ជាតិ
សុខភាព
ជប៉ុន​ផ្តល់​ជាង​១៨​ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍​នៅ​កំពង់ចាម​
14, Jan 2021 , 7:59 am        
រូបភាព
​រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ១៨២ ០៣៥ ដុល្លារ​អាមេរិក ដល់​អង្គការ​មូលនិធិ​ជប៉ុន (PHJ) ដើម្បី​អនុវត្ត​គម្រោង «​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍ និង​បណ្តាញ​គាំទ្រ​សម្រាប់​កុមារ​ក្នុង​ខេត្តកំពង់ចាម (​ឆ្នាំ​ទី​២)»​។ កិច្ចសន្យា​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​១៣ ខែមករា ដោយ​លោក​ឯកអគ្គរាជទូត​ជប៉ុន មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ និង​លោកស្រី កា​ណា​កុ អ៊ី​ហ្ស៊ី​យ៉ាម៉ា នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ PHJ​។​

 
​គម្រោង «​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍ និង​បណ្តាញ​គាំទ្រ​សម្រាប់​កុមារ​ក្នុង​ខេត្តកំពង់ចាម​» នឹងចូលរួម​កាត់បន្ថយ​អត្រា​មរណភាព​នៃ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ និង​លើកកម្ពស់​សុខភាព​កុមារ តាមរយៈ​ការភ្ជាប់​បណ្តាញ​រវាង​បុគ្គលិក​សុខាភិបាល និង​អ្នកស្ម័គ្រចិត្ត​សុខភាព​នៅក្នុង​សហគមន៍​។​
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា គម្រោង​នេះ ក៏​រួមបញ្ចូល​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការលើកកម្ពស់​អាហារូបត្ថម្ភ​ទៅដល់​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ (VHSG) ផងដែរ​។​


 
​ឱកាស​នោះ ឯកអគ្គរាជទូត​ជប៉ុន លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​រំលឹកថា ជប៉ុន​បានចាប់ផ្តើម​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ចាប់តាំងពី​ឆ្នាំ​២០០២​មក ដើម្បី​ជួយ​ដល់​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ក្នុងប្រទេស ឬ​តំបន់​កំពុងអភិវឌ្ឍន៍​។​
 
​លោក​បាន​បន្ថែមថា រហូតមកដល់​ពេលនេះ ស្ថានទូត​ជប៉ុន បានផ្តល់​ជំនួយ​ជាង​១៣០​គម្រោង​នៅ​កម្ពុជា ដោយ​គម្រោង​នីមួយៗ រួមចំណែក​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។​


 
​ចាប់ពី​ឆ្នាំ​២០០៣​មក អង្គការ​មូលនិធិ​ជប៉ុន (People Hope Japan) ចូលរួម​ក្នុង​ការណែនាំ​បច្ចេកទេស​ដល់​បុគ្គលិក​មណ្ឌល​សុខភាព ឆ្មប​មូលដ្ឋាន ព្រមទាំង​ការអប់រំ​សម្រាប់​សហគមន៍​នីមួយៗ​។ «​ខ្ញុំ​សូម​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការចូលរួមចំណែក​ដល់​ការកសាង​ទំនាក់ទំនង​នៃ​ការជឿទុកចិត្ត​គ្នា​រវាង​មណ្ឌល​សុខភាព និង​ប្រជាជន និង​ការពារ​ការស្លាប់​របស់​មាតា និង​ទារក​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក​ឯកអគ្គរាជទូត​។​
 
​សម្រាប់​គម្រោង​ជាង​១៨​ម៉ឺន​ដុល្លារ​នេះ លោក ម៉ាសា​ហ៊ី​រ៉ូ វាយតម្លៃថា វា​នឹង​បន្ត​ពង្រឹង​បណ្តាញ​បុគ្គលិក​មណ្ឌល​សុខភាព និង​អ្នកស្ម័គ្រចិត្ត​សុខភាព​មូលដ្ឋាន កាត់បន្ថយ​ជំងឺ​ដែល​អាច​ការពារ​បាន និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ រួមទាំង​លើកកម្ពស់​ការលូតលាស់​កុមារ​ឲ្យ​សុខភាព​ល្អ​៕
 




 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com