COVID-19
អន្តរជាតិ
វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm មានសុវត្ថិភាពសម្រាប់កុមារនិងក្មេងជំទង់
17, Jan 2021 , 11:29 am        
រូបភាព
ដបគំរូវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ។ រូបថត Xinhua
ដបគំរូវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ។ រូបថត Xinhua
ដោយ៖ កង ម៉េងហុង
 
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិនបានរាយការណ៍នៅថ្ងៃទី ១៥ ខែមករា ថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន CNBG ដែលជាក្រុមហ៊ុនចំណុះរបស់ Sinopharm មានសុវត្ថិភាពចំពោះអ្នកដែលមានអាយុចន្លោះពី៣ទៅ១៧ ឆ្នាំ។ នេះបើយោងតាមទិន្នន័យនៃការសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុន។

 
មកដល់ពេលនេះ ក្រុមហ៊ុន CNBG មានវ៉ាក់សាំងកូវីដ- ១៩ ចំនួន ២ នៅក្នុងការសាកល្បងដំណាក់កាលទី៣ ដែលត្រូវបានអនុញ្ញាតិអោយប្រើប្រាស់ជាបន្ទាន់ ហើយត្រូវបានផ្តល់អោយក្រុមអាទិភាពដែលប្រឈមនឹងការឆ្លងខ្ពស់។ ចំណែកប្រសិទ្ធភាពរបស់វា មានជិត៨០ភាគរយ។ 
 
លើសពីនេះ វ៉ាក់សាំងរបស់ CNBG ក៏មានសុវត្ថិភាពសម្រាប់កុមារអាយុបីឆ្នាំដល់មនុស្សជំទង់១៧ឆ្នាំដែរ។ នេះបើតាមការបញ្ជាក់របស់លោក Yang Xiaoming ប្រធានក្រុមហ៊ុន CNBG ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ដោយផ្អែកលើទិន្នន័យនៃការសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុន។ 
 
យ៉ាងណាមិញ លោក Yang អះអាងថា ចំពោះកុមារអាយុពី៣ទៅ៥ឆ្នាំ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅតែមានការអភិវឌ្ឍនៅឡើយ ពួកគេត្រូវតែទទួលបានការត្រួតពិនិត្យនិងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងពេលចាក់វ៉ាក់សាំង ។ លោក Yang មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេចំពោះការណែនាំនេះ។ គេក៏មិនទាន់ដឹងច្បាស់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន CNBG មួយណាដែលលោក Yang លើកឡើងដែរ។
 
វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន CNBG ជាវ៉ាក់សាំងដំបូងរបស់ចិនដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈនៅចុងខែធ្នូកន្លងទៅ។ 
 
សូមបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងរបស់ចិនបានចាប់ផ្តើមនៅក្នុងខែកក្កដាមកម្ល៉េះសម្រាប់ការប្រើប្រាស់ជាបន្ទាន់។ កម្មវិធីនេះត្រូវបានពង្រីកបន្ថែមនៅក្នុងខែធ្នូ ដើម្បីរួមបញ្ចូលក្រុមអាទិភាពបន្ថែមទៀត ប៉ុន្តែមិនទាន់គ្របដណ្តប់លើមនុស្សដែលមានអាយុក្រោម១៨ឆ្នាំ និងចាស់ជាង៥៩ឆ្នាំឡើយដោយសារតែទិន្នន័យនៃការសាកល្បងមិនគ្រប់គ្រាន់។
 
ក្រៅពីវ៉ាក់សាំងរបស់ Sinopharm វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech មួយទៀត ក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ផងដែរ។ ជាមួយគ្នានេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac និង ក្រុមហ៊ុន CanSino Biologics ក៏កំពុងត្រូវបានធ្វើតេស្តលើកុមារ និង ក្មេងជំទង់ដូចគ្នា។ ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងរបស់លោកខាងលិចរួមមានក្រុមហ៊ុន Pfizer និង Moderna ក៏បានបញ្ចូលក្មេងៗអាយុក្រោម ១២ ឆ្នាំនៅក្នុងការសាកល្បងព្យាបាលរបស់ពួកគេដែរ។
 

© រក្សាសិទ្ធិដោយ thmeythmey.com