ជាតិ
លោក ជា ចាន់តូ ជាប់​ជា​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នើម​ជាងគេ​ឆ្នាំ​២០២១ ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​
14, Jan 2021 , 10:53 am        
រូបភាព
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
ដោយ: រួបរួម
​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជាប់​ជា​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នើម​ជាងគេ​ឆ្នាំ​២០២១ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Central Banker of the Year, Asia-Pacific)​។ នេះ​ជា​ចំណាត់ថ្នាក់​ដែល​ផ្តល់ The Banker ភ្នាក់ងារ​ប្រមូលផ្តុំ​ទិន្នន័យ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សកលលោក ក្រោយពី​បាន​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ទទួលបាន​នាពេល​កន្លងមក​។​

 
​យោងតាម The Banker លោក ជា ចាន់តូ គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​បានល្អ​ប្រសើរ និង​បានរួម​ចំណែក​ជំរុញ​កំណើន និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច ក្នុងស្ថានភាព​ដែល​កម្ពុជា​ទទួលរង​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កាលពី​ឆ្នាំ​២០២០​កន្លងមក​។​
 
​ទោះយ៉ាងណា កម្ពុជា​បាន​រង​ផលប៉ះពាល់​ដោយសារ​ការធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ​នៃ​ចំណូល​វិស័យ​ទេសចរណ៍ និង​បានទទួល​រងគ្រោះ​ទឹកជំនន់​រយៈពេល​ខ្លី​។ ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការធ្លាក់ចុះ​និង​បញ្ហា​ប្រឈម​ទាំងនេះ ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​វិធាន​ការគាំទ្រ​មួយចំនួន​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុងនោះ​រួមមាន ការរៀបចំ​ឥណទាន​ឡើងវិញ​ដែល​បាន​ដាក់ឱ្យអនុវត្ត​កាលពី​ខែមីនា ឆ្នាំ​២០២០​កន្លងមក និង​បន្ត​អនុវត្ត​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២១​នេះ​។​
 
​ជាមួយគ្នានេះ ភ្នាក់ងារ The Banker ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩២៦ បានកត់សម្គាល់​ពី​ការជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ឌីជីថល ជាពិសេស​ដំណើរការ​នូវ​ប្រព័ន្ធ​បាគង កាលពី​ខែតុលា ឆ្នាំ​២០២០ ដែល​បានរួម​ចំណែក​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​បើកប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​របស់ខ្លួន​ជា​សាច់ប្រាក់​នៅឡើយ​។ 
 
​ក្រោម​ការដឹកនាំ​របស់​លោក ជា ចាន់តូ រូបិយវត្ថុ​ជាតិ​ក៏ត្រូវ​បាន​ជំរុញ​ឱ្យប្រើ​ប្រាស់​យ៉ាងខ្លាំង​ក្លា​ផងដែរ សំដៅ​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព និង​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជាពិសេស​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​អាមេរិក​។ នេះ​ជាការ​គូសបញ្ជាក់​របស់ The Banker​។​
 
​ជ័យលាភី Central Banker of the Year 2021 ផ្សេងទៀត រួមមាន ប្រធាន​ធនាគារកណ្តាល​ប្រេ​ស៊ី​ល លោក Roberto Campos Neto ជាប់​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នើម​ប្រចាំ​ទ្វីបអាមេរិក និង​ពិភពលោក​។ ពាន​ធនាគារកណ្តាល​ឆ្នើម​ប្រចាំ​អឺរ៉ុប បាន​ទៅលើ​លោក Stefan Ingves ទេសាភិបាល​ធនាគារកណ្តាល​ស៊ុយអែត (Sveriges Riksbank), ពាន​ធនាគារកណ្តាល​ឆ្នើម​ប្រចាំ​ម​ជ្ឈឹ​ម​បូព៌ា បាន​លើ​លោក Ahmed Al-Kholifey ទេសាភិបាល​នៃ​អាជ្ញាធរ​រូបិយ​បណ្ណ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ពាន​ធនាគារកណ្តាល​ឆ្នើម​ប្រចាំ​អាហ្វ្រិក បាន​លើ​លោក John Rwangombwa ទេសាភិបាល​នៃ​ធនាគារជាតិរ​វ៉ាន់ដា​៕
 

Tag:
 ធនាគារជាតិ​
  ជា ចាន់តូ
© រក្សាសិទ្ធិដោយ thmeythmey.com