COVID-19
ជាតិ
COVID-19៖ មាន៣ករណីទៀតក្នុងនោះ២នាំចូលពីបរទេស និង១ជាករណីសហគមន៍
15, Dec 2020 , 7:14 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ: រួបរួម
ក្រសួងសុខាភិបាល នាថ្ងៃនេះ បាន​ប្រកាសពីករណីវិជ្ជមានកូវីដ-១៩ ចំនួន​៣ករណីទៀត ដោយ២ជាករណីនាំចូល និង១ជាករណីពាក់ព័ន្ធសហគមន៍​២៨វិច្ឆិកា។



ករណីសហគមន៍២៨វិច្ឆិកា ជាកុមារាអាយុ១ឆ្នាំ ម្នាក់ ដែលមានអាសយដ្ឋាននៅ​សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ កុមារនោះជាកូនរបស់ស្ត្រីអ្នកជំងឺ​អាយុ៣០ឆ្នាំ ដែលបាន​តេស្តឃើញវិជ្ជមាន​កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា។ ករណីទី៤១ក្នុងសហគមន៍នេះ ឃើញវិជ្ជមានកូវីដ-១៩ ក្រោយតេស្តលើកទី៣។

រីឯករណីនាំចូល២មាន ស្ត្រីខ្មែរ-អាមេរិកអាយុ​៦៦​ឆ្នាំ ដែលមកពីអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង និងមកដល់កម្ពុជា​នៅថ្ងៃទី១៣ ខែធ្នូ។ អ្នករួមដំណើរ​១០៤នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។ ១ករណីទៀត ជាស្ត្រីជប៉ុន​អាយុ​៣៤ឆ្នាំ ដែលមកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ដូចគ្នា រួមជាមួយអ្នកដំណើរ៦៤នាក់ទៀត ដែលបន្តចត្តាឡីស័ក។

ជាមួយគ្នានេះ ក្រសួងបាន​ប្រកាសពីករណីសះស្បើយ​ ដោយទាំង៣ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា ក្នុងនោះមាន បុរសអាយុ​៥៧​ឆ្នាំដែលជាអគ្គនាយកពន្ធនាគារ ស្រ្តីអាយុ​៣០ឆ្នាំ ដែលជាសមាជិកគ្រួសារអ្នកបើករថយន្តឲ្យអគ្គនាយកពន្ធនាគារ និងបុរសអាយុ​៣៤ឆ្នាំដែលធ្វើការនៅក្រសួងមហាផ្ទៃ។ ពួកគាត់មាន​លទ្ធតេស្តអវិជ្ជមាន២ដង។

សរុបនៅកម្ពុជា អ្នកកើតកូវីដ-១៩ ឡើងដល់​៣៦២នាក់ ក្នុងនោះ៣១២នាក់ បានជាសះស្បើយ។ អ្នកជំងឺដែលបន្តសម្រាកព្យាបាល មាន​៣៣នាក់នៅពេទ្យមិត្តភាពខ្មែរសូវៀត ១០នាក់នៅមណ្ឌលសុខភាពចាក់អង្រែ និង​៧នាក់នៅមជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។

ពាក់ព័ន្ធនឹង​ព្រឹតិ្តការណ៍សហគមន៍​២៨វិច្ឆិកា អ្នកជំងឺមាន៤១នាក់ ក្នុងនោះ​៣នាក់ជាសះស្បើយ។ វិទ្យាស្ថានជាតិប៉ាស្ទ័រ បន្ត​វិភាគវត្ថុសំណាក​៥២៧ ដែលនៅ​សេសសល់​នា​ថ្ងៃ​អង្គារនេះ​បន្ថែមទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com