ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការ​ភ្នំពេញ បន្ត​ជំនុំជម្រះ​លើ​ក្រុម​អ្នកប្រឆាំង​ជាង​៥០​នាក់ តែ​មិនទាន់​សម្រេច​អ្វី​ឡើយ​
14, Jan 2021 , 6:29 pm        
រូបភាព
មន្រ្តីពន្ធនាគារ ដឹកអ្នកជាប់ឃុំ ទៅតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះ មានសមាជិកអតីតគណបក្សប្រឆាំង២នាក់ គឺលោក កាក់ កុម្ភា និង លោក ហេង ច័ន្ទសុទ្ធី។ រូបពី AFP
មន្រ្តីពន្ធនាគារ ដឹកអ្នកជាប់ឃុំ ទៅតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះ មានសមាជិកអតីតគណបក្សប្រឆាំង២នាក់ គឺលោក កាក់ កុម្ភា និង លោក ហេង ច័ន្ទសុទ្ធី។ រូបពី AFP
​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ តុលាការ​ភ្នំពេញ បាន​បន្ត​បើកសវនាការ​លើ​ក្រុម​អ្នកប្រឆាំង​ជាង​៥០​នាក់ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ ប៉ុន្តែ លោក សំ សុ​គង់ មេធាវី​របស់​ពួកគេ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងចំណោម​ជាង​៥០​នាក់​នោះ មានតែ​១១​នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​សវនាការ​។


​លោក​មេធាវី សំ សុ​គង់ លើកឡើងថា ក្នុងចំណោម​កូនក្តី​១១​នាក់​របស់លោក ដែល​ទៅ​ចូលរួម​សវនាការ មាន​៩​នាក់ រស់នៅ​ក្រៅ​ឃុំ និង​២​នាក់ គឺ​លោក កាក់ កុ​ម្ភា និង លោក ហេង ច័ន្ទ​សុ​ទ្ធី កំពុង​ជាប់​។ អ្នក​ទាំង​២ ត្រូវបាន​មន្ត្រី​ពន្ធនាគារ ដឹក​ទៅកាន់​តុលាការ​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​។ 
 
​លោក​មេធាវី អះអាងថា អ្នកខ្លះ មិនបាន​ចូលរួម​សវនាការ គឺ​ដោយសារតែ​កំពុងស្ថិត​នៅឯ​ក្រៅប្រទេស ហើយ​អ្នក​ផ្សេងទៀត ដែល​កំពុង​នៅ​ស្រុក បាន​ទៅ​ចូលរួម​សវនាការ​ដែរ តែ​ត្រូវ​សមត្ថកិច្ច​ហាមឃាត់ ដោយសារតែ​ពួកគេ មិនមាន​ឯកសារ​គ្រប់គ្រាន់​។ លោក បន្តថា ក្នុង​សវនាការ លោក បានស្នើ​ឲ្យ​តុលាការ ចេញ​ដីកា​កោះហៅ ទៅ​កូនក្តី​របស់លោក​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ពួកគេ មាន​ឯកសារ​ផ្លូវច្បាប់ បង្ហាញ​សមត្ថកិច្ច ពេល​ទៅ​ចូលរួម​សវនាការ​លើក​ក្រោយ ជៀសវាង​ការហាមឃាត់​ពី​សំណាក់​សមត្ថកិច្ច​ម្តងទៀត​។ លោក មានប្រសាសន៍ថា​៖«​ខ្ញុំ ចង់​ពួកគាត់ បាន​ចូលរួម​សវនាការ​ទាំងអស់គ្នា​»​។​
 
​ក្នុងចំណោម​ពួកគេ មាន​អ្នកខ្លះ មិនមាន​ឯកសារ​ឬ​ដីកា​ជាប់​ខ្លួន គឺ​ដោយសារ​កន្លងមក តុលាការ មិនបាន​ចេញ​ដីកា ជូនទៅ​ពួកគេ​ម្នាក់ៗ​ឡើយ ដោយ​ចេញ​ដីកាអម ដែលមាន​ឈ្មោះ​ពួកគេ នៅ​រួមគ្នា​តែម្តង ដើម្បី​ជូនដំណឹង​ដល​ពួ​គេ ពី​ការបើក​សវនាការ​។ ដីកាអម ត្រូវ​សមត្ថកិច្ច យកទៅ​បិទ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អតីត​គណបក្សប្រឆាំង ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ​មានជ័យ​។ 
 
​លោក​មេធាវី បន្ថែមថា ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​នេះ ចៅក្រម បាន​សួរ​កូនក្តី​របស់លោក​តែ​២​នាក់​ប៉ុណ្ណោះ ខណៈ​៩​នាក់ មិនបាន​សួរ​ឡើយ​។ បើតាម​លោក​មេធាវី ក្រោយ​ចប់​សវនាការ ចៅក្រម មិនបាន​សម្រេច​អ្វី​ឡើយ ដោយ​គ្រាន់តែ​ប្រកាសថា សវនាការ​នេះ នឹងត្រូវ​បន្ត នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។ 
 
​លោក សម រង្ស៊ី មេដឹកនាំ​កំពូល​របស់​ក្រុមប្រឆាំង និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់លោក​៦​នាក់​ទៀត រួមមាន អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក ហូរ វ៉ាន់ លោក អ៊ុំ សំអាន និង លោក ឡុង រី ក៏​ជា​ជនជាប់ចោទ ក្នុងចំណោម​មនុស្ស​ជាង​៥០​នាក់​នោះដែរ ដែល​ត្រូវ​ចោទ​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ ពួកគាត់​ទាំង​៧​នាក់ សុទ្ធតែ​ស្ថិតនៅ​ក្រៅប្រទេស​។ 
 
​តាមពិត សំណុំរឿង​ខាងលើ មិន​មែនមាន​មនុស្ស​តែ​ជាង​៥០​នាក់​ទេ គឺមាន​ដល់​ទៅ​ជាង​១០០​នាក់ ដែល​ភាគច្រើន ជា​សមាជិក​និង​ជា​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​។ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តុលាការ​ភ្នំពេញ បាន​បើកសវនាការ​លើក​ទី​១ លើ​មនុស្ស​ជាង​១០០​នាក់​នោះ ប៉ុន្តែ មានតែ​ជាង​៣០​នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​សវនាការ ដោយ​ជិត​១០០​នាក់​ទៀត អវត្តមាន ដ្បិត​ភាគច្រើន គឺ​ពួកគេ នៅក្រៅ​ប្រទេស​។ 
 
​សវនាការ​នាកាល​នោះ តុលាការ ក៏​មិនបាន​សម្រេចសេចក្តី​អ្វី​ដែរ ដោយ​គ្រាន់តែ​ច្របាច់​សំណុំរឿង​ចូលគ្នា​ជា​២​សំណុំរឿង​។ តុលាការ កំណត់ថា សំណុំរឿង​ទី​១ មាន​មនុស្ស​ជាង​៥០​នាក់ ត្រូវ​បន្ត​សនា​ការ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ និង​សំណុំរឿង​ទី​២ មាន​មនុស្ស​ជាង​៧០​នាក់ នឹងត្រូវ​បន្ត​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​។ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ តុលាការ​ភ្នំពេញ បាន​បើក​សវន​កា​រលើ​មនុស្ស​ជាង​៥០​នាក់ តាម​ការគ្រោងទុក​មែន​។ 
 
​មនុស្ស​ជាង​១០០​នាក់​ខាងលើ ត្រូវ​ចោទ​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] និង​បទ​ញុះញង់ ដោយសារតែ​ពួកគេ បង្ហាញ​ការគាំទ្រ​គម្រោង​ធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​លោក សម រង្ស៊ី ពុំ​បានធ្វើ​មាតុភូមិ​និវត្ត​តាម​ការគ្រោងទុក​ឡើយ​។ រដ្ឋាភិបាល ចាត់ទុក គម្រោង​ធ្វើ​មាតុ​និវត្ត​របស់លោក សម រង្ស៊ី នាកាល​នោះ ថា​ដើម្បី​ធ្វើ​រដ្ឋប្រហារ​៕ 
 

Tag:
 សំ សុ​គង់​
  តុលាការ​
  សកម្មជន​ប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com