹកភ្លៀង​ដែល​ត្រង​បាន​រាល់​ឆ្នាំ​នោះ អាច​យកទៅ​ដាំ​-​ស្ល និង​ផឹក បាន​រហូតដល់​៥-៦​ខែ ក្នុង​គ្រួសារ​ដែលមាន​សមាជិក​ចំនួន​៨​នាក់​។ ប្រពៃណី​សន្សំ​ទឹកភ្លៀង​របស់​គ្រួសារ​អ្នកស្រី ចាប សយ អាច​កាត់បន្ថយ​ចំណាយ​លើ​ការប្រើប្រាស់​ទឹកស្អាត​បាន​ជិត​៥០​ភាគរយ​ក្នុង​មួយខែ​។  ពលរដ្ឋ​វ័យ​៨១​ឆ្នាំ​រូបនេះ​បាន​រៀបរាប់ថា​៖«​ការ​សន្សំ​ទឹកភ្លៀង​ទុក​ប្រើ​ប្រចាំ​ថ្ងៃនេះ អាចជួយ​កាត់បន្ថយ​ការចំណាយ​យើង​បាន​ច្រើន​គួរសម​ដែរ​។ ពេល​យើង​មាន​ទឹកភ្លៀង​ប្រើ​ទៅ យើង​ចំណាយ​ថ្លៃ​ទឹកស្អាត​អស់​តែ​២-៣​ម៉ឺន​រៀល​ទេ​ក្នុង​មួយខែ​។ បើ​អត់​ទឹកភ្លៀង​ប្រើ យើង​ចំណាយ​ថ្លៃ​ទឹក​អស់​៥-៦​ម៉ឺន​រៀល​ក្នុង​មួយខែ​»​។​
 


លោក ថី ច័ន្ទោ មន្ត្រីជំនាញសុខភាពនិងអនាម័យនៃក្រសួងអភិវឌ្ឍន៍ជនបទ

​លោក ថី ច័​ន្ទោ មន្ត្រី​ជំនាញ​សុខភាព​និង​អនាម័យ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ប្រពៃណី​សន្សំ​ទឹកភ្លៀង បាន​លើកឡើងថា នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុងការ​សន្សំ​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​របស់​នៅ​ប្រចាំថ្ងៃ ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​នៅរស់​នៅក្នុង​តំបន់​ដែល​ពុំទាន់​មាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ចូលដល់​ឬ​តំបន់​ខ្សត់​ទឹក​។ 
 
​លោក​បន្ថែមថា​ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ពុំទាន់​មាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ឬ​រស់នៅក្នុង​តំបន់​ខ្សត់​ទឹក អាច​ប្រើ​ពាង​ឬ​លូ​សម្រាប់​ត្រងទឹក​ភ្លៀង​នៅ​រដូវវស្សា ដែល​អាច​ប្រើ​បាន​ពេញ​មួយ​រដូវប្រាំង​។ ទឹកភ្លៀង​ដែល​ត្រងនេះ ប្រើ​សម្រាប់តែ​ផឹក និង​ដាំ​ស្ល​តែប៉ុណ្ណោះ​។​
 
​យោងតាម​ការ​សៀវភៅ​ណែនាំ​សម្រាប់​សហគមន៍​ស្តីអំពី សុខភាព​បរិស្ថាន (A Community Guide to Environmental Health) ដែល​ចេញផ្សាយ​ដោយ​ភ្នាក់ងារ​មគ្គុទ្ទេសក៍​សុខ​ភាព Hesperian Health Guides ការ​ត្រង​ទឹកភ្លៀង​គឺជា​វិធី​មួយ​ដែល​ងាយ​បំផុត​និង​មាន​ប្រសិទ្ធភាព​បំផុត​។ ទឹកភ្លៀង​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ផឹក លើកលែងតែ​ក្នុង​តំបន់​ដែលមាន​ការបំពុល​ក្នុង​ខ្យល់​។ 
 


 អ្នកស្រី ចាប សយ ដែលជាពលរដ្ឋរស់នៅក្នុងភូមិតាព្រហ្ម នៃសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 



​ការ​ត្រង​ទឹកភ្លៀង​ត្រូវបាន​ចាត់ទុក​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ចំពោះ​ការខ្វះខាត​ទឹក​និង​សុវត្ថិភាព​ទឹក​ដោយ​អ្នកអនុវត្ត​ត្រូវ​ប្រាកដថា​ធុង​ដាក់​ទឹកភ្លៀង មាន​ភាព​ស្អាត និង​មិន​ធ្លាប់​ដាក់​សារធាតុ​គីមី​ពុល ដូចជា​ប្រេង​ឬ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ឡើយ​។​
 
​ដើម្បី​ធ្វើ​ឲ្យ​ទឹកភ្លៀង​មាន​សុវត្ថិភាព​សម្រាប់​ផឹក សៀវភៅ​ណែនាំ​សម្រាប់​សហគមន៍​ស្តីអំពី សុខភាព​បរិស្ថាន បាន​ណែនាំ​ឲ្យ សម្អាត​អាង​(​ពាង​/​ធុង​), បំពង់​បង្ហូរ​ចូល​, ដំបូល​, និង​ទរ​ទឹក មុន​រដូវភ្លៀង​មកដល់ មិនត្រូវ​ដាក់​ទឹក​នៅក្នុង​ធុង​ដែល​ធ្លាប់​ដាក់​ប្រេង​, ថ្នាំ​សម្លាប់​សត្វល្អិត​, ឬ​សារ​ធាតុគីមី​ពុល​ដទៃទៀត ឲ្យ​ទឹកភ្លៀង​ដំបូង​ហូរ​លាង​សម្អាត​ធុង​ចោល​សិន​។​
 


​គ្រប​ធុង និង​ដាក់​ប្រដាប់​ចម្រោះ​ឬ​ក្រណាត់​នៅ​ចុង​បំពង់​បង្ហូរទឹក ដើម្បី​កុំ​ឲ្យ​សត្វ ស្លឹកឈើ និង​ដី​ចូល​។ វា​ក៏​ជួយ​បង្ការ​កុំ​ឲ្យ​សត្វ​មូស​បន្ត​ពូជ​ផងដែរ​។ បង្ហូរទឹក​យក​ប្រើ​តាម​បំពង់​មួយ បើ​អាច​។ ប្រសិនបើ​ប្រើ​ធុង​ទឹក​ឬ​ប្រដាប់​ដាក់​ទឹក​ផ្សេងទៀត យកមក​ដងទឹក ត្រូវ​ប្រាកដថា​វា​មិន​ប្រឡាក់​។​
 
«​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​បន្ថែម ចូរ​បន្ថែម​ក្ល​រី​ន​ទៅក្នុង​អាង ឬ​ដាក់​ប្រដាប់​ចម្រោះ​ទឹក​ជាប់​នឹង​អាង​។ មិនត្រូវ​កូរទឹក​ឡើយ​។ ធ្វើ​របៀបនេះ​ដើម្បី​កុំ​ឲ្យ​កករ​ឬ​មេរោគ​ក្នុង​អាង រង​និង​ធ្លាក់​ទៅ​បាត​អាង​។ ជូត​សម្អាត​ដំបូលផ្ទះ​ឲ្យ​បាន​ញឹកញាប់ នឹង​ជួយ​ធ្វើ​ឲ្យ​ទឹកភ្លៀង​ដែល​ត្រង​បាន​នៅតែ​ស្អាត​»​។ នេះ​ជាការ​ណែនាំ​បន្ថែម​នៅក្នុង​សៀវភៅ A Community Guide to Environmental Health ដែល​ចេញផ្សាយ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ភាសា​ជាច្រើន​ទៀត​៕
 

Tag:
 ទឹកភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com