អន្តរជាតិ
កាណាដា៖ ពលរដ្ឋសហគមន៍នាំគ្នាអង្គាសថវិកាដើម្បីការពារដើមឈើចំណាស់ជាង២៥០ឆ្នាំ
26, Dec 2020 , 10:29 pm        
រូបភាព
ដោយ: ធីតា
ក្រុមប្រឹក្សាក្រុងតូរ៉ុនតូ ប្រទេសកាណាដា កាលពីពេលថ្មីៗកន្លងមកនេះ បានសម្រេចសង្គ្រោះដើមឈើអូកក្រហម (Red Oak) មួយដើមដែលមានចំណាស់ជាង២៥០ឆ្នាំ។ នេះជាការសម្រេចយ៉ាងប្រញាប់ប្រញាល់មួយ ក្រោយពេលដែលម្ចាស់ថ្មី មានគម្រោងកាប់បំផ្លាញវាចោល។

 
យោងតាមការផ្សាយរបស់ Good News Network ក្រុមប្រឹក្សាក្រុងតូរ៉ុនតូ ទទួលបានប្រាក់សប្បុរសពីមនុស្សជាង១៣០០នាក់ ដើម្បីរារាំងការកាប់បំផ្លាញ ដើមឈើអូកក្រហម ដ៏ចំណាស់នោះ ហើយថវិកានោះ ត្រូវបានប្រើប្រាស់ដើម្បីទិញសិទ្ធិពីម្ចាស់ដី និងបង្កើតទៅជាសួនសាធារណៈតូចមួយ។
 
ដើមឈើអូកក្រហមនៅ មានអាយុកាលជាង២៥០ឆ្នាំ ដោយមានសម្រស់ និងតម្លៃផ្នែកវប្បធម៌ ហើយក៏ត្រូវបានកម្មវិធី Forests Ontario’s Heritage Tree Program ប្រកាសទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌមួយនៅក្នុងតំបន់ផងដែរ។
 
ដើមអូកក្រហម (Quercus rubra) មានកម្ពស់ប្រមាណ២៤ម៉ែត្រ និងមានផ្ទៃបែកសាខាប្រមាណ៥ម៉ែត្រ។ វាត្រូវបានចាត់ទុកជាដើមឈើដែលមានចំណាស់ជាងគេក្នុងក្រុងតាំងពីជាង១០ឆ្នាំមុនមកម្ល៉េះ ដោយមានកំណើតមុនពេលដែលអឺរ៉ុបដាក់អាណានិគមន៍។
 
ពលរដ្ឋនៅសហគមន៍បានបន្តអំពាវនាវរកថវិកាដើម្បីពង្រឹងវិធានការការពារដើមអូកក្រហមនេះ អ្នកជំនាញអះអាងថា វាអាចមានអាយុកាលដល់ទៅមួយសតវត្សរ៍ថែមទៀតឯណោះ៕
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com