COVID-19
ជាតិ
ពលករពីថៃ៦នាក់ទៀត មានកូវីដ-១៩
× ពលករខ្មែរមកពីថៃចំនួន៦នាក់ទៀតតេស្តវិជ្ជមានកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលធ្វើចំនួនឡើងដល់៣៣នាក់ក្នុងចំណោមពលករ ខណៈអ្នកកើតសរុបនៅកម្ពុជា មាន៣៩៨នាក់ ក្នុងនោះ៣៧៦នាក់បានជាសះស្បើយ។
អ្នកជំងឺថ្មី៥នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មានស្ត្រីអាយុ៣៦ឆ្នាំ អាសយដ្ឋាននៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ស្ត្រីវ័យ៣២ឆ្នាំ និងស្ត្រីអាយុ២១ឆ្នាំ អាសយដ្ឋាននៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង, ស្ត្រីអាយុ១៨ឆ្នាំ និងស្ត្រីអាយុ២១ឆ្នាំ អាសយដ្ឋាននៅស្រុកពាមជ ខេត្តព្រៃវែង។
រីឯ១ករណីទៀតជាស្ត្រីអាយុ៣២ឆ្នាំ អាសយដ្ឋាននៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ពួកគាត់ឆ្លងដែនពីថៃ មកដល់កម្ពុជា រវាងថ្ងៃទី១០ និងទី១១ ខែមករា។
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ចំនួន៣៩៨នាក់ ក្នុងនោះ៣៣នាក់ជាពលករមកពីថៃ។ អ្នកជាសះស្បើយមាន៣៧៦នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាល មាន១នាក់ជាករណីនាំចូលពីបរទេស ដោយបន្តព្យាបាលនៅមជ្ឈមណ្ឌលកំចាត់រោគរបេង និងហង់សិន រីឯ២១នាក់ទៀតជាពលករពីថៃ ដោយ១៣នាក់នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ៧នាក់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និង១នាក់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕
© រក្សាសិទ្ធិដោយ thmeythmey.com