COVID-19
ជាតិ
រកឃើញអ្នកជំងឺកូវីដ-១៩ ២នាក់ទៀត ដែលមកពីហ្ស៊កដានី និងម៉ាលី
× ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី១៣ ខែធ្នូ បានប្រកាសពីករណីវិជ្ជមានកូវីដ-១៩ លើបុរស២នាក់ ដែលទើបមកពីប្រទេសហ្ស៊កដានី និងម៉ាលី។ ករណីនេះនាំឲ្យកម្ពុជា មានអ្នកឆ្លងសរុប៣៥៩នាក់ និងសះស្បើយ៣០៧នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសជនជាតិហ្ស៊កដានី មានអាយុ៤៧ឆ្នាំ បានធ្វើដំណើរមកពីប្រទេសហ្ស៊កដានី ហើយមកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ។ ចំណែកបុរសខ្មែរអាយុ៣២ឆ្នាំម្នាក់ទៀត ទើបតែមក ពីប្រទេសម៉ាលី ហើយមកដល់កម្ពុជានៅថ្ងៃទី១១ ខែធ្នូ។
អ្នកធ្វើដំណើររួមជាមួយនឹងបុរសទាំងពីរនាក់ខាងលើនេះមានចំនួន១៣៨នាក់ បានធ្វើតេស្តដោយលទ្ធផលគឺអវិជ្ជមាន។ ប៉ុន្តែពួកគេនឹងបន្តធ្វើចតា្តឡីស័ក និងគោរពទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
បើតាមក្រសួងសុខាភិបាល បច្ចុប្បន្នបុរសទាំងពីរនាក់នេះ ត្រូវបានសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងហង់សិន។ ដោយឡែកនៅថ្ងៃនេះដែរ មិនមានករណីអ្នកជាសះស្បើយនោះទេ។
ចំពោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាដែលបានធ្វើតេស្តលើកទី៣កាលពីថ្ងៃទី១២ ខែធ្នូ បានបង្ហាញថា អវិជ្ជមានកូវីដ-១៩។ ក្នុងចំណោមនោះគឺមានតែ៤០នាក់ទេដែលឆ្លងកូវីដ-១៩ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com