កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ទម្លាក់​Everton ពី​League Cup ខ្សែការពារ Maguire និយាយថា Man Utd ត្រូវតែ​លើក​ពាន​ខ្លះ​
24, Dec 2020 , 1:59 pm        
រូបភាព
​ខ្សែការពារ​តម្លៃ​ខ្លួន​ខ្ពស់ Harry Maguire បាន​និយាយថា Manchester United ត្រូវតែ​ចាប់ផ្ដើម​លើក​ពាន​មួយ​នៅ​រដូវ​កាល​នេះ ក្រោយពី​ទម្លាក់​ក្រុម​Everton ពី​ពានរង្វាន់​League Cup នៅ​ថ្ងៃទី​២៤ ធ្នូ​នេះ​។​


«​ពួកយើង​រំពឹង​ឈ្នះ​ពាន​»​។ នេះ​ជាការ​លើកឡើង​របស់​ខ្សែការពារ​កណ្ដាល Maguire ដែល​បាន​បន្ថែមថា វា​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ប្រកួត​ធំៗ​ទាំងនេះ ដែល​កីឡាករ​ទាំងអស់​ត្រូវ​ចាប់ផ្ដើម​យកឈ្នះ​ក្រុម​ខ្លាំង​ទាំងនោះ ដើម្បី​លើក​ពាន​ខ្លះ សម្រាប់​ក្លិប Man Utd នៅ​រដូវ​កាល​នេះ​។​
 
​ប្រធាន​ក្រុម​Man Utd រូបនេះ ហាក់ដូច​ជាមាន​ជំនឿ​ចិត្តខ្លាំង​ថា Man Utd នឹង​អាច​លើក​ពានរង្វាន់​បាន​យ៉ាងតិច​មួយ ក្នុងចំណោម​ពាន​ផ្សេងទៀត ដែល Man Utd នៅមាន​ឱកាស​ឈរជើង​។ «​វា​ជាការ​បង្ហាញ​ទម្រង់​លេង​មួយ​យ៉ាង​ល្អប្រសើរ ដែល​យើង​គួរតែ​សម្លឹង​មើលថា យើង​នៅមាន​ឱកាស​(​លើក​ពាន​) ដ៏​អស្ចារ្យ ៣​ទៅ​៤​ទៀត ។ ដូច្នេះ​យើង​ចាំបាច់​ត្រូវតែ​ថែរក្សា​ឱកាស​ទាំងនោះ​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC Sport ដែល​បាន​ស្រង់​សម្តី​ខ្សែការពារ​តម្លៃ​ខ្លួន​ខ្ពស់​របស់ Man Utd​។​
 
​ក្រុម​រហស្សនាម បិសាច​ក្រហម Man Utd បាន​យកឈ្នះ​ក្រុម Everton ដោយ​លទ្ធផល​២​ទល់​០ នា​ទឹកដី Goodison Park នៃ​ពានរង្វាន់ League Cup នា​ថ្ងៃទី​២៤ ធ្នូ​នេះ ។ ២​គ្រាប់​របស់ Man Utd រកបាន​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្គា​យ Edinson Cavani ដោយ​ការ​ស៊ុត​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់ នៅ​នាទី​៨៨ ក្រោយពី​ការបញ្ជូន​បាល់​របស់ Anthony Martial ។ ឈានដល់​នាទី​៩០​បូក​៥​ទៅហើយ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Anthony Martial បាន​បន្ថែម​មួយគ្រា​ប់​ទៀត ក្រោយពី​ការបញ្ជូន​បាល់​របស់ Marcus Rashford ។​
 
Man Utd ត្រូវ​ជួប Man City ដែលជា​ម្ចាស់​ជើងឯក​ចាស់ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់ League Cup នា​ម៉ោង​១២៖០០ យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៥ មករា ឆ្នាំ​២០២១​។ ក្រៅពី​ពានរង្វាន់ League Cup នេះ Man Utd នៅមាន​ឱកាស​ប្រជែង​ពាន FA Cup, Europa League និង​ពាន​ក្របខណ្ឌ Premier League ជាដើម​។ បច្ចុប្បន្ននេះ មាន​ឈរ​នៅ​លេខ​៣​ក្នុង​ពូ​ល​ក្របខណ្ឌ Premier League ដោយមាន​២៦​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​២ និង​លេខ​១ តែ​៥​ពិន្ទុ​ប៉ុណ្ណោះ សម្រាប់​ការប្រកួត​១៤​សប្ដាហ៍​កន្លងមក​៕

Tag:
 Man Utd
  League Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com