ជាតិ
សេដ្ឋកិច្ច
ចិន ប្រកាស​ទិញ​អង្ករ​កម្ពុជា ច្រើនជាង​មុន​លើស​ទ្វេដង​
22, Jan 2019 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ ស្របពេល​កម្ពុជា​និង​សហភាព​អឺរ៉ុប ហាក់​ល្អក់កករ​ជាមួយគ្នា​បន្តិច ពី​រឿង​សហភាព​អឺរ៉ុប សម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា ចិន​ដែលជា​ប្រទេស​មហាអំណាច​ទី​២​ផ្នែក​សេដ្ឋកិច្ច ក៏​ប្រកាស​ជួយ​ទិញ​អង្ករ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនជាង​មុន​។ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន បាន​ប្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់មាត់​ថា ចិន នឹង​នាំចូល​អង្ករ​៤០​ម៉ឺន​តោន ពី​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​។


 
​ក្នុងជំនួប​កំពូល​ជាមួយ​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​២១​មករា លោក ស៊ី ជិន​ពីង បាន​អះអាង​ទៀតថា  ចិន នឹង​ប្រឹងប្រែង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន ឲ្យ​កើន​ឡើងដល់​១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣ ខណៈ​បច្ចុប្បន្ន ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​កើន​ឡើងដល់ ៥,៦​ពាន់​លាន​ដុល្លារ​។​
 
​សំណេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​សរសេរ​ពីស​ម្តី​របស់លោក ស៊ី ជិន​ពីង ថា ក្រៅពី​ការដោះដូរ​ពាណិជ្ជកម្ម និង​ការ​នាំចូល​អង្ករ ចិន ថែមទាំង​ផ្តល់​ជំនួយឥតសំណង​ជិត​៦០០​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា រយៈពេល​៣​ឆ្នាំ ពី​ឆ្នាំ​២០១៩ ដល់ ២០២១​។​


ជំនួបកំពូលទេ្វភាគី រវាង សម្តេច ហ៊ុន សែន ជាមួយនឹង លោក ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី២១ មករា ឆ្នាំ២០១៩ (រូបភាពបានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន)
 
​កាលពី​ឆ្នាំ​២០១៨ ចិន ជា​អតិថិជន​ទី​២ បន្ទាប់ពី​សហភាព​អឺរ៉ុប ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើនជាងគេ ដែលមាន​ជាង​១៧​ម៉ឺន​តោន​។ ដូច្នេះ ការនាំ​អង្ករ​កម្ពុជា ចូលទៅ​ចិន ក្នុង​ឆ្នាំ​២០១៩​នេះ ត្រូវ​កើនឡើង​លើសពី​ទ្វេដង​ឯណោះ​។​
 
​ក្នុង​ឆ្នាំ​២០១៨​ដដែល កម្ពុជា បាន​នាំ​អង្ករ​ជិត​២៧​ម៉ឺន​តោន ទៅកាន់​២៦​ប្រទេស​នៃ​សហភាព​អឺរ៉ុប ដោយ​មិន​បង់ពន្ធ​។ ប៉ុន្តែ រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា គឺ​ចាប់ពី​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២១ ការ​នាំចូល​អង្ករ​ពី​កម្ពុជា ត្រូវបាន​សហភាព​អឺរ៉ុប សម្រេចយក​ពន្ធគយ​ឡើងវិញ ដោយ​អត្រា​ជិត​២០០​ដុល្លារ ក្នុង​១​តោន នៅ​ឆ្នាំ​ទី​១ និង​ធ្លាក់​ចុះមក​នៅត្រឹម​ជាង​១៧០​ដុល្លារ  នៅ​ឆ្នាំ​ទី​២ ហើយ​បន្ត​ធា្ល​ក់​ចុះ​នៅ​ជាង​១៤១​ដុល្លារ នៅ​ឆ្នាំ​ទី​៣​។  
 
​ការយកពន្ធ​លើ​អង្ករ​កម្ពុជា​ឡើងវិញ​នេះ ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩​ទៅ​៕
 
អត្ថបទទាក់ទង
 
 
 

Tag:
 អង្ករ​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com