COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ការបញ្ចេញឧស្ម័នកាបូនិកលើពិភពលោកធ្លាក់ចុះ ៧ភាគរយ ដោយសារកូវីដ-១៩
12, Dec 2020 , 9:30 am        
រូបភាព
ទិដ្ឋភាពផ្លូវមួយក្នុងទីក្រុងប៉េកាំងដែលមានឡានបើកបរជាច្រើនគ្រឿង។ រូបភាព Xinhua
ទិដ្ឋភាពផ្លូវមួយក្នុងទីក្រុងប៉េកាំងដែលមានឡានបើកបរជាច្រើនគ្រឿង។ រូបភាព Xinhua
ការបញ្ចេញកាបូនទៅក្នុងបរិយាកាសបានធ្លាក់ចុះប្រមាណ ៧ភាគរយ នៅក្នុងឆ្នា២០២០ បើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនេះ បណ្តាលមកពីការរាតត្បាតរបស់កូវីដ-១៩ ។ នេះបើតាមបើតាមទិន្នន័យវិទ្យាសាស្រ្តមួយដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ។ ប៉ុន្តែគេរំពឹងថា ការបញ្ចេញឧស្ម័នកាបូនិក នឹងកើនឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតសកលត្រូវបញ្ចប់។



តាមរយៈទិន្នន័យបឋម ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ The Global Carbon Project ពិភពលោក បានបញ្ចេញឧស្ម័នកាបូនិក ចូលទៅក្នុងបរិយាកាស៣៧ពាន់លានតោននៅក្នុងឆ្នាំ ២០២០។ ចំនួននេះ ធ្លាក់ចុះជាង ៣លានតោន ឬប្រមាណ ៧ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៩ ដែលពិភពលោក បានបញ្ចេញឧស្ម័នកាបូនិករហូតដល់ ៤០,១ពាន់លានតោន។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ បានបញ្ជាក់ថា ការធ្លាក់ចុះនៃការបញ្ចេញឧស្ម័នកាបូនិករបស់ពិភពលោកបែបនេះ ដោយសារប្រជាជនស្នាក់នៅផ្ទះ ការបិទប្រទេស ឬទីក្រុង ការធ្វើដំណើរតាមរថយន្ត និងយន្តហោះតិចជាងមុន និងបញ្ហាផ្សេងទៀត។ យ៉ាងណាមិញ ការបញ្ចេញឧស្ម័នកាបូននេះ នឹងកើនឡើងវិញ នៅពេលជំងឺកូវីដ-១៩ ត្រូវបញ្ចប់។

ការវាយតម្លៃនេះ គឺផ្នែកលើរបាយការណ៍ស្តីពីការប្រើប្រាស់ថាមពល ផលិតផលឧស្សាហកម្ម និងការធ្វើដំណើរប្រចាំថ្ងៃជាដើម។

កន្លងមក ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមនេះ ក៏ធ្លាប់វាយតម្លៃផងដែរថា ការបញ្ចេញឧស្ម័ននឹងធ្លាក់ចុះពី ៤ភាគរយ ទៅ ៧ភាគរយ ដោយផ្អែកលើការវិវឌ្ឍរបស់កូវីដ-១៩ ។ ដោយសារករណីឆ្លង និងការបិទតំបន់នៅតែបន្តកើតមាន វាបានធ្វើឲ្យការបញ្ចេញឧស្ម័នកាបូនិក ធ្លាក់ចុះរហូតដល់ ៧ភាគរយបែបនេះ។

សម្រាប់ទិន្នន័យតាមប្រទេស ការបញ្ចេញកាបូនរបស់អាមេរិក បានធ្លាក់ចុះ១២ភាគរយ ខណៈអឺរ៉ុបធ្លាក់ចុះរហូតដល់ ១១ភាគរយ។ ដោយឡែកចិនវិញ ធ្លាក់ចុះត្រឹមតែ ១,៧ភាគរយប៉ុណ្ណោះ ដោយសារតែប្រទេសមួយនេះ អាចទប់ស្កាត់កូវីដ-១៩ ល្អ និងអាចឲ្យសេដ្ឋកិច្ចដំណើរការបានល្អជាងប្រទេសផ្សេង ហើយសកម្មភាពធ្វើដំណើរនានាអាចចាប់ផ្ដើមឡើងវិញមុនគេ ដែលនាំឲ្យការបញ្ចេញឧស្ម័នពុលកកើនវិញដែរ។

បើទោះបីជាបរិមាណបញ្ចេញលើពិភពលោកធ្លាក់ចុះចំនួន៧ភាគរយក៏ពិតមែន ទំហំដែលពិភពលោកបញ្ចេញកាបូនចូលទៅក្នុងបរិយាកាសនៅតែច្រើនដដែល។ ក្នុងឆ្នាំ២០២០ កាបូនត្រូវបានប៉ាន់ប្រមាណថា បានបញ្ចេញទៅក្នុងខ្យល់ចំនួន១១៨៥តោនក្នុងមួយវិនាទី៕


© រក្សាសិទ្ធិដោយ thmeythmey.com