COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
WHO​ប្រាប់ ប្រទេស​អភិវឌ្ឍ​ឲ្យ​ឈប់​ដណ្តើម​វ៉ាក់សាំង​កូ​វីដ​-១៩​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​
09, Jan 2021 , 2:44 pm        
រូបភាព
លោកTedros Adhanom Ghebreyesus អគ្គនាយកWHO។ រូបភាព៖AFP
លោកTedros Adhanom Ghebreyesus អគ្គនាយកWHO។ រូបភាព៖AFP
ដោយ:
អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​(WHO) អះអាង​នៅ​ថ្ងៃទី​៨ មករា​ថា ពិភពលោក​មាន​បញ្ហា​មួយ នោះ​គឺ​ប្រទេស​កំពុង​អភិវឌ្ឍ និង​អភិវឌ្ឍ​តិចតួច មិនទាន់​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ លោក ក៏​ទទូច​ផងដែរ​ឲ្យ​ប្រទេស​អភិវឌ្ឍ​ឈប់​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ដើម្បី​បាន​វ៉ាក់សាំង​ប្រើប្រាស់​តែ​ក្នុងប្រទេស​ខ្លួន​។​


 
​ខណៈ​ប្រទេស​អភិវឌ្ឍ ដូចជា​កាណាដា អាមេរិក សិង្ហ​បុរី និង​បណ្តារ​ប្រទេស​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្លួន ពលរដ្ឋ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែលមាន​ចំនួន​រាប់ពាន់​លាន​នាក់ ពុំទាន់​ទទួលបាន​វ៉ាក់សាំង​ឡើយ​។ វិសមភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​WHO ជាពិសេស​នៅពេលដែល​ប្រទេស​អភិវឌ្ឍ​កក់​វ៉ាក់សាំង​ទុកជាមុន​។​
«​ប្រទេស​អ្នកមាន មាន​(​វ៉ាក់សាំង​)​ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​ផ្គត់ផ្គង់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Tedros Adhanom Ghebreyesus អគ្គនាយក​WHO ដោយ​ប្រើពាក្យ​ធ្ងន់ៗ​រិះគន់​គំនិត​ជាតិនិយម​វ៉ាក់សាំង ដោយ​ស្តុក និង​កក់​វ៉ាក់សាំង​ទុក មិន​ឲ្យ​ប្រទេស​ដទៃទៀត​អាច​ទិញ​បាន​។ លោក​អះអាងថា គ្មាន​ប្រទេស​ណា​ពិសេស​ជាង​ប្រទេស​ណា​ឡើយ ហើយក៏​មិនគួរ​កាត់មុខ​កាត់​មាត់​ដណ្តើម​វ៉ាក់សាំង​គ្នា​ដើម្បី​ចាក់​ឲ្យ​ពលរដ្ឋ​ខ្លួន ខណៈ​ប្រ​ទស​ឯទៀត​គ្មាន​វ៉ាក់សាំង​សោះ​។​
 
​ក្នុងន័យនេះ លោក​អំពាវនាវ​ឲ្យ​ប្រទេស និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំងអស់​ឈប់​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ក្នុង​ការទិញ​វ៉ាក់សាំង និង​អំពាវនាវ​ឲ្យ​បង្វែរ​ចំនួន​វ៉ាក់សាំង​ដែល​លើស​តម្រូវការ ចូលទៅ​យន្តការ​ពហុភាគី​COVAX ដើម្បី​ចែកចាយ​។ ប្រមុខ​WHO លើក​ជា​សំណួរ​ថា​៖ «​តើ​យើង​នឹង​បណ្តោយ​ឲ្យ​ប្រជាជន​ដែល​ទន់ខ្សោយ និង​អ្នក​ដែល​ប្រឈម​នឹង​ការឆ្លង​ខ្ពស់ ឈឺ និង​ស្លាប់​ដោយ​វី​រ៉ុ​ស​នេះ ឬ​យ៉ាងណា​?» នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
 
​យន្តការ​COVAX បង្កើតឡើង​ដោយ​WHO ដើម្បី​ជួយ​ប្រទេស​ដែល​ពុំមាន​លទ្ធភាព​ក្នុង​ការទិញ​វ៉ាក់សាំង​។ មកទល់ពេលនេះ យន្តការ​COVAX ទទួលបាន​ប្រាក់​៦​ពាន់​លាន​ដុល្លារ នៃ​ទឹកប្រាក់​ត្រូវការ​ក្នុង​ឆ្នាំ​២០២១ ចំនួន​៧​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រទេស​ចំនួន​៩២​ដើម្បី​ទទួលបាន​វ៉ាក់សាំង​។​
 
​ដូចគ្នានេះដែរ លោក​Mike Ryan ប្រធាន​ផ្នែក​កិច្ចការ​អាសន្ន​របស់​WHO សង្កត់ធ្ងន់ថា​វ៉ាក់សាំង​ត្រូវ​ផ្តល់​ទៅ​ក្រុមមនុស្ស​ងាយ​រងគ្រោះ និង​មន្ត្រី​សុខាភិបាល​ជួរមុខ​ជាមុនសិន បើទោះបីជា​ពួកគេ​រស់នៅ​ទីណា​ក៏ដោយ​។​
 
​កាលពី​សប្តាហ៍​កន្លងទៅ សហភាព​អឺរ៉ុប​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​Pfizer និង​BioNTech ដើម្បី​ទទួល​វ៉ាក់សាំង​៣០០​លាន​ដូ​ស​បន្ថែមទៀត​។ ការសម្រេច​កិច្ចព្រមព្រៀង​នេះ នាំ​ឲ្យ​សហភាព​អឺរ៉ុប​ដែលមាន​ប្រទេស​ចំនួន​២៧ នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន​ពាក់កណ្តាល នៃ​បរិមាណ​វ៉ាក់សាំង​ដែល​ក្រុមហ៊ុន​ទាំងពីរ​អាច​នឹង​ផលិត​បាន​ក្នុង​ឆ្នាំ​២០២១​ទាំងមូល​។​
 
​បន្ថែម​ពីនេះ ការលេចឡើង​នូវ​ជំងឺ​កូ​វីដ​-១៩​ប​ម្លែ​ង​ខ្លួន ក៏​បណ្តាល​ឲ្យ​ប្រទេស​ទាំង​អស់ព​ន្លឿ​ន​ការទិញ​វ៉ាក់សាំង​ផងដែរ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ចំនួន​ឆ្លង​ច្រើន​ជ្រុល ដល់​កម្រិត​មួយ​ដែល​មន្ទីរពេទ្យ​លែង​អាច​ទទួល​ពិនិត្យ​ព្យាបាល​បាន​។​មកទល់ពេលនេះ អង់គ្លេស សហភាព​អឺរ៉ុប អាមេរិក ស្វី​ស និង​អ៊ីស្រាអែល​ជា​ប្រទេស​ដែល​ទិញ​វ៉ាក់សាំង​ច្រើន​បំផុត​ពី​ក្រុមហ៊ុន​Pfizer និង​BioNTech ក្រុមហ៊ុន​Moderna និង​ក្រុមហ៊ុន​AstraZeneca៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com