ជាតិ
សេដ្ឋកិច្ច
សមាគម​វា​រីវ​ប្បករ​កម្ពុជា អាច​ផ្គ​ត​ផ្គង់​ត្រី​បាន​ជាង​២,៣​ម៉ឺន​តោន ក្នុង​រយៈពេល​៣​ខែ ដើម្បី​ប្រជែង​ការនាំ​ចូល​ពី​វៀតណាម
21, Dec 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ កសិករ​ចិញ្ចឹម​ត្រី​ជាង​២០០​គ្រួសារ ជា​សមាជិកសមាគម​វា​រី​ប្បករ​កម្ពុជា មាន​ត្រី​គ្រប់​ប្រភេទ​ចំនួន​២៣,៥២០​តោន សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។ លោក​សុខ រ៉ា​ដែន ប្រធាន​សហគម​វា​រី​វប្បករ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ថា បរិមាណ​ត្រី​របស់​ប្រជាកសិករ​ទាំងនេះ អាច​ផ្គត់ផ្គង់​តម្រូវការ​នៅលើ​ទីផ្សារ​បាន​ក្នុង​រយៈពេល​៣​ខែ (​ពោល​ចាប់ពី​ធ្នូ ឆ្នាំ​២០២០ តទៅ​) ខណៈ​តម្លៃ​ត្រី​ក្នុងស្រុក​ពិបាក​ប្រកួតប្រជែង​នឹង​ត្រី​នាំចូល​ពី​វៀតណាម​។​

 
​លោក សុខ រ៉ា​ដែន បាន​បញ្ជាក់ថា កសិករ​ចិញ្ចឹម​ត្រី ដែល​បាន​ចូល​ជា​សមាជិក​របស់​សមាគម​វា​រី​វប្បករ​កម្ពុជា មាន​នៅតាម​បណ្តា​ខេត្ត​នានា ដូចជា​កណ្តាល កំពង់ចាម ពោធិ៍សាត់ បាត់ដំបង សៀមរាប  កំពង់ធំ កំពង់​ឆ្នាំ ព្រៃវែង និង​ខេត្តតាកែវ​។ 


 លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា

​លោក សុខ រ៉ា​ដែន បាន​បញ្ជាក់ថា ការបង្កើត​សមាគម​នេះ​ឡើង គឺ​ដើម្បី​ប្រមូលផ្តុំ​នៃ​អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា ក្នុង​គោលដៅ​ចែករំលែក​បទ​នូវ​ពិសោធន៍​នានា​ក្នុង​វិស័យ​វារីវប្បកម្ម​។ ជាពិសេស​ដោះស្រាយ​បញ្ហា​ទីផ្សារ និង​បញ្ហា​ប្រឈម​នានា​ទៀត​។ លោក សុខ រ៉ា​ដែន បាន​និយាយ​ដូច្នេះ​៖«​ជាពិសេស គឺ​យើង​ចង់ដឹង​ពី​បរិមាណ​នៃ​ប្រភេទ​ត្រី​នីមួយៗ​ឱ្យបាន​ច្បាស់លាស់​ដែល​ប្រជាកសិករ​យើង​ផលិត​បាន សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​យើង​»​។ 
 
​លោក ជា រ៉ា​ដែន បន្ត​លើកឡើងថា បច្ចុប្បន្ន​សមាគម​វា​រី​វប្បករ​កម្ពុជា កំពុង​សហការ​ជាមួយ​រដ្ឋបាល​ជលផល ក្នុងការ​ប្រមូល​ទិន្នន័យ​ឬ​ស្រង់​ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​, កន្លែង​ចិញ្ចឹម និង​បណ្តុំ​អាជីវកម្ម​ផ្សេងៗ​ទៀត ដើម្បី​ដឹង​អំពី​បរិមាណ​ផ្គត់ផ្គង់​ត្រី​នៅក្នុង​ស្រុក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ឱ្យមាន​តុល្យភាព​គ្នា​នៃ​ការ​នាំចូល​ត្រី​ពី​វៀតណាម​។​
 
​ក្រោយ​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​ខាង​វា​រី​វប្បករ​កម្ពុជា​ពី​ការ​ត្អូញត្អែរ​លើ​ការ​នាំចូល​ត្រី​ពី​វៀតណាម​ដ៏​ច្រើន​លើសលុប កាលពី​ថ្ងៃទី​១៤​ធ្នូ ឆ្នាំ​២០២០​នោះ  លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ខាង​រដ្ឋបាល​ជល​ឱ្យ​តាមដាន​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់   និង​ទប់ស្កាត់ បទល្មើស​ការនាំ​ចូល​ផល​វារីវប្បកម្ម​ពី​ប្រទេស​វៀតណាម​។ លើសពីនេះ រដ្ឋមន្ត្រី​កសិកម្ម ក៏បាន​បង្កើត​គណៈកម្មកា​រ​ជំរុញ​វារីវប្បកម្ម​កម្ពុជា​ឡើង ក្នុងការ​ពិនិត្យ​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ​លើ​ដំណើរការ​ផលិតកម្ម​អាជីវកម្ម និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជួយ​សម្របសម្រួល​ក្នុង​កិច្ចការ​ផលិតកម្ម​អាជីវកម្ម​របស់​សមាគម​វា​រី​វប្បករ សំដៅ​បង្កើន​សមត្ថភាព​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​ផងដែរ​។​
 



​សារព័ត៌មាន​ថ្មីៗ ពុំ​អាច​សុំ​ការបញ្ជាក់​ទិន្នន័យ​ណាមួយ​ពី​លោក​អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​ជា​អនុប្រធាន​គណៈកម្មការ ជុំវិញ​វារីវប្បកម្ម​កម្ពុជា និង​ការ​នាំចូល​ត្រី​ពី​ប្រទេសជិតខាង​បានឡើយ  ដោយ​ទូរ​សព្ទ​លោក​ហៅចូល ប៉ុន្តែ​គ្មាន​អ្នកទទួល​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​ការហូរចូល​ត្រី​របស់​វៀតណាម​ដ៏​ច្រើន​លើសលុប​នៅលើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន លោកស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម  បាន​អះអាងថា ក្រសួងកសិកម្ម មិនបាន​អនុញ្ញាតឱ្យ​នាំចូល​ឡើយ​។ លោក បន្ត​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​នា​ព្រឹក​ថ្ងៃទី​២១​ធ្នូ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តេ​លេ​ក្រាម​(telegram)​លើ​បញ្ហា​ត្រី​របស់​វៀតណាម​ហូរ​ចូល​ទីផ្សារ​កម្ពុជា​យ៉ាងខ្លី​ដូច្នេះ​៖«[​យើង​] កំពុង​ទប់​ការនាំ​ចូល​ហើយ ប៉ុន្តែ​ទាមទារ​ការចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​»​។ 
 
​បើតាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម និង​ជា​អនុប្រធាន​គណៈកម្មការ​វា​រី​វប្បករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៥​ធ្នូ ខាង​មុននេះ  គណៈកម្មការ​វា​រី​វប្បករ​កម្ពុជា នឹង​ប្រជុំ​ជាមួយ​សមាជិក និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការងារ ក្នុងការ​ទប់ស្កាត់ ឬ​កាត់បន្ថយ​ការនាំ​ត្រី​ចូល​ពី​រៀ​ត​ណា​ម​។​
 
​បើតាម​របាយការណ៍​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ប្រចាំឆ្នាំ​២០១៩-២០២០ លើ​វិស័យ​ជលផល​ឆ្នាំ​២០១៩ ផល​នេសាទ និង​វារីវប្បកម្ម​សរុប​មាន​ចំនួន ៩០៨ ៥០៨​តោន ក្នុងនោះ​ផល​នេសាទ​ទឹកសាប​មាន ៤៧៨ ៨៥០ តោន ផល​នេសាទ​សមុទ្រ​មាន ១២២ ៥៥០​តោន និង​ផល​វារីវប្បកម្ម​មាន ៣០៧ ៤០៨​តោន​៕

Tag:
 កសិកម្ម​
  វា​រី​វប្បករ​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com