ជាតិ
ចាបព្រៃវែងប្រភេទជិតផុតពូជ ត្រូវប្រទះឃើញវិញ ក្រោយបាត់ខ្លួន៣ឆ្នាំ
×
ដោយ៖ ស៊ុល រ៉វី
ថ្មីៗនេះ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ផ្តើមវត្តមានចាបព្រៃវែងប្រមាណ២០ក្បាលម្ដងទៀត ដែលជាប្រភេទសត្វស្លាបជិតផុតពូជបំផុត ក្រោយការបាត់ខ្លួនអស់៣ឆ្នាំមកហើយ។
លោក លី សម្ភ័ស មន្ត្រីសម្របសម្រួលអង្គការ BirdLife ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ថា ការរកឃើញនៃសត្វស្លាបព្រៃវែង នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ គឺបន្ទាប់ពីពួកវា បានបាត់វត្តមាន តាំងពីអំឡុង២០១៧។ លោក បន្តថា ការរកឃើញពពួកសត្វចាបព្រៃវែងនេះ គឺនៅពេលមន្ត្រីចុះធ្វើជំរឿនសត្វក្រៀល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
សម្រាប់លោក លី សម្ព័ស ការរកឃើញពពួកសត្វទាំងនេះ បញ្ជាក់ថា តំបន់ការពារព្រែកល្ពៅ មានសុវត្តិភាពដល់ជម្រក។ លោក បន្ថែមថា សត្វចាបព្រៃវែងនេះ ជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍មួយប្រភេទ ជិតផុតពូជបំផុត ស្ថិតនៅក្នុងបញ្ជីក្រហម IUCN (The International Union for Conservation of Nature)។
ការចេញផ្សាយរបស់ BirdLife International Cambodia Programme បានឲ្យដឹងថា ការបង្ហាញខ្លួននៃសត្វចាបព្រៃវែងនេះ បញ្ជាក់ពីសារសំខាន់របស់តំបន់ដីសើមបឹងព្រែកល្ពៅ ក្នុងការផ្ដល់ជាជម្រកដល់ការរស់នៅ និងពងកូនរបស់ពពួកសត្វស្លាបទឹកជាច្រើនប្រភេទផ្សេងទៀត។ តែទោះបីយ៉ាងណាក៏ដោយ ការទន្ទ្រានដី កង្វះទឹកនៅរដូវប្រាំង ការបំពុលពីការប្រើប្រាស់ថ្នាំ និង ជីកសិកម្ម នៅតែជាកត្តាគំរាមកំហែង ដែលកំពុងកើតមាននៅតំបន់ការពារមួយនេះ។
ការចេញផ្សាយរបស់ BirdLife បញ្ជាក់ថា កាលពីឆ្នាំ ២០០០កន្លងទៅ នៅប្រទេសកម្ពុជាគេឃើញ ពពួកសត្វចាបព្រៃវែងនេះជាហ្វូងធំៗ រហូតជាង១ពាន់ក្បាល តែសព្វថ្ងៃ គេឃើញមានវត្តមានជាក្រុមតូចៗ ដែលជូនកាលមានតែ ២ក្បាលប៉ុណ្ណោះ។ តាមរយៈប្រភពដដែល ចំនួនសត្វស្លាបប្រភេទនេះ មានការថយចុះជាង៨០ភាគរយ ក្នុងពិភពលោកនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
BirdLife បញ្ជាក់ថា ចាបព្រៃវែង បង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង ហើយផ្លាស់ទីមកកាន់តំបន់អាស៊ីរួមមាន កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម ចិនភាគខាងត្បូង និង ឥណ្ឌា រហូតដល់រដូវត្រជាក់ពួកវានឹងត្រឡប់ទៅ ប៉ែកអឺរ៉ុបវិញ៕
Tag:
ThmeyThmey25
ចាបព្រៃវែង
តំបន់ការពារទេសភាពព្រែលល្ពៅ
BirdLife
តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com