សង្គមអន្តរជាតិ​
អន្តរជាតិ
ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អ​.​ស​.​ប ថ្កោលទោស​ដល់​ស្ថានភាព​សិទ្ធិមនុស្ស​ដែល​កាន់តែ​ដុនដាប​នៅ​បេឡា​រុស​
16, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ មន្ត្រី​អនុវត្ត​ច្បាប់ បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​នៅពេល​ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំងនឹង​អំពើហិង្សា​របស់​ប៉ូលិស និង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បេឡា​រុស​នៅ​ទីក្រុង Minsk កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ មន្ត្រី​អនុវត្ត​ច្បាប់ បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​នៅពេល​ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំងនឹង​អំពើហិង្សា​របស់​ប៉ូលិស និង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បេឡា​រុស​នៅ​ទីក្រុង Minsk កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
ដោយ: VOA
​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ អ្នកស្រី Michele Bachelet កំពុង​ថ្កោលទោស​លើ​ការរំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​បេឡា​រុស និង​កំពុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នេះ បញ្ចប់​អំពើ​រំលោភបំពាន​លើ​ពលរដ្ឋ​របស់ខ្លួន​។ ឧ​ត្ត​ម​ស្នងការ​រូបនេះ បានបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្នភាព​ក្នុងប្រទេស​បេឡា​រុស​ដោយ​ផ្ទាល់មាត់​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៤ ខែធ្នូ​។​

 
​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី Michele Bachelet និយាយថា ស្ថានភាព​នៅក្នុង​ប្រទេស​បេឡា​រុស​កាន់តែ​ដុនដាប​ទៅៗ​ចាប់តាំងពី​ពេលដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​រៀបចំ​ការជជែក​ដេញដោល​បន្ទាន់​មួយ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ខែកញ្ញា​។ អ្នកស្រី​និយាយថា ការរំលោភបំពាន​នៅតែ​បន្ត​កើនឡើង និង​កាន់តែ​ដុនដាប​ជាង​មុន ចាប់តាំងពី​ការបោះឆ្នោត​ប្រធានាធិបតី​បេឡា​រុស​ដែលមាន​ការរិះគន់​យ៉ាងច្រើន​កាលពី​ថ្ងៃទី​៩ ខែសីហា​។​
 
​អ្នកស្រី Bachelet និយាយថា មនុស្ស​ជាង​២៧.០០០​នាក់ ត្រូវបាន​ចាប់ខ្លួន រួមទាំង​ពលរដ្ឋ​ចាស់ជរា​ដែល​ចូលរួម​នៅក្នុង​ការដើរ​ក្បួន​ដោយ​សន្តិវិធី​ផងដែរ​។ អ្នកស្រី​កត់សម្គាល់ថា ការដាក់ពិន័យ​ទៅលើ​ក្រុមអ្នកតវ៉ា​ទំនងជា​ធ្ងន់​ជាង​មុន ហើយ​មនុស្ស​លើសពី​៩០០​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​ចាត់ទុកជា​ជនសង្ស័យ​នៅក្នុង​រឿងក្តី​ព្រហ្មទណ្ឌ​។​
 
​អ្នកស្រី​បាន​ថ្កោលទោស​ការបង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​ទៅលើ​ការតវ៉ា​ដោយ​សន្តិវិធី ហើយ​អ្នកស្រី​បាន​និយាយថា កងកម្លាំង​ទាំងនោះ បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក កាណុង​បាញ់​ទឹក គ្រាប់កាំភ្លើង​ជ័រ និង​កាំភ្លើង​ឆក់​ដើម្បី​បំបែកហ្វូង​មនុស្ស​។ អ្នកស្រី​និយាយថា មនុស្ស​យ៉ាងហោចណាស់ ៤ នាក់ ត្រូវបាន​សម្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​គេ​វាយដំ​យ៉ាង​ធ្ងន់ ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា​។​

​អ្នកស្រី Bachelet បាន​ថ្លែង​ក្នុងន័យ​ដើម​ថា «​យើង​ក៏មាន​របាយការណ៍​គួរឱ្យ​ទុកចិត្ត​ជាច្រើន​ពី​ពលរដ្ឋ​ដែល​ត្រូវបាន​កងកម្លាំង​សន្តិសុខ​វាយដំ​ក្នុងអំឡុងពេល និង​បន្ទាប់ពី​ពេល​ពួកគេ​ទៅ​ស្ថានីយ​ប៉ូលិស ឬ​មណ្ឌល​ឃុំខ្លួន​។ ប្រសិនបើ​រឿងនេះ​ត្រូវបាន​បញ្ជាក់ថា​ជាការ​ពិត ហេតុការណ៍​ទាំងនេះ នឹង​ជា​អំពើ​អមនុស្សធម៌ ហើយ​នៅក្នុង​ករណី​មួយចំនួន​អាចជា​ការធ្វើ​ទារុណកម្ម​។ លើសពីនេះ​ទៀត បុរសៗ​ដែលមាន​ពាក់​ម៉ាស ដោយ​មិនមាន​ស្លាក​សញ្ញា ឬ​អត្តសញ្ញាណ ជារឿយៗ​ចូលរួម​ក្នុងការ​បំបែក​ក្រុមអ្នកតវ៉ា ស្របពេល​ជាមួយនឹង​ប៉ូលិស​កុបកម្ម​»​។​
 
​អ្នកស្រី​និយាយថា ការណ៍​នេះ​បង្កើន​បរិយាកាស​នៃ​ការភ័យខ្លាច និង​ការមិន​គោរព​ច្បាប់ និង​និ​ទណ្ឌ​ភាព​។ អ្នកស្រី Bachelet បានបង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​ការចោទប្រកាន់​ជាច្រើន​ចំពោះ​ការធ្វើ​ទារុណកម្ម​នៅពេល​ពលរដ្ឋ​ស្ថិតក្នុង​ការឃុំខ្លួន​។ អ្នកស្រី​និយាយថា ពាក្យបណ្តឹង​រហូតដល់ ២.០០០ ពាក្យបណ្តឹង​ត្រូវបាន​គេ​ដាក់​នៅត្រឹម​ចុងខែ​តុលា​។​
 
​អ្នកស្រី Bachelet បាន​ថ្លែង​ក្នុងន័យ​ដើម​ថា «​មនុស្ស​ជាច្រើន​ដែល​ត្រូវបាន​ឃុំខ្លួន​បាន​រាយការណ៍​ថា ត្រូវបាន​គេ​ឃុំ​នៅក្នុង​កន្លែង​ចង្អៀត មិនមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ទោះបី​ជាមាន​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​ក្តី ការបដិសេធ​មិន​ផ្តល់​អាហារ ទឹក និង​ការ​ទៅ​បន្ទប់ទឹក និង​ការព្យាបាល​វេជ្ជសាស្ត្រ​។ ពួកគេ​ក៏បាន​រាយការណ៍​ពី ការវាយដំ​ម្តងម្កាល និង​អំពើហិង្សា ព្រមទាំង​សកម្មភាព​មើលងាយ ប្រមាថ និង​គំរាមកំហែង​ផងដែរ​»​។​
 
​ឧ​ត្ត​ម​ស្នងការ​រូបនេះ កំពុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ភ្លាមៗ​នូវ​អ្នក​ទាំងឡាយណា​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​ខុសច្បាប់ ដើម្បី​គោរព​សិទ្ធិ​នៃ​ការជួបប្រជុំ​ដោយ​សន្តិភាព និង​ដើម្បី​ធានា​ដល់​ការស៊ើបអង្កេត​ឯករាជ្យ និង​មិន​លម្អៀង​មួយ​ទៅលើ​ការចោទប្រកាន់​ពី​ការធ្វើ​ទារុណកម្ម និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ផ្សេងទៀត​។​
 
​ឯកអគ្គរដ្ឋទូត​បេឡា​រុស​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​នៅក្នុង​ក្រុង​ហ្សឺ​ណែវ លោក Yuri Ambrazevich បាន​ចោទប្រកាន់​លើ​អង្គការសហប្រជាជាតិ​ពី​ការ​បំប៉ោង​ស្ថានការណ៍​នៅក្នុង​ប្រទេស​បេឡា​រុស​។ លោក​បាន​និយាយថា ប្រទេស​ដែលមាន​ពោរពេញ​ទៅដោយ​សង្គ្រាម មិនសូវ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ដូច​នៅក្នុង​ប្រទេស​របស់លោក​នោះទេ​។​
 
​មន្ត្រី​រដ្ឋាភិបាល​បេឡា​រុស​រូបនេះ​បាន​និយាយថា សម្ពាធ​ដែល​ដាក់​លើ​ប្រទេស​បេឡា​រុស បាន​រំលោភបំពាន​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ស្តីពី​គោលការណ៍​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធ​បិ​តេ​យ្យ​មួយ​។ លោក​បាន​រិះគន់​សហភាព​អឺរ៉ុប​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​បេឡា​រុស ដោយ​លោក​បាន​និយាយថា វា​ច្បាស់​ណាស់​ថា​នេះ​ជាការ​រំលោភបំពាន​ដល់​ច្បាប់​អន្តរជាតិ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com