COVID-19
ជាតិ
កម្ពុជារកឃើញអ្នកកើតកូវីដ-១៩ ចំនួន​១៣នាក់ទៀត ក្នុងនោះពលករ៨នាក់បន្ថែម
14, Jan 2021 , 7:06 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹកនេះ បាន​ប្រកាសពីករណីវិជ្ជមានកូវីដ-១៩ ចំនួន​១៣ករណីថ្មី ដែលក្នុងនោះ ៨នាក់ជាពលករមកពីថៃ និង​៥នាក់ជាអ្នកដំណើរផ្សេងទៀតពីបរទេស។



ក្នុងចំណោមពលករមកពីថៃ៨នាក់ មានស្ត្រីអាយុ២២ឆ្នាំ និង៣៨ឆ្នាំ អាសយដ្ឋាននៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប, ស្ត្រីអាយុ២៩ឆ្នាំ, បុរសអាយុ២២ឆ្នាំ, ស្ត្រីអាយុ២៣ឆ្នាំ, បុរសអាយុ២៣ឆ្នាំ, ស្ត្រីអាយុ២៦ឆ្នាំ ដែលរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគាត់មកពីថៃនៅថ្ងៃទី១១ ខែមករា ហើយត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ។

រីឯពលករម្នាក់ទៀតអាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង តេស្តលើកទី២ចំថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក ឃើញវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

៥ករណីទៀត ជាករណីនាំចូលដែលមិនមែនជាពលករមកពីថៃ។ អ្នកទាំងនោះមានស្ត្រីខ្មែរអាយុ៣៦ឆ្នាំ និងអាយុ១៧ឆ្នាំ ដែលមកពីសហរដ្ឋអាមេរិក ហើយបន្តដំណើរនៅសិង្ហបុរី, បុរសឥណ្ឌូណេស៊ីអាយុ៣៤ឆ្នាំ, ស្ត្រីឥណ្ឌូណេស៊ីអាយុ៣៦ឆ្នាំ ដែលមកពីប្រទេសខ្លួន ហើយបន្តដំណើរនៅសិង្ហបុរី ។ ចំណែកករណី១ទៀត ជាបុរសជប៉ុន ដែលមកពីជប៉ុន ហើយបន្តដំណើរនៅកូរ៉េខាងត្បូង និងមកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែមករា ដូចគ្នា។ បច្ចុប្បន្នពួកគាត់សម្រាកព្យាបាលនៅមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន។

បច្ចុប្បន្នអ្នកកើតកូវីដ-១៩នៅកម្ពុជាឡើងដល់៤១១នាក់ក្នុងនោះ៣៥នាក់ជាពលករមកពីថៃ។ អ្នកសះស្បើយឡើងដល់៣៧៧នាក់។ អ្នកកំពុងសម្រាកព្យាបាល៣៤នាក់ មាន​២០នាក់នៅពេទ្យបង្អែកបន្ទាយមានជ័យ ៦នាក់នៅប៉ៃលិន ២នាក់នៅបាត់ដំបង និង​៦នាក់នៅមណ្ឌលកំចាត់ជំងឺរបេងរាជធានីភ្នំពេញ៕



© រក្សាសិទ្ធិដោយ thmeythmey.com