អន្តរជាតិ
លោក គីម ប្តេជ្ញា​ពង្រឹងសមត្ថភាព​យោធា​ដើម្បី​ការពារ​សន្តិភាព​ឲ្យ​ប្រជាជន​
07, Jan 2021 , 12:02 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសមាជបក្សពលករលើកទី៨ ។ រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសមាជបក្សពលករលើកទី៨ ។ រូបភាព៖ KCNA
​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី​៦ ខែមករា បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ពង្រឹងសមត្ថភាព​យោធា​របស់​កូរ៉េខាងជើង​ដើម្បី​ការពារ​ប្រជាជន និង​សន្តិភាព​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ។ ថ្លែង​ក្នុង​សមាជ​បក្ស លោក គីម ហាក់​ប្រើ​សម្ដី​ទន់ភ្លន់​ជាង​មុនពេល​និយាយ​រឿង​យោធា​នេះ​

 
​ក្នុង​កិច្ចប្រជុំ​ស​ថ្ងៃទី​ពីរ នៃ​សមាជ​បក្ស​ពលករ​កូរ៉េ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានលើកឡើង​ពី​ការពង្រឹង​សមត្ថភាព ក្នុងការ​ការពារ​ខ្លួន និង​សន្តិភាព​សម្រាប់​ប្រទេស​។ ចំពោះមុខ​សមាជិក​បក្ស​ជាច្រើន លោក គីម និយាយថា ដើម្បី​ការពារ​សន្តិសុខ​របស់​ប្រទេស ប្រជាជន និង​សន្តិភាព​នៃ​ការកសាង​សង្គមនិយម កូរ៉េខាងជើង​ត្រូវ​បំពាក់​ដោយ​សមត្ថភាព​នៃ​ការការពារ​ប្រទេស​កម្រិត​ខ្ពស់​។ 
 
​យ៉ាងណាមិញ មេដឹកនាំ​កូរ៉េខាងជើង មិនបាន​ប្រើពាក្យ​ខ្លាំងៗ​ដូចជា​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់​បរ​ទេស ឬ​សម្ញែង​អានុភាព​។ ការ​ពាក្យពេចន៍​ស្រាល​នៅក្នុង​សមាជ​បក្ស​លើក​ទី​៨ បែបនេះ ទំនងជា​ចង់​បញ្ចៀស​ភាព​តានតឹង ស្របពេល​ប្រធានាធិបតី​អាមេរិក​ថ្មី ជិត​ចូលកាន់​តំណែង​។ 
 
​ដើម្បី​ឲ្យ​កូរ៉េខាងជើង​មាន​សមត្ថ​ភាព​ខ្ពស់ ក្នុង​ការពារ​ប្រជាជន និង​សន្តិភាព​របស់ខ្លួន លោក គីម បាន​អំពាវនាវ​ឲ្យ​បន្ត​ការបង្កើត​អាវុធ​នុយក្លេអ៊ែរ និង​បន្ត​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​។ បន្ទាប់ពី​មាន​ភាពជាប់គាំង​នៃ​កិច្ចចរចា​ស្តីពី​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​អាមេរិក រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បានធ្វើ​តេស្ត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​ជា​បន្តបន្ទាប់​។ 
 
​ក្រៅពី​បញ្ហា​សន្តិសុខ ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង ក៏បាន​លើកឡើង​ពី​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ផងដែរ​។ បន្ទាប់ពី​ទទួលស្គាល់​ពី​ភាពបរាជ័យ​នៃ​ផែនការ​សេដ្ឋកិច្ច​របស់ខ្លួន មេដឹកនាំ​កូរ៉េខាងជើង ក៏បាន​លើកយក ដំណោះស្រាយ និង​គោលដៅ​មួយចំនួន​។ ការពង្រីក​វិស័យ​ដឹកជញ្ជូន សំណង់ ទំនាក់ទំនង និង​ឧស្សាហកម្ម​ពាណិជ្ជកម្ម សុទ្ធតែ​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​ការពិភាក្សា​។​
 
​ក្នុង​សមាជ​លើក​នេះ គេ​រំពឹងថា កូរ៉េខាងជើង អាច​នឹង​ដាក់ចេញ​គោលនយោបាយ​សេដ្ឋកិច្ច​រយៈពេល ៥ ឆ្នាំ​ថ្មី​របស់ខ្លួន និង​គោលនយោបាយ​ការបរទេស​ថ្មី ដែល​នឹងត្រូវ​ប្រឈម​ជាមួយ​រដ្ឋបាល​អាមេរិក​ថ្មី គ្រោង​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ខាងមុខ​។ នៅក្នុង​កិច្ចប្រជុំ​សមាជ​លើក​ទី​៧ ក្នុង​ឆ្នាំ​២០១៦ កូរ៉េខាងជើង បាន​ដាក់ចេញ​ផែនការ​សេដ្ឋកិច្ច ៥​ឆ្នាំ និង​គោលនយោបាយ byongjin ដែល​ត្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កម្មវិធី​នុយក្លេអ៊ែរ ក្នុងពេល​តែមួយ​៕

Tag:
 កូរ៉េខាងជើង​
  សមាជ​បក្ស
© រក្សាសិទ្ធិដោយ thmeythmey.com