អន្តរជាតិ
ហេតុអ្វី​ឥណ្ឌូណេស៊ី នឹង​ផ្លាស់​ទីតាំង​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ទៅ​កោះ​តូច​ដាច់ស្រយាល​
17, Dec 2020 , 7:59 pm        
រូបភាព
​នៅក្នុង​រូប​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​សមុទ្រ​ឥណ្ឌូនេស៊ី (BAKAMLA) កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ បង្ហាញ​ឲ្យ​ឃើញ​នាវា​យាមល្បាត​សមុទ្រ​របស់​ចិន​នៅ​សមុទ្រ Natuna ខាងជើង​។​
​នៅក្នុង​រូប​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​សមុទ្រ​ឥណ្ឌូនេស៊ី (BAKAMLA) កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ បង្ហាញ​ឲ្យ​ឃើញ​នាវា​យាមល្បាត​សមុទ្រ​របស់​ចិន​នៅ​សមុទ្រ Natuna ខាងជើង​។​
ដោយ: VOA
​ក្រុម​អគ្គមេបញ្ជាការ​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាន​និយាយ​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា​ថា ទីបញ្ជាការ​កងទ័ពជើងទឹក នឹង​ផ្លាស់ប្តូរ​ទីតាំង​ជា​អចិន្ត្រៃយ៍​ទៅកាន់​កោះ Natuna ដែល​ស្ថិតនៅ​ចម្ងាយ​១.១០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ហ្សា​កាតា​។​

 
​ក្រុមអ្នកវិភាគ​នៅក្នុង​តំបន់​និយាយថា ផែនការ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុងការ​ប្តូរ​ទីតាំង​បញ្ជាការដ្ឋាន​កង​ប្រយុទ្ធ​ជើង​ទឹក​របស់ខ្លួន​ទៅកាន់​កោះ​តូច​មួយ​ឆ្ងាយ​ពី​រដ្ឋធានី​ហ្សា​ការ​តា គឺ​បង្ហាញ​ពី​ការ​បេ្ត​ជ្ញា​ដើម្បី​រាំងខ្ទប់​នាវា​ចិន ដែល​ឆ្លងកាត់​តំបន់​ដែនទឹក​នេះ ដែលជា​ផ្នែក​មួយ​នៃ​ជម្លោះ​ដែនទឹក​ដ៏​ញាំញី​។​
 
​ទីបញ្ជាការ​កង​ប្រយុទ្ធ​ជើង​ទឹក​ឥណ្ឌូណេស៊ី​នៅ​ក្រុង​ហ្សា​ការ​តា នឹងត្រូវ​ផ្លាស់​ទៅកាន់​ប្រជុំ​កោះ Natuna ដែល​កាលបរិច្ឆេទ​នៃ​ការផ្លាស់ប្តូរ​ទីតាំង​នេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ច្បាស់​នៅឡើយ​នោះទេ ដើម្បី​ឲ្យ​កង​យោធា​ជើង​ទឹក​អាចឆ្លើយតប​បាន​រហ័ស​ជាង​មុន​ទៅនឹង​ឧប្បទ្ទវហេតុ​នានា​នៅ​តំបន់​សមុទ្រ​។ នេះ​បើតាម​អគ្គមេបញ្ជាការ​ជើង​ទឹក​ឥណ្ឌូណេស៊ី​ដែល​ត្រូវបាន​វិទ្យុ​អាស៊ីសេរី​ដកស្រង់​សម្តី​មក​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា​។​
 
​កងទ័ពជើងទឹក​នេះ នឹង​ពង្រឹង​ការការពារ​បូរណភាព​ដែនទឹក ដែល​រួមមាន​ការទាមទារ​រប​ស់​ឥណ្ឌូណេស៊ី​នៅ​តំបន់​សមុទ្រ​ក្បែរ​ប្រជុំ​កោះ Natuna ដែល​នៅ​ទីនោះ​នាវា​កងទ័ពជើងទឹក និង​នាវា​នេសាទ​ចិន​បាន​ឆ្លងកាត់​ជារឿយៗ ដោយបាន​ធ្វើ​ឲ្យ​មេដឹកនាំ​នៅ​រដ្ឋធានី​ហ្សា​ការ​តា​ថ្នាំងថ្នាក់​ចិត្ត​។ ហើយ​មេបញ្ជាការ​កងទ័ពជើងទឹក​នេះ​អាច «​ដឹកនាំ​នាវាចម្បាំង​នៃ​កងកម្លាំង​ប្រយុទ្ធ​នៅ​ទីនោះ​ដោយផ្ទាល់​»​។ នេះ​បើ​យោងទៅតាម​សម្រង់​សម្តី​របស់​អគ្គមេបញ្ជាកា​រ​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​លោក Yudo Margono​។​
 
​លោក Evan Laksamana អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​និង​ការសិក្សា​អន្តរជាតិ​នៅ​ក្រុង​ហ្សា​ការ​តា បាន​ប្រាប់ VOA ថា​៖ «​ជាទូទៅ គោល​គំនិត​នេះ​គឺថា ប្រសិនបើ​មាន​ជម្លោះ​ខ្លាំង​នៅក្នុង​តំបន់​ដែល​សកម្មភាព​កងទ័ព​ជើង​ទឹក​និង​ផែនការ​ផ្សេងៗ​ត្រូវអនុវត្ត​ឡើង ហើយ​ការអនុវត្ត​នេះ គឺ​ស្ថិតនៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​»​។​
 
​លោក Laksamana បាន​បន្តទៀតថា កងទ័ព​ប្រយុទ្ធ​ជើង​ទឹក​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នាវា​បួន​គ្រឿង​និង​យន្តហោះ​ដឹកជញ្ជូន​ប្រភេទ CN-235​។ ការផ្លាស់ប្តូរ​ទីតាំង​ទីបញ្ជាការ​នឹង​ស្រប​ជាមួយនឹង​ផែនការ​១៥​ឆ្នាំ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដើម្បី​ពង្រឹង​ការការពារ «​ជា​យុទ្ធសាស្ត្រ​» នៅ​តំបន់​កោះ​ជុំវិញ​ដែល​ក្នុងនោះ មាន​ប្រជុំ​កោះ Natuna ផងដែរ​។ ប្រជុំ​កោះ Natuna ដែលមាន​កោះ​ចំនួន ២៧២ ស្ថិតនៅ​ចម្ងាយ​ប្រហែល ១.១០០ គីឡូម៉ែត្រ​ពី​ក្រុង​ហ្សា​ការ​តា​។​
 
​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី បានទទួល​នូវ​សព្វាវុធ​ថ្មី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​កង​ល្បាត​បាន​ប្តេជ្ញា​ពង្រឹង​ការ​យាមល្បាត​កាលពី​ខែកញ្ញា​។ ពួកគេ​នឹងធ្វើ​ការ​ល្បាត​នៅ​បរិវេណ​កោះ​ប្រមាណ ១​ម៉ឺន ៣​ពាន់​កោះ នៅ​តំបន់​សមុទ្រ ប្រឆាំងនឹង​ក្រុម​ភេរវជន ចោរ​សមុទ្រ និង​ក្រុម​អន្តោប្រវេសន៍​ខុសច្បាប់ ក៏ដូចជា​នាវា​ពី​ប្រទេស​ចិន​និង​ពេលខ្លះ​ពី​វៀតណាម​។​
 
​នាវា​ឥណ្ឌូណេស៊ី ដែល​រួមមាន កង​នាវា​មិនមែន​យោធា​ផងដែរ ធ្លាប់បាន​បណ្តេញ​នាវា​កងទ័ពជើងទឹក​ចិន​ចេញពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ដែលមាន​ទំហំ​៣៧០​គីឡូម៉ែត្រ​នៅក្រៅ​ប្រជុំ​កោះ Natuna ទៀតផង​។​
 
​កាលពី​ឆ្នាំ ២០១៦ ឥណ្ឌូណេស៊ី​បាន​ប្រឈមមុខ​នឹង​ឧបទ្ទវហេតុ​ជា​បន្តបន្ទាប់ ដែល​បាន​កើតឡើង​នៅក្នុង​ការ​តទល់​នឹង​ចិន អំឡុងពេល​កិច្ចប្រឹងប្រែង​ដើម្បី​ចាប់ខ្លួន​មនុស្ស​នៅលើ​នាវា​នេសាទ​ចិន​។ ឥណ្ឌូណេស៊ី បាន​បញ្ជូន​យន្តហោះ​ចម្បាំង​កាលពី​ខែមករា​ឆ្នាំនេះ​ដើម្បី​បណ្តេញ​នាវា​នេសាទ និង​នាវា​យាមល្បាត​ចិន​ផងដែរ​។ កាលពី​ខែកញ្ញា នាវា​យាមល្បាត​ចិន​បាន​ឆ្លងកាត់​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ឥណ្ឌូណេស៊ី​រហូតដល់​ភ្នាក់ងារ​សន្តិសុខ​ដែនទឹក​នៅ​ក្រុង​ហ្សា​ការ​តា បានធ្វើ​ប្រតិបត្តិ​ការបណ្តេញចេញ​។​
 
​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ Natuna ភាគ​ពាយព្យ បាន​ស្ថិតនៅក្នុង​ការទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រមាណ ៩០​ភាគរយ​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ទំហំ​៣,៥ លាន​គីឡូម៉ែត្រ​ការេ​។ ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់​និង​វៀតណាម បានធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ការទាមទារ​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​សម្បូរ​ទៅដោយ​ត្រី​និង​ប្រភព​ថាមពល ហើយ​លាតសន្ធឹង​ពី​ប្រជុំ​កោះ Natuna ទៅកាន់​កោះ​ហុងកុង​។​
 
​ចិន​មាន​យោធា​ខ្លាំង​លំដាប់​ទី​បី​នៅលើ​ពិភពលោក ដោយ​នាំមុខ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងអស់​។ បណ្តា​ប្រទេស ដែល​ធ្វើការ​ទាមទារ​ដទៃទៀត បានធ្វើ​ទំនើបកម្ម​កងទ័ពជើងទឹក​និង​កង​ល្បាត​របស់ខ្លួន ដោយពេល​ខ្លះ​មាន​ជំនួយ​ពី​សហរដ្ឋអាមេរិក​ដែលជា​គូប្រជែង​នឹង​ចិន​។​
 
​លោក Jay Batongbacal សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ដែនទឹក​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ហ្វីលីពីន​បាន​និយាយថា​៖ «​បណ្តា​ប្រទេស​ដទៃទៀត​ភាគច្រើន​បានធ្វើ​ទំនើបកម្ម​កងទ័ពជើងទឹក​របស់ខ្លួន​រួចស្រេច​ទៅហើយ ដូចនេះ​ឥណ្ឌូនេស៊ី គឺ​គ្រាន់តែ​សម្រប​ទៅតាម​និន្នាការ​ដែល​កំពុងតែ​កើតមាន​តែប៉ុណ្ណោះ​»​។​
 
​ក្រុមអ្នកវិភាគ​ជឿថា ចិន នឹង​បន្ត​បញ្ជូន​នាវា​ឆ្លងកាត់​សមុទ្រ​នៅ​ប្រជុំ​កោះ Natuna បើទោះបី​ជាមាន​កង​ល្បាត​នៅ​ប្រជុំ​កោះ​នោះ​ក៏ដោយ​។ តំបន់​សមុទ្រ​នោះ គឺ​សម្បូរ​ទៅដោយ​ធនធាន​ត្រី និង​ជា​ប្រភព​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​បំផុត​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ទោះបីជា​ការរុករក​ដឹកនាំ​ដោយ​ឥណ្ឌូណេស៊ី​កាលពី​១៥​ឆ្នាំមុន​បានបង្ហាញ​ថា ប្រភព​ឧស្ម័ន​នេះ ពិបាក​នឹង​ទាញ​យកមកប្រើ​ក៏ដោយ​។​
 
​លោក Alexander Huang ជា​សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​នៅ​សាកលវិទ្យាល័យ Tamkang កោះ​តៃវ៉ាន់​បាន​និយាយថា នាវា​ចិន​កំពុង​ប្រមូល​ទិន្នន័យ​នៅ​ផ្នែក​ខាងលើ​និង​ខាងក្រោម​ទឹក តាម​បណ្តោយ​ផ្លូវ​នាវាចរណ៍​ដែលមាន​ប្រជាប្រិយភាព​ជាមួយ​គូប្រជែង​របស់ខ្លួន​។ បេសកកម្ម​នេះ នឹងធ្វើ​ឲ្យ​មាន​មោទនភាព​ក្នុងចំណោម​ពលរដ្ឋ​ចិន មុន​ខួប​១០០​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​កុម្មុយនីស្ត​ចិន​។​
 
​លោក​បាន​និយាយទៀតថា​៖ «​គេ​មិនអាច​បង្ហាញ​សញ្ញា​ទន់ខ្សោយ​ទេ យ៉ាងហោចណាស់​មុន​ខួប ១០០​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ខែកក្កដា ឆ្នាំ​ក្រោយនេះ​។ ដើម្បី​អបអរសាទរ​ទិវា​នេះ ពួកគេ​ត្រូវ​បង្ហាញថា ពួកគេ​មាន​ភាព​អង់អាច​ក្លាហាន និង​អាច​គ្រប់គ្រង​ទឹកដី និង​ដែនទឹក​ដែល​ខ្លួន​បានធ្វើ​ការទាមទារ​»​។​
 
​លោក Evan Laksamana ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ​នៅ​ក្រុង​ហ្សា​ការ​តា បាន​ថ្លែង​កាលពី​ខែកញ្ញា​ថា ការបង្ហាញ​កម្លាំង​នៅឯ​សមុទ្រ បាន​ជួយ​ឲ្យ​ចិន​អាច​ចរចា​ចេញពី​គោលជំហរ​រឹងមាំ​ជាមួយនឹង​រដ្ឋាភិបាល​ប្រទេស​នានា និង​សមាគម​អាស៊ាន ដែលមាន​សមាជិក​ចំនួន​១០​ប្រទេស​។ លោក Jay Batongbacal សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ដែនទឹក​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ហ្វីលីពីន បាន​និយាយ​ដែរ​ថា ឥណ្ឌូណេស៊ី គឺជា​សមាជិកសមាគម​អាស៊ាន​មួយ​ដែលមាន «​ឥទ្ធិពល​ខ្លាំង​»​។​
 
​នៅក្នុង​សារ​ការទូត​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres កាលពី​ថ្ងៃទី​២៦ ខែឧសភា ឥណ្ឌូណេស៊ី បាន​ច្រានចោល​ការទាមទារ​រប​ស់​ចិន​ទៅលើ​តំបន់​ដែនទឹក​មាន​ជម្លោះ​។ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង កាលពី​ខែកញ្ញា រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក Wei Fenghe បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី​លោក Prabowo Subianto នៅ​រដ្ឋធានី​ហ្សា​ការ​តា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com