COVID-19
ជាតិ
ព្រឹកនេះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាត្រូវធ្វើតេស្តជាលើកទី៣
12, Dec 2020 , 6:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នាវេលាចាប់ពីម៉ោង៧ព្រឹកនេះជាថ្ងៃដែលអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងព្រឹត្តិការណ៍២៨វិច្ឆិកាទាំងអស់ធ្វើតេស្តជាលើកទី៣ ដើម្បីបញ្ជាក់ថាអ្នកទាំងនោះវិជ្ជមាន ឬអវិជ្ជមានកូវីដ-១៩។



ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងព្រឹត្តិការណ៍២៨វិច្ឆិកា គឺមានចាប់ពីថ្នាក់មន្ត្រីជាន់ខ្ពស់ រហូតដល់ពលរដ្ឋ។  ក្រសួងបានប្រកាសទីតាំងមួយចំនួនដើម្បីឲ្យមន្ត្រីរាជការទាំងនោះធ្វើតេស្តជាលើកទី៣។ ទីតាំងទាំងនោះមានដូចជា ផ្ទះសម្តេចពញាចក្រី ហេង សំរិន សម្រាប់ធ្វើតេស្តសម្តេច និងក្រុមគ្រួសារបស់សម្តេច។

ផ្ទះសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ធ្វើតេស្តសម្តេច និងក្រុមគ្រួសារបស់សម្តេច។ នៅរដ្ឋសភា សម្រាប់មន្ត្រីរដ្ឋសភា។ ផ្ទះលោក ហ៊ុន ម៉ានី សម្រាប់ធ្វើតេស្តលោក និងគ្រួសារបស់លោក។ នៅក្រសួងមហាផ្ទៃសម្រាប់បុគ្គលិក និងមន្ត្រីរាជការស៊ីវិល។ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្សរក្សសម្តេចតេជា។

ពហុកីឡាដ្ឋានជាតិអូឡាំពិកសម្រាប់ពលរដ្ឋទូទៅ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលនឹងព្រឹត្តិការណ៍២៨វិច្ឆិកា។ ចំណែកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា នៅតាមបណ្តាខេត្តមួយចំនួន អាចទៅបន្តធ្វើតេស្តនៅតាមមន្ទីរសុខាភិបាលខេត្ត ដែលក្រុមអ្នកជំនាញបានរៀបចំ។

គិតត្រឹមថ្ងៃទី១១ ខែធ្នូ អ្នកកើតកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឡើងដល់៤០នាក់ ក្នុងនោះមានប្រុស២១នាក់ ស្រី១៩នាក់។ ការតេស្តលើកទី៣សម្រាប់អ្នកពាក់ព័ន្ធ ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ នៅក្រសួងមហាផ្ទៃ កីឡដ្ឋានជាតិអូឡាំពិក និងទីតាំងផ្សេងៗទៀតដែលបានកំណត់។

សរុបនៅកម្ពុជាទាំងមូល អ្នកកើតកូវីដ-១៩ មានចំនួន៣៥៧នាក់ ក្នុងនោះ៣០៧នាក់ បានជាសះស្បើយ។ អ្នកជំងឺដែលកំពុងសម្រាកព្យាបាល មាន៣៧នាក់នៅពេទ្យមិត្តភាពខ្មែរ សូវៀត និង១៣នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕




© រក្សាសិទ្ធិដោយ thmeythmey.com