ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជា បានជួបតំណាងក្រុមហ៊ុនFacebook ដើម្បីកំណត់ពន្ធលើសេវាឌីជីថល
22, Dec 2020 , 11:44 am        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបតំណាងក្រុមហ៊ុន Facebook កាលពីថ្ងៃទី២១ធ្នូ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស និងគោលនយោបាយនៃការកំណត់ពន្ធលើសេវាឌីជីថល(Digital Services Tax) ដែលមិនចុះបញ្ជីនៅកម្ពុជា ។

 
កិច្ចប្រជុំតាមរយៈអនឡាញ(Online)រវាងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍លោក ជា វ៉ាន់ដេត និងតំណាងក្រុមហ៊ុនFacebookនេះ គឺដើម្បីស្វែងយល់ពីការប្រមូលពន្ធលើសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន ក៏ដូចជាបច្ចេកវិទ្យាបរទេស ដែលមិនចុះបញ្ជីនៅកម្ពុជា។ តាមរយៈកិច្ចពិភាក្សាគ្នានេះ ក្រសួងប្រៃសណីយ នឹងអាចស្វែងយល់កាន់តែស៊ីជម្រៅថែមទៀត អំពីវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT)។ ជាពិសេសគម្រោងមជ្ឈមណ្ឌលទិន្នន័យ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យនេះ ដើម្បីរៀបចំឱ្យមានបណ្តុំទិន្នន័យ(Big data) ដោយធ្វើសមាហរណកម្មទិន្នន័យថ្នាក់ជាតិគ្រប់វិស័យបញ្ចូលគ្នា និងចែករំលែកទិន្នន័យជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។ 
 
កន្លងមក លោក ជា វ៉ាន់ដេត បានអះអាងថា  ក្រសួងប្រៃសណីយ៍នឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រាក់ចំណូលពន្ធជូនរដ្ឋ។  ជាពិសេស គឺគាំទ្រដល់ក្រុមហ៊ុនផ្តល់សេវាឌីជីថល និងប្រតិបត្តិករទូរគមនាគមន៍។ 
 



កាលពីថ្ងៃទី៤វិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរទស្សនៈកិច្ចស្វែងយល់អំពី«សមិទ្ធផលនៃកំណែទម្រង់វិស័យពន្ធដារ» លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ គាំទ្រចំពោះការសហការប្រតិបត្តិការលើការកំណត់ពន្ធលើសេវាឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអន្តរដែលមិនចុះបញ្ជីនៅកម្ពុជានេះ  ដើម្បីបង្កើនចំណូលជូនជាតិ។ 
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ និងលោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសុំអត្ថាធិប្បាយបន្ថែមលើការយកពន្ធនេះបានទេ ដោយទូរសព្ទហៅចូល ប៉ុន្តែគ្មានអ្នកលើក។ 
 
គិតចាប់ពីថ្ងៃទី១៨ វិច្ឆិកា ដល់ថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានជួបតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ឈានមុខគេក្នុងពិភពលោក ចំនួន១៥ហើយ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការកំណត់ពន្ធលើសេវាឌីជីថល ដែលមិនចុះបញ្ជីនៅកម្ពុជា។ ក្នុងនោះមាន ក្រុមហ៊ុនFacebook, Google, Amazon, Visa, Oracle, Palo Alto Network NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ។
 
ជិតមួយឆ្នាំក្នុងវិបត្តិកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពីពន្ធដារ-អាករគ្រប់ប្រភេទចូលជាតិបានចំនួន២,៦៩៧លានដុល្លារ ស្មើជិត៩៥ភាគរយនៃផែនការ។ ថ្លែងចេញពីកម្មវិធីស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗរបស់អគ្គនាយកដ្ឋានពន្ធដារ» នាព្រឹកថ្ងៃទី១៧ ធ្នូ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានអះអាងថា អគ្គនាយកដ្ឋានពន្ធដារនឹងប្រមូលប្រាក់ពន្ធបានលើស៩៥ភាគរយឬដល់ជិត១០០ភាគរយនៅបំណាច់ឆ្នាំ២០២០៕
 
 
 
 

Tag:
 ពន្ធ
  បច្ចេកវិទ្យា
  Google
  Facebook
  Amazon
© រក្សាសិទ្ធិដោយ thmeythmey.com