សង្គមអន្តរជាតិ​
អន្តរជាតិ
សហរដ្ឋអាមេរិក បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​មជ្ឈិមបូព៌ា​ជាស​ញ្ញា​ព្រមាន​អ៊ីរ៉ង់​
14, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ យន្តហោះ​ទម្លាក់​គ្រាប់បែក B-52H​។​
​រូប​ឯកសារ​៖ យន្តហោះ​ទម្លាក់​គ្រាប់បែក B-52H​។​
ដោយ: VOA
​យោធា​សហរដ្ឋអាមេរិក បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52H ចំនួន​២​គ្រឿង ពី​សហរដ្ឋអាមេរិក​ទៅ​មជ្ឈិមបូព៌ា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​រារាំង​មិន​ឲ្យ​អ៊ីរ៉ង់​វាយប្រហារ ដែល​អាច​កើតមាន​ចំពេល​តំបន់​នេះ មាន​ហានិភ័យ​ច្រើនឡើង​។ នេះ​បើ​យោងតាម​មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​។​

 
​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​បាន​ប្រាប់​វី​អូ​អេ​ថា​«​ការហោះហើរ​មិនមែនជា​សកម្មភាព​វាយប្រហារ​ទេ គឺ​គ្រាន់តែ​រារាំង​ប្រទេស​អ៊ីរ៉ង់​តែប៉ុណ្ណោះ​»​។ មន្ត្រី​នោះ​បន្ថែមថា យោធា​ស​.​រ​.​អា​. បានឃើញ​សញ្ញា​បង្កបញ្ហា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​នាពេល​ថ្មីៗ​នេះ​ថា អ៊ីរ៉ង់ ឬ​កងកម្លាំង​គាំទ្រ​ដោយ​អ៊ីរ៉ង់ ប្រហែលជា​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​។​
 
​សញ្ញា​ទាំងនោះ គួបផ្សំ​នឹង​ការកាត់បន្ថយ​ចំនួន​ទាហាន​អាមេរិក​នៅ​អ៊ីរ៉ាក់​និង​ខួប​នៃ​ការវាយប្រហារ​របស់​អា​មេ​រិ​ក ដែល​បានសម្លាប់​មេបញ្ជាការ​កងកម្លាំង​អ៊ីរ៉ង់ គឺ​លោក Qassem Soleimani នោះ បានធ្វើ​ឲ្យ​ហានិភ័យ​មាន​កម្រិត​លើស​«​មធ្យមភាគ​» ធ្វើ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​គិត​ខុស​។​
 
​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52H ទាំងពីរ​គ្រឿង បាន​ចាក​ចេញពី​មូលដ្ឋាន​ទ័ពអាកាស Barksdale ក្នុង​រដ្ឋ Louisiana ហើយ​មិនបាន​ទម្លាក់​គ្រាប់បែក​ក្នុងអំឡុងពេល​បំពេញបេសកកម្ម​«​ភ្លាមៗ​»​នេះឡើយ​។ ផ្ទុយទៅវិញ​បេសកកម្ម​ទៅកាន់​តំបន់​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ទប់ស្កាត់​ការឈ្លានពាន និង​ធានា​ដល់​សម្ព័ន្ធមិត្ត​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​បញ្ជាការ​កណ្តាល​សហរ​ដ្ឋ​អាមេរិក (CENTCOM) ដែល​ត្រួតពិនិត្យ​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា​។​
 
​កាលពី​ខែ​មុន​ក្រសួងការពារជាតិ​ស​.​រ​.​អា​. បានប្រកាសថា ខ្លួន​នឹង​ដក​កងទ័ព​អាមេរិក​ចំនួន​៥០០​នាក់​ចេញពី​ប្រទេស​អ៊ីរ៉ាក់ មុន​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ចូលកាន់​តំណែង​នៅ​ឆ្នាំក្រោយ​។ ភាព​តានតឹង​នៅតែមាន​កម្រិត​ខ្ពស់​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់ ក្នុងពេល​មួយឆ្នាំ​កន្លងមកនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com