ជាតិ
បច្ចេកទេសផ្សាំមែកក្រូចឆ្មារ ដើម្បីទទួលបានទិន្នផលខ្ពស់
28, Feb 2021 , 10:59 pm        
រូបភាព
ដោយ:
ក្រូចឆ្មារ ត្រូវបានចាត់ទុកជាគ្រឿងផ្សំមួយប្រភេទសម្រាប់បន្ថែមរសជាតិម្ហូបអាហារ។ វាសម្បូរដោយវីតាមីនសេ ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ហើយគេក៏អាចយកក្រូចឆ្មារទៅធ្វើជាភេសជ្ជៈទទួលទានផងដែរ។ បច្ចុប្បន្ននៅកម្ពុជាការផ្គត់ផ្គង់ក្រូចឆ្មារ ហាក់មិនទាន់សមស្របតាមតម្រូវការនៅឡើយទេ ព្រោះកសិករមួយចំនួននៅមិនទាន់យល់ច្បាស់ពីបច្ចេកទេសដាំដុះ ដូចជាការរៀបចំដី ការជ្រើសពូជ ការដាំដុះ និងការថែទាំនៅឡើយ។

 
 
ដើម្បីផ្ដល់នូវចំណេះដឹងដល់កសិករដែលមានបំណងដាំដុះក្រូចឆ្មារ ថ្ងៃនេះសារព័ត៌មានThmeyThmey25 សូមលើកយកបច្ចេកទេសដាំដុះដំណាំក្រូចឆ្មារ ពីសៀវភៅបច្ចេកទេសកសិកម្មរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នូវគន្លឹះមួយចំនួនដើម្បីចែករំលែកដល់បងប្អូនកសិករ។
 
«ក្រូចឆ្មារ»ជាប្រភេទរុក្ខជាតិម្យ៉ាង ដែលទាមទារអាកាសធាតុ ទឹក ដី សមស្របដូចជាដីស្រទាប់ទីមួយមានលក្ខណៈធូរ មានជីជាតិគ្រប់គ្រាន់ និងតំបន់មានភ្លៀងធ្លាក់ច្រើន។ សម្រាប់កម្ពុជា ក្រូចឆ្មារភាគច្រើនត្រូវបានដាំដុះនៅតាមតំបន់ដីទួលតាមដងទន្លេ និងតំបន់ខ្ពង់រាប ដូចជាខេត្តបាត់ដំបង កំពង់ចាម ក្រចេះ កណ្ដាល និងព្រៃវែង។
 
ការដាំក្រូចឆ្មារមានវិធីសាស្រ្ត៣យ៉ាង៖ ការបណ្ដុះគ្រាប់ ការបំបៅមែក និងការផ្សាំមែក។ ក្នុងចំណោមវិធីសាស្រ្តទាំង៣ ការដាំដោយផ្សាំមែកអាចផ្ដល់ទិន្នផលខ្ពស់ជាងគេ ហើយវិធីនេះកសិករកម្ពុជានិយមដាំជាងគេ។ ការផ្សាំមែក ឬតមែកក្រូចឆ្មារគេច្រើនធ្វើនៅរដូវវស្សា ព្រោះរដូវនេះមានភ្លៀងធ្លាក់គ្រប់គ្រាន់និងជាអំឡុងពេលរុក្ខជាតិកំពុងលូតលាស់។


 
សម្រាប់ការជ្រើសរើសមែកសាក ត្រូវពិនិត្យមើលលក្ខណៈចម្ការ និងដើមពូជដែលមិនមានជំងឺ ដែលមានសុខភាពល្អជាងដើមដទៃ មិនមានការបំផ្លាញពីសត្វល្អិត និងមានផ្លែច្រើន។ គួរចៀរមែកបំពង់ត្រង់ទ្រេតកុំឲ្យចុងមែកសំយ៉ុងចុះមកដី។ ត្រូវជ្រើសរើសមែកដែលមិនមានលក្ខណៈចាស់ពេក ឬខ្ចីពេក(អាយុយ៉ាងតិច១ឆ្នាំ)។ ដោយឡែកសម្ភារសម្រាប់សាកមែកមានដូចជា កាំបិតដែលមុតមិនមានមេរោគ កម្ទេចស្រកីដូង ថង់ប្លាស្ទិក និងខ្សែចង។
 
វិធីសាស្រ្តសាកមែកក្រូចឆ្មារ ដំបូងត្រូវជ្រើសមែកក្រូច បន្ទាប់មកត្រូវចៀរសម្បកផ្សាំ រួចចងស្បោងកម្ទេចស្រកីដូងជាមួយមែកផ្សាំ។  បន្ទាប់ពីផ្សាំមែកបាន១ខែឬសនឹងដុះ ពេលណាឃើញឬសឡើងពណ៌ត្នោតចាស់ និងមានឫសសបែកចេញក្រៅអាចកាត់យកទៅដាំបាន និងត្រូវកាត់នៅពេលល្ងាច។ 
 
ការដាំមែកសាក៖ ត្រូវភ្ជួរដីយ៉ាងតិច២ដងមុនពេលដាំ និងត្រូវជីករណ្ដៅពីកន្លះម៉ែត្រទៅ១ម៉ែត្រ។ អាចយកលាមកគោលាយជាមួយដី ដើម្បីចាក់ក្នុងរណ្ដៅសម្រាប់ដាំក្រូចឆ្មារ។ បន្ទាប់មកត្រូវយកមែកសាកក្រូចឆ្មារដាំឲ្យចំកណ្ដាលរណ្ដៅ លុបដីផ្នែកខាងលើត្រឹមមែកផ្សាំហើយសង្កត់ឲ្យណែន។ បន្ទាប់ពីដាំរួចអាចយកមែកឈើមកបាំងក្រូចឆ្មារដើម្បីកាត់បន្ថយកំដៅថ្ងៃ និងលូតលាស់បានល្អ។
 


ការថែទាំ៖ ដើម្បីឲ្យការដាំក្រូចឆ្មារឆាប់ទទួលបានផល ត្រូវផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់ ត្រូវឧស្សាហ៍បោចស្មៅ និងតាមដានសត្វល្អិតដែលបំផ្លាញដំណាំក្រូចឆ្មារ។ ត្រូវផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់លើដំណាំក្រូចឆ្មារប៉ុន្តែមិនត្រូវស្រោចលើសកម្រិតនោះទេអំឡុងក្រូចឆ្មារចេញផ្កា។
 
ជាធម្មតាដំណាំក្រូចឆ្មារដែលដាំដោយផ្សាំមែក ក្នុងរយៈពេលជិត១ឆ្នាំអាចទទួលផលបានដោយអាស្រ័យលើពូជ។ ក្រៅពីជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារ ក្រូចឆ្មារក៏អាចប្រើជាឱសថសម្រាប់ព្យាបាលជំងឺឈាមជើងធ្មេញផងដែរ៕
 

Tag:
 ក្រូចឆ្មារ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com