COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលស្រីលង្កាដែលជឿលើមន្តអាគមថា អាចទប់ទល់កូវីដ-១៩ តេស្តវិជ្ជមាន
23, Jan 2021 , 7:39 pm        
រូបភាព
លោកស្រី  Pavithra Wanniarachchi
លោកស្រី Pavithra Wanniarachchi
រដ្ឋមន្រ្តីសុខាភិបាលស្រីលង្កា លោកស្រី Pavithra Wanniarachchi ដែលមានជំនឿលើមន្តអាគម និងគ្រូអាគម ក្នុងការទប់ស្កាត់កូវីដ-១៩ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមាននៃកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់មន្រ្តីសុខាភិបាលម្នាក់ នៅថ្ងៃទី២៣ ខែមករា។



លោកស្រីPavithra Wanniarachchi គឺជារដ្ឋមន្រ្តីមួយរូប ដែលជឿលើអបិយជំនឿយ៉ាងខ្លាំង ដោយយល់ថា វាអាចទប់ស្កាត់កូវីដ-១៩ បាន។ កន្លងមក លោកស្រីថែមទាំងបានគោរពប្រតិបត្តិជាសាធារណៈលើដបមន្តអាគម ដែលផ្សំឡើងពីទឹកឃ្មុំ និងផ្លែចន្ទន៍គ្រឹះស្នា ដោយមានជំនឿថា វាអាចទប់ស្កាត់ និងប្រឆាំងជាមួយកូរ៉ូណាវីរុសបានមួយជីវិត។ នៅក្នុងខែវិច្ឆិកាកន្លងទៅ លោកស្រីបានចាក់ទឹកប្រសិទ្ធីចូលទៅក្នុងទន្លេថែមទៀត តាមការណែនាំរបស់គ្រូមន្តអាគមមួយរូប ដែលថា វាអាចបញ្ចប់ជំងឺឆ្លងសកល។

យ៉ាងណាមិញ មន្រ្តីសុខាភិបាលស្រីលង្កាម្នាក់ បានអះអាងថា លោកស្រីរដ្ឋមន្រ្តីសុខាភិបាល ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមាននៅថ្ងៃទី២២ ខែមករា បន្ទាប់មកលោកស្រី ត្រូវបានស្នើឲ្យដាក់ដាច់ដោយឡែក។ ចំណែកអ្នកពាក់ព័ន្ធនឹងលោកស្រីទាំងអស់ ត្រូវដាក់ចត្តាឡីស័ក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

បន្ទាប់ពីលោកស្រីរដ្ឋមន្រ្តីមានផ្ទុកកូវីដ-១៩ ស្រីលង្កា ក៏បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ លើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ផងដែរ។

ប្រជាជនស្រីលង្កាភាគច្រើន ជឿលើអបិយជំនឿ ដោយសង្ឃឹមថា វាអាចទប់ស្កាត់កូវីដ-១៩ បាន។ នៅចុងឆ្នាំ២០២០ កន្លងទៅ ប្រជាជនស្រីលង្កាជាច្រើនពាន់នាក់ បានទៅយកដបទឹកមន្តអាគម ដែលផ្សំដោយជាងឈើម្នាក់ឈ្មោះ Dhammika Bandara ទាំងបំពានបម្រាមរឹតត្បិត ក្នុងការជួបប្រជុំ។ ក្រុមគ្រួសារអ្នកនយោបាយស្រីលង្កាមួយមួយរូប បានឆ្លងកូវីដ-១៩ បន្ទាប់ពីទៅយកដបទឹកអាគមទប់ស្កាត់កូវីដ-១៩ នោះ ។

ចំណែក លោកវេជ្ជបណ្ឌិតជាច្រើនរបស់ស្រីលង្កា បានអះអាងថា វាគ្មានមូលដ្ឋានវិទ្យាសាស្រ្តណាមួយ ដែលបង្ហាញថា ដបមន្តអាគមទាំងនោះ អាចទប់ស្កាត់កូវីដ-១៩ បាន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមករា ស្រីលង្កា មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៥៦៨៦៣ករណី និងអ្នកស្លាប់មានចំនួន ២៧៨នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤៨៦១៧នាក់៕


Tag:
 ស្រីលង្កា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com