COVID-19
ជាតិ
លទ្ធផលចុងក្រោយ សម្ដេច ស ខេង និងភរិយា អវិជ្ជមានកូវីដ-១៩
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រកាសទាំងយប់ថ្ងៃទី១២ ធ្នូ ថា សម្ដេច និងភរិយា គ្មានជំងឺកូវីដ-១៩ ឡើយ នៃការធ្វើតេស្តលើកទី៣ ចុងក្រោយនេះ។ ដោយឡែកមនុស្សពាក់ព័ន្ធ២០១នាក់ ដែលនៅគេហដ្ឋានរបស់សម្ដេច ក៏អវិជ្ជមានដែរ។
រដ្ឋមន្ត្រីមហាផ្ទៃ សរសេរនៅលើហ្វេសប៊ុកដូច្នេះថា៖«តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារយកសំណាក និងតាមដានសុខភាពរបស់យើងខ្ញុំទាំងអស់គ្នា តាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក»។
បន្ថែមពីនេះសម្ដេច ស ខេង ក៏អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តវិធានការប្រឆាំងកូវីដ-១៩របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំជាដើម។ បើតាមសម្ដេច ព្រឹត្តិកាណ៍សហគមន៍២៨វិច្ឆិកា មិនទាន់បានបញ្ចប់នៅឡើយទេ។
ចំពោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មានអ្នកជំងឺកូវីដ-១៩ កើនឡើង៤០នាក់ហើយ ខណៈមនុស្សរាប់ពាន់អ្នកផ្សេងទៀត ធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ ខែធ្នូ លទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ-១៩។
គិតត្រឹមថ្ងៃទី១៣ ធ្នូនេះ កម្ពុជា មានអ្នកឆ្លងសរុប៣៥៩នាក់ និងសះស្បើយ៣០៧នាក់។ចំណែកមនុស្ស៣៤នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ,មណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ១១នាក់ និង៧នាក់ទៀត សម្រាក់ព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន៕
© រក្សាសិទ្ធិដោយ thmeythmey.com